ជាតិ
បុរសឯកសាច់ដុំ នៅ ប៊ុនធា នឹងបង្ហាញពីទេពកោសល្យចម្រុះក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង
13, Apr 2023 , 10:39 pm        
រូបភាព
លោក នៅ ប៊ុនធា  បុរសឯកតំណាងឱ្យខេត្តបាត់ដំបង ក្នុងកម្មវិធី Mr Supranational 2023 រូបភាពផ្តល់ឱ្យពីលោក នៅ ប៊ុនធាផ្ទាល់តែម្តង
លោក នៅ ប៊ុនធា បុរសឯកតំណាងឱ្យខេត្តបាត់ដំបង ក្នុងកម្មវិធី Mr Supranational 2023 រូបភាពផ្តល់ឱ្យពីលោក នៅ ប៊ុនធាផ្ទាល់តែម្តង
ដោយ៖សុង​ សុធាវី

ភ្នំពេញ៖ លោក នៅ ប៊ុនធា បុរសឯកពីខេត្តបាត់ដំបង ក្នុងកម្មវិធីប្រកួតប្រជែងសមត្ថភាពមួយ បានប្រាប់ប្រាប់សារព័ត៌មានថ្មីៗ តាមរយៈតេឡេក្រាមថា លោកនឹងត្រៀមបង្ហាញសមត្ថភាពសិល្បៈដូចជា ការរាំចង្វាក់ប្រពៃណីខ្មែរ ចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ការដើម៉ូត ប្រដាល់គុនខ្មែរ សម្តែងរឿងជាដើម នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ដែលរៀបចំឡើងចាប់ពីថ្ងៃទី១២ ដល់ទី១៦ ខែមេសា នេះតែម្តង។

 
សូមលោកអ្នកនាងអានខ្លឹមសារនៃកិច្ចសម្ភាសរវាងកញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ និងលោក នៅ ប៊ុនធា បុរសឯកពីខេត្តបាត់ដំបង ដូចតទៅ​៖
 
កញ្ញា សុង សុធាវី៖ ក្នុងព្រឹត្តិការណ៍សង្រា្កន្តបាត់ដំបងនេះ តើសុធាត្រៀមបង្ហាញទេពកោសល្យអ្វីខ្លះ?
លោក នៅ  ប៊ុនធា៖ ក្នុងព្រឹត្តិការណ៍សង្រា្កន្តបាត់ដំបង ខ្ញុំបានត្រៀមសមត្ថភាព ទេពកោសល្យ ផ្នែកសម្តែង  ដើរម៉ូត រាំលេងកម្សាន្តតាមចង្វាក់ប្រពៃណីខ្មែរ និងលេងល្បែងប្រជាប្រិយខ្មែរ ក៏ដូចជាគុនខ្មែរ។ ខ្ញុំក៏រីករាយចូលរួមគ្រប់សកម្មភាពមនុស្សធម៌ ជាមួយសសយក បាត់ដំបង ក្នុងពិធីដ៏ធំអស្ចារ្យនេះ។
 
កញ្ញា សុង សុធាវី៖ តាមរយៈទេពកោសល្យដែលប្អូនមានតើនឹងបង្ហាញភាពគំរូបែបណាដល់យុវជនខ្មែរ?
លោក នៅ ប៊ុនធា៖ តាមរយៈចំណេះដឹង និងទេពកោសល្យ ដែលខ្ញុំមានគឺចង់បង្ហាញដល់យុវជន និងប្អូនៗជំនាន់ក្រោយ ឱ្យចូលរួមលើកស្ទួយវប្បធម៌ និងបន្តថែរក្សា សិល្បៈប្រពៃណីខ្មែរ ដែលដូនតាយើងបានខិតខំបង្កើតមក។ មួយទៀតត្រូវចូលរួមហាត់ប្រាណដើម្បីសុខភាពល្អ និងធ្វើជាកូនល្អ ហើយត្រូវជៀសឆ្ងាយពីគ្រឿងញៀន ព្រោះវានាំឱ្យខូចសុខភាព ក៏ដូចជាអនាគតយើងផងដែរ។ 
 
កញ្ញា សុង សុធាវី៖  ឆ្នាំនេះលោកជាបុរសឯកតំណាងខេត្តបាត់ដំបងក្នុងកម្មវិធីមួយ តើកន្លងមកលោកបានចូលរួមការងារសង្គមអ្វីខ្លះ?
លោក នៅ ប៊ុនធា៖ កំឡុងពេលដែលខ្ញុំបាទបានជាប់ជាបុរសឯកតំណាងឱ្យខេត្តបាត់ដំបង ខ្ញុំបានចូលរួមការងារសង្គមមួយចំនួនដូចជា កិច្ចការងារមនុស្សធម៌ ចុះចែកអំណោយ ចុះរាល់ការងារជួយដល់សង្គម ពិសេស តាមរយៈការងារខ្ញុំជាអាវុធហត្ថផ្ទាល់តែម្តង។ រឹតតែសំខាន់គឺខ្ញុំតែងចូលរួមបរិច្ចាគឈាម បរិច្ចាគឈាម ដើម្បីក្តីស្រឡាញ់  បរិច្ចាគឈាម ដើម្បីជួយសង្រ្គោះជីវិតមនុស្ស។ 
 
កញ្ញា សុង សុធាវី៖ សង្រា្កន្តឆ្នាំនេះ ក្រៅពីផ្តល់ភាពរីករាយ ព្រឹត្តិការណ៍ដ៏ធំនេះក៏បានបង្ហាញឱ្យប្រជាជននៅខេត្តបាត់ដំបងផ្ទាល់ ក៏ដូចជាទេសចរមកពីជិត ឆ្ងាយ បានឃើញពីសក្តានុពលនៃខេត្តបាត់ដំបង ដូចជា វិស័យកសិកម្ម ទេសចរណ៍ សិល្បៈ និងរសជាតិអាហារដ៏សម្បូរបែបរបស់ខេត្តដ៏ចំណាស់របស់យើង។ 
ម្យ៉ាងវិញទៀត បងប្អូនសសយកខេត្តបាត់ដំបង គ្រប់ស្រុក ក៏បានបង្ហាញពីផលិតផលប្រចាំតំបន់របស់ពួកគាត់រួមមាន ក្រូចយក្សបាត់បង ក្រឡានយក្ស ពោតយក្ស ម្នាស់យក្ស និងប្រភេទកីឡាចម្រុះច្រើនទៀត។ 

 កញ្ញា សុង សុធាវី៖ ទម្រាំជាប់ជាបុរសឯកបាត់ដំបង តើប្អូនបានត្រៀមអ្វីខ្លះ ហើយនឹងបន្តវិវត្តវ៍ខ្លួនបែបណាបន្ថែមទៀត?
លោក នៅ ប៊ុនធា៖ មុននឹងខ្ញុំជាប់ជាបុរសឯកតំណាងឱ្យខេត្តបាត់ដំបង ខ្ញុំក៏ខាតធ្លាប់ខាតពេលមួយឆ្នាំ ព្រោះតែពុំមានពេលវេលាគ្រប់គ្រាន់ តែការចាប់ផ្តើមជាថ្មី ទាំងការហ្វឹកហាត់សមត្ថភាព ទេពកោសល្យ ពង្រឹងចំណេះដឹង ពិសេស ខ្ញុំចង់បង្ហាញពីរូបរាងរឹងមាំរបស់បុរសខ្មែរ ហើយកូនខ្មែរមានរូបរាងស្តង់ដារមិនចាញ់អន្តរជាតិទេ ដោយចំណាយទាំងកម្លាំងកាយ និងចិត្តរយៈពេល២ឆ្នាំ ដើម្បីបំពេញបំណងខ្លួនឯង ក្នុងការយករូបរាងបែបនេះ  ហើយខ្ញុំក៏សូមអរគុណកម្មវិធីប្រឡងមួយនេះ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com