កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Man City ឈ្នះ Bayern Munich ៣-០ តែ Guardiola មិនទាន់ស្រួលចិត្តនៅឡើយ
12, Apr 2023 , 10:49 am        
រូបភាព
ក្រុម Manchester City បានយកឈ្នះ Bayern Munich ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ UEFA Champions League នៅថ្ងៃទី១១ ខែមេសា។ លោក Pep Guardiola អ្នកចាត់ការ Man City ភ្ញាក់ផ្អើលនឹងជ័យជម្នះនេះ ប៉ុន្តែមិនទាន់ស្រួលចិត្តនៅឡើយទេ ដ្បិតត្រូវរង់ចាំលទ្ធផលជើងទី២នៅទឹកដី Bayern Munich។



នាជំនួបជើងទី១នៅ Etihad ម្ចាស់ផ្ទះ Man City ពិតជាបានបង្ហាញភាពខ្លាំងរបស់ខ្លួនតាមរយៈទម្រង់លេងស៊ីចង្វាក់គ្នាដើម្បីសម្រេចគ្រាប់បាល់ដល់ទៅ៣គ្រាប់ និងគ្មានរបូតមួយគ្រាប់សោះទោះប៉ះក្រុមខ្លាំងដូចជា Bayern Munich នេះ។
 
គ្រាប់បាល់ទី១ធ្វើបានដោយ Rodri នៅនាទី២៧ Bernardo Silva នៅនាទី៧០ និង Erling Haaland នៅនាទី៧៦ ដែលគ្រាប់បាល់ទាំងអស់កើតចេញពីការសហការគ្នាដ៏ល្អរបស់កូនក្រុមលោក Guardiola។ ចប់ការប្រកួតជើងទី១ Man City ឈ្នះក្រុមយក្សអាល្លឺម៉ង់ ៣-០។
 
លោក Guardiola ភ្ញាក់ផ្អើលនឹងជ័ជម្នះនេះយ៉ាងខ្លាំង ក៏ប៉ុន្តែអ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះ នៅតែបង្ហាញក្តីបារម្ភ ដ្បិតត្រូវឆ្លងកាត់ជំនួបជើងទី២នៅ Allianz Arena របស់ Bayern Munich ដែលជាអតីតក្រុមចាស់របស់ខ្លួន។
 
«ខ្ញុំនៅមិនទាន់គេងលក់ស្រួលទេ រហូតពួកយើងឆ្លងកាត់ការប្រកួតនៅ Allianz Arena នៅថ្ងៃពុធសប្តាហ៍ក្រោយ។ ដើម្បីទម្លាក់ក្រុមយក្សអាល្លឺម៉ង់នេះ អ្នកត្រូវតែមានការប្រកួតល្អចំនួនពីរ មិនមែនតែមួយលើកនោះទេ»។ នេះជាការលើកឡើងរបស់ Guardiola ដែលធ្លាប់ដឹកនាំ Bayern Munich ៣រដូវកាល។
 
Bayern Munich ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Thomas Tuchel នឹងត្រូវទទួលក្រុម Man City របស់លោក Guardiola សម្រាប់ជំនួបជើងទី២ វគ្គ១/៤ផ្តាច់ព្រ័ត្រក្របខណ្ឌអឺរ៉ុបរដូវកាល ២០២-២៣ នៅថ្ងៃទី២០ ខែមេសា។
 
សម្រាប់ជំនួបមួយគូទៀត ក្រុមភ្ញៀវ Inter Milan បានយកឈ្នះ Benfica ក្នុងលទ្ធផល ២-០ នៅជើងទី១ វគ្គ៨ក្រុមចុងក្រោយនេះ៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com