ជាតិ
លោក ហ៊ុន ម៉ានី ៖ សូមកុំមើលស្រាលទឹកចិត្តពលរដ្ឋ ដែលចូលរួមបត់បេះដូងក្រដាស
11, Apr 2023 , 6:02 pm        
រូបភាព
ថ្លែងក្នុងបំបែកកំណត់ត្រា «បេះដូងច្រើនជាងគេលើពិភពលោក» របស់ Guinness World Records នារសៀលថ្ងសទី១១ មេសានេះ លោក ហ៊ុន ម៉ានី ស្នើឱ្យសាធារណជនកុំមើលស្រាល នូវទឹកចិត្តពលរដ្ឋ ដែលចូលរួមបត់បេះដូងក្រដាសនេះ។



លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា សកម្មភាពបត់បេះដូងក្រដាសនេះ បង្ហាញពីការគាំទ្រ និងលះបង់ពេលវេលារបស់ពលរដ្ឋ ដើម្បីប្រទេសជាតិ។ «បេះដូងមួយនេះ បើយើងមើលទៅដូចជាក្រដាសតូចមួយ ក៏ប៉ុន្តែអ្នកដែលលះបង់ពេលវេលាខ្លួនឯង ឆន្ទៈ និងទឹកចិត្តក្នុងការបត់ គឺវាមានលក្ខណៈធំធេងណាស់។ សូមកុំមើលស្រាលទៅលើទឹកចិត្តរបស់បងប្អូនទាំងអស់ ដែលបានចូលរួមបត់បេះដូង»។ នេះជាការលើកឡើងរបស់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។


 
កម្ពុជា បានបំបែកកំណត់ត្រា «បេះដូងច្រើនជាងគេលើពិភពលោក» របស់ Guinness World Records។ កម្ពុជា បត់បេះដូងក្រដាស ៣៩១៧៨០៥បេះដូង ដែលបានបំបែកកំណត់ចាស់របស់ប្រទេសអង់គ្លេស។ តំណាងGuinness World Records បានប្រគល់លិខិតទទួលមកកាន់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១១ មេសានេះ។
 
គួរបញ្ជាក់ថា ម្ចាស់កំណត់ត្រាបេះដូងក្រដាស (Largest display of origami hearts) កាន់កាប់ដោយគម្រោង Paper Hearts Project ក្រុង Chatham ចក្រភពអង់គ្លេស។ គម្រោងនេះ សម្រេចបានកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់ក្រុមនិស្សិតផ្នែកវិទ្យាសាស្ត្រកីឡា និងលំហាត់ប្រាណ នៃសាកលវិទ្យាល័យ Kent។ 
 
បើតាម Guinness World Records អ្នកចូលរួមបត់បេះដូង គឺពលរដ្ឋរាប់ពាន់នាក់ពីសហគមន៍ជាង៤០នៅតំបន់ Medway និង Kent។ ចំនួន​ក្រដាសដែលបត់ជាបេះដូងមានចំនួន​៥៣ ៧០៤។
 

Tag:
 សង្ក្រាន្ត
  ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com