ជាតិ
តើសង្ក្រាន្តទាំង២៥ រាជធានី-ខេត្ត រៀបចំនៅទីណាខ្លះ?
13, Apr 2023 , 8:39 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ រដ្ឋបាលរាជធានី-ខេត្តចំនួន២៥ រៀបចំព្រឹត្តិការណ៍សង្រ្កាន្ត អំឡុងពេលចូលឆ្នាំ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ តាមមូលដ្ឋានរៀងៗខ្លួន។ នេះបើតាមសេចក្ដីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តទាំងនោះ។

 
តើសង្ក្រាន្តទាំង២៥ រាជធានី-ខេត្ត រៀបចំនៅទីណាខ្លះ? មានព្រឹត្តិការណ៍សំខាន់ៗអ្វីខ្លះ? សូមតាមដានទាំងអស់គ្នា៖
 
ភ្នំពេញ៖
រដ្ឋបាលរាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែ មេសា ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ នៅរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ។ ក្នុងព្រឹត្តិការណ៍សង្រ្កាន្តនេះ នឹងមានកម្មវិធីវប្បធម៌ ប្រពៃណីជាច្រើន ដូចជាពិធីគោរពទីទួលដូនពេញ, ពូនភ្នំខ្សាច់, ស្រង់ព្រះ, សម្តែងសិល្បៈរបាំត្រុដិ, ការតាំងបង្ហាញគំនូរសិល្បៈ, ការប្រគំតន្រ្តីបុរាណ-សម័យ, តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌។

 សង្រ្កាន្តវត្តភ្នំ

ក្រៅពីនេះ ក៏មានកម្មវិធីកម្សាន្តជាច្រើន រួមមាន ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ដណ្ដើមស្លឹកឈើ និងល្បែងប្រជាប្រិយផ្សេងៗទៀត។ បន្ថែមពីនេះ អាជ្ញាធរ ក៏រៀបចំសណ្តាប់ធ្នាប់ សុខសុវត្ថិភាព និងសន្តិសុខដល់អ្នកចូលរួមផងដែរ។ សូមបញ្ជាក់ថា ក្រៅពីរមណីយដ្ឋានវត្តភ្នំ នៅវិមានឈ្នះ-ឈ្នះ ក៏មានរៀបចំសង្រ្កាន្តដែរ។
 
សៀមរាប៖ 
អង្គរសង្រ្កាន្ត នឹងរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ដើម្បីចូលរួមសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ និងរម្លឹកមរតកបេតិកភណ្ឌអរូបីខ្មែរ នៅលើទីតាំងនៃមរតកបេតិកភណ្ឌរូបី។  ព្រឹត្តការណ៍អង្គរសង្រ្កាន្ត ក៏ជាផ្នែកមួយជួយជំរុញទេសចរណ៍ផ្ទៃក្នុង និងទាក់ទាញភ្ញៀវបរទេស ហើយក៏ផ្ដល់ឱកាស និងចំណូលដល់ពាណិជ្ជករ សហគ្រិន អាជីវករផងដែរ។
 
ចំណែកឯកម្មវិធីទស្សនីយភាពមានដូចជា ពិធីបើកព្រឹត្តការណ៍អង្គរសង្រ្កាន្ត ,ក្រុងពាលីបើកការដ្ឋាន ,បួងសួងសូមសេចក្ដីសុខសួស្ដី,ពិធីទទួលទេវតាឆ្នាំថ្មី,ទៅវត្ត និងវាលុកចេតិយ,ពិធីដង្ហែព្រះពុទ្ធបដិមា និងស្រង់ព្រះ,ទស្សនីយភាពរឿងរាមកេរ្ត៍,មហោស្រពសិល្បៈវប្បធម៌បុរាណ,តន្រ្តីអង្គរសង្រ្កាន្ត,កម្មវិធីទាញព្រ័ត្រមិត្តភាពអង្គរសង្រ្កាន្ត,ក្បួនដង្ហែអង្គរសង្រ្កាន្ត,បំបែកឯកទគ្គកម្មពិភពលោករ៉ាម៉ាឌីហ្សុន,អន្សមយក្ស,កម្មពិធីប្រកួតអុកយក្ស និងកម្មវិធីបំបែកឯកទគ្គកម្មតាំងបង្ហាញបេះដូងបត់ច្រើនជាងលើពិភពលោក។
 
ខេត្តកណ្តាល៖ 
សម្រាប់ទីតាំងនៃការរៀបចំសង្រ្កាន្តខេត្តកណ្តាល ប្រារព្ធឡើងនៅភ្នំព្រះរាជទ្រព្យ ក្នុងសុ្រកពញាឮ។ ខេត្តកណ្តាល ក្នុងកម្មវិធីសង្រ្កាន្ត ក៏មានកម្មវិធីលែ្បងប្រជាបិ្រយ ការដាក់តាំងបង្ហាញសមិទ្ធផលរបស់ខេត្ត, ការតាំងពិព័រណ៍, ប្រគំតន្រ្តីសម័យខ្នាតធំ, តន្រី្តស្គរដី, រត់ប្រណាំង, ការប្រណាំងកង់ប្រពៃណី,ការទាញព្រ័ត្រ, បង្ហោះគោម និងបាញ់កាំជ្រួច។ ព្រឹត្តិការណ៍សង្រ្កាន្តនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា នៅភ្នំព្រះរាជទ្រព្យ  ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបង្កភាពរីករាយជូនពលរដ្ឋក្នុងខេត្ត។

បន្ទាយមានជ័យ៖
ការរៀបចំកម្មវិធីសង្ក្រាន្តលក្ខណៈទ្រង់ទ្រាយធំៗ  រួមមាននៅទីរួមខេត្តបន្ទាយមានជ័យ នៅសួនមានជ័យ ក្រុងសិរិសោភ័ណ, នៅប្រាសាទបន្ទាយឆ្មារ និងនៅក្រុងប៉ោយប៉ែត ក្នុងវត្តផ្សារកណ្ដាល។ អភិបាលខេត្ត  មិនទាន់បញ្ជាក់ប្រាប់ពីរយៈពេល និងថ្ងៃរៀបចំច្បាស់លាស់ទេ តែលោកថា អាចមានរយៈពេល៣ ឬ ៤ ថ្ងៃ។ 
 
ក្នុងព្រឹត្តការណ៍សង្ក្រាន្តនេះ នឹងមានល្បែងកម្សាន្តប្រពៃណី ការប្រគុំតន្រ្តី ការតាំងព័រណ៍ ការទទួលនំបញ្ចុកចំនួន៣០០គីឡូក្រាម នៅទីតាំងសង្ក្រាន្តក្រុងសិសិសោភ័ណ និងមានការល្បែងលេងរៀបអាពាហ៍ពិពាហ៍នៅវត្តបឹងត្រាវផងដែរ។
 
ខេត្តកំពង់ស្ពឺ៖
រដ្ឋបាលខេត្ត រៀបចំធ្វើនៅបរិវេណសួនច្បារសម្ដេចព្រះសង្ឃរាជ ជួន ណាត ទីរួមខេត្តកំពង់ស្ពឺ។  ក្នុងព្រឹត្តិការណ៍នេះ មានការប្រគំតន្រ្តីបុរាណ-សម័យ រាំកម្សាន្ត លេងល្បែងប្រជាប្រិយជាច្រើន និងការតាំងពិព័រណ៍ផលិតផល និងម្ហូបអាហារផងដែរ។ 
 
លើសពីនេះ លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បញ្ជាក់ថា ក្នុងព្រឹត្តិការណ៍នេះ មានការប្រគំតន្រ្តីបុរាណ-សម័យ រាំកម្សាន្ត លេងល្បែងប្រជាប្រិយជាច្រើន និងការតាំងពិព័រណ៍ផលិតផល និងម្ហូបអាហារផងដែរ។ ប្រធានមន្ទីរទេសចរណ៍រូបនេះ លើកឡើងដូច្នេះថា៖«ឆ្នាំនេះ យើងធ្វើធំជាងរាល់ឆ្នាំ ព្រោះចង់ឱ្យទេសចរមកកម្សាន្តកាន់តែច្រើន និងផ្ដល់ភាពរីករាយជូនពលរដ្ឋក្នុងខេត្ត។ យើងសង្ឃឹមទទួលបានទេសចរច្រើនជាងឆ្នាំមុនៗផងដែរ»។ 
 
ឧត្តរមានជ័យ៖
សង្រ្កាន្តខេត្តឧត្តរមានជ័យ ប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ នៅបរិវេណសួនច្បារខេត្តឧត្តរមានជ័យ។ ក្រៅពីសង្រ្កាន្ត ក៏រៀបចំការប្រគំតន្រ្តីបុរាណ-សម័យ ល្បែងប្រជាប្រិយដូចជា បោះអង្គុញ ទាញព្រ័ត្រ សិល្បៈបុរាណរបស់មន្ទីរវប្បធម៌ ធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបង្កើនបរិយាកាសសប្បាយដល់ពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរកាន់តែអធិកអធម។

មណ្ឌលគិរី៖ 
ក្នុងព្រឹត្តិការណ៍សង្រ្កាន្ត ធ្វើឡើងនៅវិមានឯករាជ្យ ក្នុងក្រុងសែនមនោរម្យ រយៈពេល៣ថ្ងៃ នាថ្ងៃចូលឆ្នាំ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ។ ក្នុងព្រឹត្តិការណ៍សង្រ្កាន្តនេះ នឹងមានការសម្ដែងរបាំប្រពៃណីខ្មែរ លេងល្បែងប្រជាប្រិយ បង្ហោះគោម បាញ់កាំជ្រួច និងការពិព័រណ៍ផលិតផលក្នុងស្រុក។ 
 


សង្រ្កាន្តមណ្ឌលគិរី

ខេត្តរតនគិរី៖ 
សង្រ្កាន្តរតនគិរី ឆ្នាំនេះ មានរយៈពេលវែងជាងឆ្នាំមុន ដោយមានរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១០-១៦ ខែមេសា នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។ ក្នុងព្រឹត្តិការណ៍នេះ នឹងមានកម្មវិធីបែបសាសនា ប្រពៃណី ការលេងល្បែងប្រជាប្រិយ រួមទាំងការប្រគំតន្រ្តី និងការបាញ់កាំជ្រួចជាដើម។

ខេត្តពោធិ៍សាត់៖
រដ្ឋបាលខេត្តពោធិ៍សាត់ នឹងរៀបចំសង្រ្កាន្តកោះសំពៅមាសពោធិ៍សាត់នៅលើដងផ្លូវលេខ១០១ទល់មុខសាលាខេត្ត ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។  សង្ក្រាន្តពោធិ៍សាត់ នឹងមានការសម្ដែងរបាំប្រពៃណីខ្មែរ លេងល្បែងប្រជាប្រិយ បង្ហោះគោម បាញ់កាំជ្រួច និងការពិព័រណ៍ផលិតផលក្នុងស្រុកផងដែរ។  
 
ខេត្តកំពត៖ 
រដ្ឋបាលខេត្តកំពត រៀបចំសង្រ្កាន្តរបស់ខ្លួន នៅទីរួមខេត្ត ត្រង់ចំណុច រង្វង់មូលទុរេន រយៈពេល៣ថ្ងៃ ដែលមានការប្រគំតន្រ្តីបុរាណ-សម័យ រាំកម្សាន្ត លេងល្បែងប្រជាប្រិយជាច្រើន និងការតាំងពិព័រណ៍ផលិតផល និងម្ហូបអាហារផងដែរ។ 

សង្រ្កាន្តខេត្តកំពត 
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល ក៏រំពឹងថា  ឆ្នាំនេះខេត្តកំពត នឹងអាខទទួលបានភ្ញៀវទេសចរច្រើនជាងឆ្នាំមុន។ លោក សយ ស៊ីណុល បញ្ជាក់ថា៖ « ភ្ញៀវនឹងមកលេងច្រើនជាងឆ្នាំមុន ពីព្រោះខេត្តយើងសម្បូរ តំបន់គោលដៅទេសចរណ៍ជាច្រើន ជាពិសេសឆ្នាំនេះយើងមានព្រឹតិត្តការណ៍សង្រ្កាន្ត។ លើសពីនេះ ក្រៅពីកន្លែងស្នាក់នៅ ខេត្តកំពត ក៏មានជាកន្លែងបោះតង់ សម្រាប់សម្រាកលំហែកាយដែរ »។
 
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា  មន្ទីរទេសចរណ៍ខេត្ត កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត និងតាមរមណីយដ្ឋានទេសចរណ៍ នឹងរៀបចំលម្អភ្លើងពណ៌នៅតាមផ្លូវ និងតាមតំបន់ទេសចរណ៍ ដើម្បីស្វាគមន៍ទេសចរក្នុងថ្ងៃសង្ក្រាន្ត។
 
ខេត្តកែប៖
កំពត ក៏រៀបចំ​សង្ក្រាន្ត​ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ​២០២៣ នៅ​បរិវេណ​សួនច្បារ​ខាងមុខ​សាលាខេត្ត​កែប​។ ព្រឹត្តិការណ៍​នេះ ក៏​នឹង​ក្លាយជា​ទីតាំង​នៃ​ការជួបជុំ ការលេង​ល្បែង​ប្រជាប្រិយ និង​រាំលេង​កម្សាន្ត​ចង្វាក់​ប្រពៃណី​ខ្មែរ​ផងដែរ។ 
 
នៅពេល​រាត្រី ភ្ញៀវទេសចរ នឹង​អាចរាំលេង​កម្សាន្ត​  ទស្សនា​ការប្រគំ​តន្ត្រី​ខ្នាត​ធំ ការតាំងពិព័រណ៍​ផលិតផល នៅ​ទីតាំង​សួនច្បារ​ខាងមុខ​សាលាខេត្ត​កែប និង​មាន​ការបាញ់​កាំជ្រួច អបអរសាទរ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ទៀតផង។
 
ខេត្តព្រះសីហនុ៖
យ៉ាងណាមិញ ខេត្តព្រះសីហនុវិញ ក៏រៀបចំសង្រ្កាន្តរយៈពេល៣ថ្ងៃនៅទីរួមខេត្តដែរ ។ ​ព្រឹត្តិការណ៍​នេះ ក៏​នឹង​ក្លាយជា​ទីតាំង​នៃ​ការជួបជុំ ការលេង​ល្បែង​ប្រជាប្រិយ មានការប្រប្រគំតន្រ្តីបុរាណ-សម័យ រាំកម្សាន្ត លេងល្បែងប្រជាប្រិយជាច្រើន និងការតាំងពិព័រណ៍ផលិតផល និងម្ហូបអាហារផងដែរ។
 
កោះកុង៖
រដ្ឋបាលខេត្តកោះកុង រៀបចំសង្រ្កាន្ត នៅ៤ទីតាំងធំៗ គឺនៅសួនច្បារមុខសាលាខេត្ត បរិវេណវត្តទេពនិមិត្ត បរិវេណវត្តជោតញ្ញាណ និងឆ្នេរសមុទ្រប៉ាក់ខ្លង។  ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏រៀបចំការប្រគំតន្រ្តីបុរាណ-សម័យ ល្បែងប្រជាប្រិយដូចជា បោះអង្គុញ ទាញព្រ័ត្រ និងល្បែងកម្សាន្តជាច្រើនទៀត។
 
កំពង់ឆ្នាំង៖ 
សង្រ្កាន្តកំពង់ឆ្នាំង រៀបចំនៅទីតាំងចំនួន២ គឺនៅសួនច្បារសម្ដេច គង់ សំអុល មុខមជ្ឈមណ្ឌលស៊ីម៉ាក់ ក្នុងសង្កាត់ប្អេរ។ មួយទៀតគឺនៅសួនឈ្វាំងសែនជ័យ រយៈពេល៣ថ្ងៃ ពីថ្ងៃ​ទី ១៤ -១៦ ខែមេសា។ នឹងមានការប្រប្រគំតន្រ្តីបុរាណ-សម័យ រាំកម្សាន្ត និងការតាំងពិរព័ណ៍ក្នុងស្រុកផងដែរ។
 
ស្វាយរៀង៖
រដ្ឋបាលខេត្តស្វាយរៀង ក៏រៀបចំព្រឹត្តិការណ៍​ស​ង្រា្ក​ន្ត​ស្វាយរៀង​ ប្រារព្ធ​ឡើង​នៅ​ទីតាំង​នៅ​រង្វង់​មូល​វិមានឯករាជ្យ​ខេត្តស្វាយរៀង រយៈពេល៣ថ្ងៃ ពីថ្ងៃ​ទី ១៤ -១៦ ខែមេសា។ 


សង្រ្កាន្តស្វាយរៀង

ក្នុង​ព្រឹត្តិការណ៍​នេះ អ្នកចូលរួម នឹងអាច​យល់ដឹង​ពី​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ក៏ដូចជា​បទ​ចម្រៀង និង​ក្បាច់​រាំ​ ដែល​ការសម្តែង​ដោយ​សិល្បករ​គ្រប់​ជំនាន់ ដើម្បី​រំលឹក​ដល់​បុព្វបុរស​ខ្មែរ​ពី​សម័យមុន​។ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វាយរៀង ក៏បានរៀបចំ គណៈកម្មការ សម្រាប់ចាត់ចែង សណ្តាប់ធ្នាប់ ការតុបតែងកម្មវិធីសង្រា្កន្ត ល្បែងប្រជាប្រិយ ការប្រគុំតន្រ្តី និងកម្មវិធីផ្សេងទៀត។
 
ខេត្តព្រៃវែង៖
ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ​ខាងមុខនេះ ខេត្តព្រៃវែង ​រៀបចំ​ព្រឹត្តិការណ៍សង្ក្រាន្ត​ព្រៃវែង​ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នៅក្នុង​ក្រុង​ព្រៃវែង រយៈពេល ៤​ថ្ងៃ ពីថ្ងៃ​ទី ១៣ -១៦ ខែមេសា​។ ព្រឹត្តិការណ៍​នេះ នឹងមានការប្រប្រគំតន្រ្តីបុរាណ-សម័យ រាំកម្សាន្ត លេងល្បែងប្រជាប្រិយជាច្រើន និងមាន​ការបាញ់​កាំជ្រួច អបអរសាទរ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ខេត្ត​ព្រៃវែង យ៉ាង​អធិកអធម​ផងដែរ។
 
ខេត្តដំបង៖ 
រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំសង្រ្កាន្តបាត់ដំបង រយៈពេល៤ថ្ងៃ  ចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា នៅបរិវេណក្បែររូបសំណាក់លោកតាដំបងគ្រញ៉ូង ដើម្បីទាក់ទាញទេសចរកាន់តែច្រើនឱ្យមកកកម្សាន្តក្នុងខេត្តនេះ។ ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តបាត់ដំបង ក៏រៀបចំការប្រគំតន្រ្តីបុរាណ-សម័យ ល្បែងប្រជាប្រិយដូចជា បោះអង្គុញ ទាញព្រ័ត្រ សិល្បៈបុរាណរបស់មន្ទីរវប្បធម៌។ 

សង្រ្កាន្តខេត្តបាត់ដំបង 
ព្រះវិហារ៖
រដ្ឋបាលខេត្តព្រះវិហារ រៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី នៅ៣ទីតាំងធំៗ គឺភ្នំត្បែង ទឹកធ្លាក់ព្រះនិម្មិត និងបរិវេណសាលាខេត្ត។ រដ្ឋបាលខេត្តប៉ៃលិននឹងរៀបចំសង្រ្កាន្តឆ្នាំថ្មី នៅបរិវេណវិមានឯករាជ្យ និងដងស្ទឹងតារាប ដើម្បីទាក់ទាញទេសចរឱ្យទៅកម្សាន្តច្រើនកុះករ។ 
 
លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ បាននិយាយថា​ «សង្រ្កាន្តខេត្តព្រះវិហារ» ក្នុងបរិវេណសាលាខេត្ត គឺមាន​ទី​ឆ្លា​ធំ​ទូលាយ​ដែល​ងាយស្រួល​លេងកម្សាន្ត​ ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​គ្រប់​ប្រភេទ​ ដូចជា របាំប្រពៃណីជាតិខ្មែរ,  ការ​រាំ​កម្សាន្ត​, កម្មវិធី​ប្រគុំ​តន្ត្រី​, បោះអង្គញ់, ទាញព្រ័ត្រ និង​ទម្រង់​សិល្បៈ​បែប​បុរាណ​​។
 
លោក គង់ វិបុល បានបន្ថែមថា ទីតាំងភ្នំត្បែង និងទឹកធ្លាក់ព្រះនិម្មិត ក៏រៀបចំសង្រ្កាន្តដែរ។ ចំពោះទីតាំងទាំង២នេះ នឹងរៀបចំតុបតែងភ្លើងលម្អ និងការប្រគំតន្រ្តី លេងល្បែងប្រជាប្រិយ រយៈពេល៣ថ្ងៃដូចគ្នា។ « ភ្ញៀវនឹងមកលេងច្រើនជាងឆ្នាំមុន ពីព្រោះខេត្តយើងសម្បូរ តំបន់គោលដៅទេសចរណ៍ជាច្រើន ជាពិសេសឆ្នាំនេះយើងមានព្រឹតិត្តការណ៍សង្រ្កាន្ត»។ប្រធានមន្ទីរទេសចរណ៍ រំពឹងបែបនេះ។

ខេត្តកំពង់ធំ៖
រដ្ឋបាលខេត្តកំពង់ធំវិញ ក៏រៀបចំព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មីនៃឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា នៅសួនស្ទឹងសែនផងដែរ។ កម្មវិធីធ្វើឡើងដើម្បីបង្កលក្ខណៈសប្បាយរីករាយដល់ពលរដ្ឋដោយស្មារតីសាមគ្គីភាពជិតស្និទ្ធទៅតាមទំនៀមទម្លាប់ជាតិ។ 
 
ក្នុងព្រឹត្តិការណ៍សង្រ្កាន្តនេះ ក៏រៀបចំការប្រគំតន្រ្តីបុរាណ-សម័យ ល្បែងប្រជាប្រិយដូចជា បោះអង្គញ់ ទាញព្រ័ត្រ សិល្បៈបុរាណរបស់មន្ទីរវប្បធម៌ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងភ្ញៀវទេសចរកាន់តែអធិកអធម។ រដ្ឋបាលខេត្ត និងអាជ្ញាធរ ឱ្យអង្គភាពជុំវិញខេត្តទាំងអស់ជួយសម្របសម្រួលនៅថ្ងៃកម្មវិធី អនុវត្តវិធានសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ឱ្យកាន់តែល្អប្រសើរ។
 
ស្ទឹងត្រែង៖
ម្យ៉ាងវិញទៀត សង្រ្កាន្តខេត្តស្ទឹងត្រែង នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា នៅទីរួមក្រុងស្ទឹងត្រែង ក្នុងខេត្តស្ទឹងត្រែង។ ក្នុងនោះមឆនកម្មវិធីជាច្រើន រួមមាន ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ដណ្ដើមស្លឹកឈើ និងល្បែងប្រជាប្រិយផ្សេងៗទៀត។
 
ក្រចេះ៖
ខេត្តក្រចេះ បានប្រារព្វពិធីសង្រ្កាន្តឆ្នាំថ្មីនៅតាមសាលា និងទីរវត្តអាម ដើម្បីឱ្យយុវជន​ ពលរដ្ឋមូលដ្ឋាន និងភ្ញៀវទេសចរបានចូលរួមលេងកម្សាន្តច្រើន ជាពិសេសដើម្បីវប្បធម៌ ប្រពៃណីខ្មែរ។ រដ្ឋបាលខេត្ត ជំរុញឱ្យលែងល្បែងទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង និងល្បែងប្រជាប្រិយផ្សេងៗទៀត។
ត្បូងឃ្មុំ៖ សង្រ្កាន្តត្បូងឃ្មុំ នឹងរៀបចំធ្វើនៅទីតាំងចំនួន២ នៅមាត់ទន្លេមុខរដ្ឋបាលខេត្ត និងនៅរមណីយដ្ឋានហ្លួងព្រះស្ដេចកន ចាប់ពីថ្ងៃទី១៤ ដល់ទី១៦។ ក្នុងនោះ ក៏រៀបចំកម្មវិធីការប្រប្រគំតន្រ្តីបុរាណ-សម័យ រាំកម្សាន្ត លេងល្បែងប្រជាប្រិយជាច្រើន និងការតាំងពិព័រណ៍ផលិតផល។
 
ប៉ៃលិន៖ 
រដ្ឋបាលខេត្តប៉ៃលិន នឹងរៀបចំធ្វើសង្រ្កាន្តឆ្នាំថ្មី នៅទីតាំងចំនួន២  ក្នុងនោះនៅបរិវេណវិមានឯករាជ្យ និងដងស្ទឹងតារាប ចាប់ពីថ្ងៃទី១៤ ដល់ទី១៦។ ព្រឹត្តិការណ៍​នេះ នឹងមានការប្រប្រគំតន្រ្តីបុរាណ-សម័យ រាំកម្សាន្ត លេងល្បែងប្រជាប្រិយជាច្រើន និងមាន​ការបាញ់​កាំជ្រួច អបអរសាទរ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ខេត្ត​ប៉ៃលិន យ៉ាង​អធិកអធម​ផងដែរ។
 
តាកែវ៖ 
សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុង-ស្រុក នៃខេត្តតាកែវ សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំកម្មវិធីសង្រ្កន្តអបអរសាទរឆ្នាំថ្មីនៅតាមមូលដ្ឋានរៀងៗខ្លួន។ ចំណែកកំពង់ចាម៖ ក៏រៀបចំនៅមុខសាលាខេត្តកំពង់ចាម ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា។៕
 

© រក្សាសិទ្ធិដោយ thmeythmey.com