ជាតិ
កម្មវិធីសង្រ្កាន្ត ជាចំណែកធំក្នុងការអភិរក្សល្បែងប្រជាប្រិយខ្មែរសម្រាប់ក្មេងជំនាន់ក្រោយ
13, Apr 2023 , 7:19 pm        
រូបភាព
ភ្នំពេញ៖ សង្រ្កាន្ត កំពុងក្លាយជាកម្មវិធីដ៏ពេញនិយមមួយសម្រាប់ពលរដ្ឋកម្ពុជា សម្រាប់អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ទីរួមខេត្ត សាលារៀន ភូមិឃុំ និងតំបន់រមណីយដ្ឋាននានា បានរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត ដើម្បីបង្កបរិយារីករាយតាមរយៈ ការសម្តែងទស្សនីយភាពសិល្បៈបុរាណ​ រាំលេងកម្សាន្ត រួមទាំង ការលេងល្បែងប្រជាប្រិយ។ ការណ៍នេះ បានរួមចំណែកយ៉ាងខ្លាំងក្នុងការអភិរក្សល្បែងប្រជាប្រិយខ្មែរ ដ្បិតសម័យកាលមានការផ្លាស់ប្តូរ យុវជនជំនាន់ថ្មីមិនសូវបានដឹង និងស្គាល់ឡើយ។

 
 
ក្នុងឆ្នាំ២០២៣ ការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តតាមតំបន់នានា កាន់តែផុសផុលស្ទើរគ្រប់ទីកន្លែង ដើម្បីជួបជុំញាតិមិត្តជិតឆ្ងាយអបអរឆ្នាំថ្មីប្រណីជាតិខ្មែរ។ មិនថាតាមវត្តអារាម ភូមិស្រុក វិទ្យាល័យ ឬសាកលវិទ្យាល័យធំៗ និងស្ថាប័នតូចធំ សុទ្ធតែមានរៀបចំកម្មវិធីនេះឡើង ដោយមានលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ការសម្តែងសិល្បៈបុរាណនិងសម័យ រួមទាំងការរាំលេងកម្សាន្តផងដែរ។


លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ចូលរួមកម្មវិធីសង្រ្កាន្តវិទ្យាល័យ។ រូបភាពពី៖ លោក សារិ ពុទ្ធិរិទ្ធ
 
កម្មវិធីសង្រ្កាន្ត​​​​ធំ ដំបូងបង្អស់នៅកម្ពុជា ត្រូវបានរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា​ដែលមានលោក ហ៊ុន ម៉ានី ជាប្រធាន។ ព្រឹត្តិការណ៍វប្បធម៌នេះហៅថា អង្គរសង្រ្កាន្ត ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ក្នុងទឹកដីខេត្តសៀមរាប ដោយមានការគាំទ្រពីក្រសួងវប្បធម៌ ក្រសួងធម្មការ ក្រសួងអប់រំ ក្រសួងទេសចរណ៍ អាជ្ញាធរខេត្តសៀម រួមទាំងកម្លាំងយុវជនស្ម័គ្រចិត្តរាប់ពាន់នាក់។


 លោកគ្រូ ពិន ប៊ុនថង អ្នករៀបចំកម្មវិធីសង្រ្កាន្តវិទ្យាល័យសុខអានត្រាំខ្នារ។ រូបភាពពី៖ លោក ពិន ប៊ុនថង

ព្រឹត្តិការណ៍នេះ មានការចូលរួមជាច្រើនពីសំណាក់ពលរដ្ឋខ្មែរគ្រប់ទិសទី ដ្បិត អង្គរសង្រ្កាន្ត ពោរពេញទៅដោយល្បែងកម្សាន្តប្រជាប្រិយខ្មែរ ដូចជា ទាញព្រ័ត្រ លាក់កន្សែង បោះអង្គញ់ ចោលឈូង ស្តេចចង់ និងលោតអន្ទាក់ជាដើម។ ទន្ទឹមនោះ ក៏មានការសម្តែងទស្សនីយសិល្បៈបុរាណ របាំបុរាណ គុនល្បុក្កតោ រួមទាំងល្បែងអុកចក្រត្រង្គ។ បើតាមសៀវភៅ ក្តីសង្ឃឹម ហ៊ុន ម៉ានី ដែលលើកឡើងពីប្រវត្តិនៃការផ្តួចផ្តើមព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានលើកឡើងថា៖«អង្គរសង្រ្កាន្ត គឺជាបរិយាកាសនៃសាមគ្គីភាព។ វាគឺជាការបំផុសនៃជួបជុំអបអរសាទរក្នុងលក្ខណៈគ្រួសារខ្មែរ»។


លោក សារិ ពុទ្ធិរិទ្ធ អ្នករៀបចំកម្មវិធីសង្រ្កាន្តវិទ្យាល័យ។ រូបភាពពី៖ លោក សារិ ពុទ្ធិរិទ្ធ 
 
អង្គរសង្រ្កាន្ត បានជះឥទ្ធិពលយ៉ាងខ្លាំងដល់តំបន់នានា ឱ្យមានការរៀបចំកម្មវិធីសង្រ្កាន្ត ដ្បិតកម្មវិធីនេះបានញុំាងឱ្យមានការជួបជុំ និងមានភាពរីករាយសម្រាប់ពលរដ្ឋក្នុងតំបន់។ ជាក់ស្តែង ព្រឹត្តិការណ៍សង្រ្កាន្តវិទ្យាល័យ ត្រូវបានប្រារព្ធឡើងតាមលំនាំនៃអង្គរសង្រ្កាន្តនេះដែរ។ 


ការលេងវាយក្អម នៅសង្រ្កាន្តវិទ្យាល័យជម្ពូវ័ន។ រូបភាពពី៖ លោក សារិ ពុទ្ធិរិទ្ធ 
 
បើតាមលោក សារិ ពុទ្ធិរិទ្ធ អ្នករៀបចំព្រឹត្តិការណ៍សង្រ្កាន្ត បានប្រាប់សារព័ត៌មានថ្មីៗថា៖« កាលមិនទាន់ព្រឹត្តិការណ៍សង្រ្កាន្តវិទ្យាល័យ គឺមានត្រឹមតែកម្មវិធីបុណ្យផ្កាសាមគ្គីប៉ុណ្ណោះ។ យើងព្យាយាមរៀបចំព្រឹត្តិការណ៍សង្រ្កាន្តមួយ ដែលស្ថិតនៅក្នុងកម្រិតក្របខ័ណនៃវប្បធម៌ ដោយមិនឳ្យមានការលេងទឹក ប៉ាតម្សៅ និងការស្លៀកពាក់មិនសមរម្យឡើយ។ យើងមិន​មែនអភិរក្សថា ត្រូវតែប្រកាន់ភ្ជាប់ប្រពៃណីទេ ប៉ុន្តែកម្មវិធីយើងផ្តោតខ្លាំងទៅលើវប្បធម៌ប្រពៃណី អ៊ីចឹង អ្នកចូលរួមក៏ត្រូវស្ថិតក្នុងក្របខ័ណវប្បធម៌ប្រណី»។ 


ការលេងលោតបាវ នៅសង្រ្កាន្តវិទ្យាល័យសុខអានត្រាំខ្នារនាឆ្នាំ២០២២។ រូបភាពពី៖ លោក ពិន ប៊ុនថង 
សង្រ្កាន្តវិទ្យាល័យ ជាព្រឹត្តិការណ៍មួយដែលចល័តខ្លួនទៅតាមសាលាផ្សេងៗនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។ ក្នុងឆ្នាំទី៥នេះ សង្រ្កាន្តវិទ្យាល័យ បានរៀបចំនៅទីតាំងវិទ្យាល័យជម្ពូវ័ន នៅថ្ងៃទី ១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍នេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្ស​ល្បែងកម្សាន្តប្រជាប្រិយខ្មែរឱ្យយុវជនជំនាន់ក្រោយ បានស្គាល់ និងដឹងពីរបៀបលេង។ លើសពីនេះ ក៏បាននាំចិត្តឱ្យអតីតសិស្សមកជួបជុំគ្នា និងជួបជាមួយលោកគ្រូអ្នកគ្រូផងដែរ។
 
មុនពេលមានព្រឹត្តិការណ៍សង្រ្កាន្តវិទ្យាល័យ លោក ពុទ្ធិរិទ្ធ សង្កេតឃើញថា សិស្សានុសិស្ស កម្របបួលគ្នាលេងល្បែងប្រជាប្រិយខ្មែរណាស់។ប៉ុន្តែនៅពេលក្រុមការងារសង្រ្កាន្តចាប់ផ្តើមរៀបចំតុបតែងលម្អបែប ប្រពៃណី វាបានក្លាយជាកក្តាជំរុញមួយឱ្យសិស្សានុសិស្សតាមវិទ្យាល័យ នាំគ្នាលេងល្បែងប្រជាប្រិយខ្មែរ។ 
 
មិនខុសពីការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តខាងលើ វិទ្យាល័យសុខអានត្រាំខ្នារ ក្នុងស្រុកបាទី ខេត្តតាកែវ ក៏បានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តនេះនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះផងដែរ។ លោកគ្រូ ពិន ប៊ុនថង អ្នករៀបចំកម្មវិធីសង្រ្កាន្តវិទ្យាល័យសុខអានត្រាំខ្នារបានមានប្រសាសន៍ថា៖« ការរៀបចំរៀប កម្មវិធីសង្រ្កាន្ត ដើម្បីបង្ហាញនូវការគោរពប្រពៃណី និងរម្លឹក នូវការលេងល្បែងប្រជាប្រិយឡើងវិញ ដូចជា បោះអង្គញ់ ចោលឈូង វាយក្អមជាដើម។ យើងរម្លឹកល្បែងប្រជាប្រិយយើងកុំឳ្យបាត់បង់ ព្រោះក្មេង និងយុវជនឥឡូវ ចង់ភ្លេចបាត់អស់ហើយ»។ 
 
ទន្ទឹមនឹងការថែរក្សាល្បែងប្រជាប្រិយខ្មែរ និងផ្តល់ភាពសប្បាយរីករាយដល់យុវជន លោកគ្រូអ្នកគ្រូ រួមទាំងពលរដ្ឋក្នុងសហគមន៍ ការរៀបចំកម្មវិធីសង្រ្កាន្តនេះ ក៏បានបង្កើតចំណងសាមគ្តី ដោយយុវជនចេះសហការណ៍គ្នាធ្វើការងារសង្គម។ លោកគ្រូ ប៊ុនថង បានបញ្ជាក់ថា សិស្សជាច្រើនស្ម័គ្រចិត្តចូលរៀបចំសង្រ្កាន្ត ពេលទំនេរចុងសប្តាហ៍ ដើម្បីធ្វើសម្ភារៈតាំងលម្អថ្ងៃកម្មវិធី៕ 
 
 

Tag:
 បុណ្យ
  ចូលឆ្នាំខ្មែរ
  សង្រ្កាន្ត
  និយម
© រក្សាសិទ្ធិដោយ thmeythmey.com