ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ចូលមក​ដល់​នា​វេលាម៉ោង​៤រសៀលថ្ងៃសុក្រ​នេះ
14, Apr 2023 , 8:00 am        
រូបភាព
ដោយ: រួបរួម
វេលាម៉ោង​៤ ថ្ងៃសុក្រ​ ៩រោច ខែចេត្រ​ ពុទ្ធសករាជ​២៥៦៦ ត្រូវនឹង​ថ្ងៃទី១៤ ខែ​មេសា ឆ្នាំ២០២៣ នេះ ជាថ្ងៃចូល​ឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ​​ថោះ បញ្ចស័ក។ នេះបើតាម​សៀវភៅ​មហាសង្ក្រាន្ត ដែល​រៀបរៀងដោយ លោក អ៊ឹម បុរិន្ទ អ្នក​ស្រាវជ្រាវ​វិជ្ជាហោរាសាស្ត្រខ្មែរ ចិន សកល និងជានាយក​នៃគណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណីទំនៀម​ទម្លាប់ខ្មែរ។

 
សម្រាប់​ឆ្នាំថ្មី ឆ្នាំថោះនេះ មគ្គ​នាយិកា គឺ​ព្រះនាង កិមិរាទេវី រាជបុត្រីទី៦ នៃកបិល​មហាព្រហ្ម ដែល​ត្រូវ​មក​គ្រប់គ្រង​ផែន​ដី ជម្ពូទ្វីប។ តាម​ក្បួន​តម្រា​ ព្រះនាង​ទ្រង់អម្ពរពណ៌សេត (ស) លម្អ​នៅព្រះកាណ៌ដោយ​សៀត​ផ្កាចង្កុលណី ព្រះហស្ត​ស្តាំទ្រង់ព្រះខ័ន្ធ ព្រះហស្ត​ឆ្វេងទ្រង់ពិណ ដោយគង់​លើអង្គុតពាក់ឆៀងបើព្រះនេត្រនៅ​លើ​ខ្នង​មហឹង្សា (ក្របី) ដែល​ជាយាន​ពាហនៈ។
 
ព្រះនាង កិមិរាទេវី ទទួលតំណែង​បន្តព្រះនាង កិរិណីទេវី។ បើតាម​ក្បួនហោរា​របស់​លោក អ៊ឹម បុរិន្ទ ទេវតាឆ្នាំនេះ សោយ ចេកណាំវ៉ា ដែល​ជា​ភក្សាហារ ត្រូវបាន​​កំណត់​តាំងពីបុរាណរៀងមក។
 
ថ្ងៃចូលឆ្នាំ​ ជាថ្ងៃ​វារៈមហាសង្រ្កាន្ត បន្ទាប់​មក​នៅ​​ថ្ងៃសៅរ៍ ១០រោច ខែ​ចេត្រ ត្រូវនឹង​ថ្ងៃទី​១៥ មេសា ជាវារៈវ័នបត ខណៈថ្ងៃអាទិត្យ​១១រោច នា​វេលាយប់ម៉ោង​៨ ២នាទី និង​២៤​វិនាទី ជា​វារៈឡើង​ស័ក គម្រប់​ជាសង្ក្រាន្ត​៣ថ្ងៃស្រេច​បរិបូរណ៍ ដោយ​ចូល​ជាសកល​ឆ្នាំ​ថោះ បញ្ចស័ក មហាសករាជ១៩៤៥ ចុល្លសករាជ ១៣៨៥​តទៅ។
 
លោក អ៊ឹម បុរិន្ទ ដែល​សរសេរ​សៀវភៅ​ក្បួនហោរាសាស្ត្រ មហាសង្ក្រាន្ត តាំងពី​ឆ្នាំ​១៩៩៤ មក បានណែនាំ​ដល់ពល​រដ្ឋប្រុសស្រី រៀបចំគ្រឿងសក្ការបូជា អុជប្រទីបជា្វលា​ ថ្វាយព្រះរតនត្រ័យ ​លះបង់ចិត្តអាក្រក់ គំនុំគំកួន ព្យាបាទ ឈ្នានីស ហើយ​តាំង​ចិត្ត​ប្រព្រឹត្ត​ល្អ​ប្រកបដោយ​ករុណា មុទិតា ឧបេក្ខា និងបញ្ញា៕ 
 

Tag:
 ចូល​ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com