ជាតិ
ក្រសួងទេសចរណ៍ ឱ្យអាជីវករក្នុងវិស័យទេសចរណ៍ពង្រឹងគុណភាពផលិតផល ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២
13, Apr 2023 , 9:59 pm        
រូបភាព
រូបភាពពី៖ ក្រសួងទេសចរណ៍
រូបភាពពី៖ ក្រសួងទេសចរណ៍
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ឱ្យអាជីវករ និងប្រតិបត្តិករទេសចរណ៍ ពង្រឹងគុណភាពផលិតផល ទាំងអនាម័យ សេវាកម្ម ព្រមទាំងកំណត់តម្លៃលើផលិតនីមួយៗឱ្យបានត្រឹមត្រូវ។ ការពង្រឹងនេះ ធ្វើឡើងដើម្បីរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងពង្រឹងគុណភាពផលិតផលទេសចរណ៍ អំឡុងពេល កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ខាងមុខនេះ។


 
ក្រសួងទេសចរណ៍ បានណែនាំដល់អាជីវករ និងប្រត្តិបត្តិករទេសចរណ៍ ចូលរួមអនុវត ការពង្រឹងគុណភាពសវាកម្មទេសចរណ៏-បដិសណ្ឋារកិច្ចល្អ ដើម្បីត្រៀមខ្លួនសម្រាប់ ការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA Games) និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12t ASEAN Para Games)។ 
 
ក្នុងសារាចរណែនាំនោះ ក្រសួង ឱ្យគ្រប់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ទាំងអស់ សហការពង្រឹងនូវសុខុមាលភាព អនាម័យ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីផ្តល់នូវភាពកក់ក្ដៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុងនោះ គ្រប់ទីតាំងអាជីវកម្មទាំងអស់ ត្រូវរៀបចំតុបតែងលម្អ និងបង្ហាញពីលក្ខណៈវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ និងមានបំពាក់ភ្លើងបំភ្លឺនៅពេលយប់ ប៉ុន្តែមិនត្រូវបង្កការប៉ះពាល់ដោយរូបភាពណាមួយ ដល់សណ្តាប់ធ្នាប់សាធារណៈឡើយ។
 
ម្ចាស់អាជីវកម្ម ត្រូវគិតគូរពីបញ្ហាអនាម័យសម្រាប់ភ្ញៀវទេសចរជាចម្បង និងផ្សព្វផ្សាយនូវរាល់វិធានការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ និងជំងឺឆ្លងផ្សេងៗ។ ការផ្តល់សេវាកម្ម និងបដិសណ្ឋារកិច្ចល្អ គឺជាកត្តាសំខាន់ ក្នុងន័យចូលរួមក្នុងចលនាប្រឡងប្រណាំង ស្តីពីបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ និង គោលការណ៍ណែនាំស្តីពី អាជីវកម្មទេសចរណ៍ឆ្នើមក្នុងយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣»។
 
ជាមួយគ្នានេះ បុគ្គលិក ត្រូវរក្សាឱ្យបាននូវអនាម័យខ្លួនប្រាណ មានភាពរួសរាយរាក់ទាក់ ស្មោះត្រង់ ជំនាញវិជ្ជាជីវៈក្នុងអាជីពការងារ  ក្នុងការបម្រើសេវាកម្មជូន ភ្ញៀវ និងអាចនិយាយភាសាទីពីរបានផងដែរ។
 
ក្នុងសេចក្តីប្រកាសដដែលនោះ ក្រសួង ក៏ឱ្យម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ ត្រូវរក្សាគុណតម្លៃសេវាកម្មរបស់ខ្លួនទាំងគុណភាព និងបរិមាណផលិតផល។ អាជីវករ មិនត្រូវទូទាត់ប្រាក់ពីភ្ញៀវលើសពីតម្លៃដែលដាក់បង្ហាញលើសេវាកម្មម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ មិនត្រូវតម្លើងថ្លៃសេវាកម្មរបស់ខ្លួនហួសហេតុ ឬដោយពុំមានហេតុផលច្បាស់លាស់នោះឡើយ។
 
រីឯការគ្រប់គ្រងសំណល់ ជាបញ្ហាសំខាន់ អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋាន ត្រូវដាក់ធុងសំរាមនៅគ្រប់តុអាហារ និងមាន បុគ្គលិកប្រចាំការសម្អាត។ សម្រាប់ ការដឹកជញ្ជូនភ្ញៀវទេសចរ ត្រូវអនុវត្តតាមស្តង់ដា ដោយមិនត្រូវដឹកជញ្ជូនភ្ញៀវទេសចរលើសពីចំណុះដែលបានកំណត់។ អ្វីដែលសំខាន់នោះ គឺការណែនាំបន្ថែមចំពោះរមណីយដ្ឋានទេសចរណ៍ និងនៅតាមគោលដៅទេសចរណ៍ផងដែរ។
 
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នឹងចាប់ផ្តើមពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ចំណែក ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ នឹងចាប់ផ្តើមពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣៕
 

Tag:
 ក្រសួងទេសចរណ៍
  អាជីវកម្ម
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com