ជាតិ
សង្គមជាតិ
សង្រ្កាន្តឆ្នាំថ្មី
សង្រ្កាន្ត កាន់តែផុសផុល នាចូលឆ្នាំ២០២៣នេះ!
14, Apr 2023 , 9:50 am        
រូបភាព
រូបភាពដោយ ទូច សូរិយា
រូបភាពដោយ ទូច សូរិយា
ភ្នំពេញ៖ ឆ្នាំនេះ នៅតាមសាលារៀន វត្តអារាម ស្ថាប័នរដ្ឋ-​ឯកជន តាមភូមិឃុំ ទីប្រជុំជននានា ពិសេសតំបន់ទេសចរណ៍ភាគច្រើន សុទ្ធសឹងតែមានការរៀបចំកម្មវិធីសង្រ្កាន្តដូចៗគ្នា។ សង្រ្កាន្តនេះទៀតសោត មិនមែនរៀបចំតែតាមបណ្ដាខេត្តឡើយ ប៉ុន្តែនៅរាជធានីភ្នំពេញ ក៏ត្រូវបានរៀបចំយ៉ាងផុសផុលផងដែរ។



«សង្រ្កាន្ត» ជាដំណើរដាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី ដែលជាពិធីចូលឆ្នាំថ្មីរបស់ប្រជាជនខ្មែរនេះឯង។ នេះបើតាមការពន្យល់ក្នុងវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត។ សង្រ្កាន្ត ត្រូវបានរៀបចំឡើងតាំងពីយូរណាស់មកហើយ ប៉ុន្តែកាន់តែផុសផុលខ្លាំងតាំងពីឆ្នាំ២០១៣ ពីព្រឹត្តការណ៍ដ៏ធំ គឺអង្គរសង្រ្កាន្ត នៅទីក្រុងអង្គរ ខេត្តសៀមរាប។
 
តាមការសង្កេតបន្ទាប់ពីព្រឹត្តការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៣នោះ យើងក៏ឃើញមានចលនានៃការរៀបចំសង្រ្កាន្តតាមតំបន់យ៉ាងផុសផុល កើនឡើងបន្តិចម្ដងៗ ជារៀងរាល់ឆ្នាំ ដោយផ្ដើមចេញពីខេត្តសៀមរាប ហើយបន្តមកដល់បច្ចុប្បន្ន ដោយមានកម្មវិធីសង្រ្កាន្តច្រើន សឹងតែរាប់មិនអស់ទៅហើយ។
 
ក្នុងនោះយើងឃើញមានសង្រ្កាន្តវិទ្យាល័យ,សាកលវិទ្យាល័យសង្រ្កាន្ត,សាលាអន្តរជាតិសង្រ្កាន្ត,បុណ្យភូមិ,សង្រ្កាន្តតាមវត្ត,សង្រ្កាន្តតាមភូមិ-ទីប្រជុំជន,សង្ក្រាន្តតាមស្ថាប័នរដ្ឋ-ឯកជននានា និងសង្រ្កាន្តតាមតំបន់ទេសចរណ៍ជាច្រើនផងដែរ។ ទោះសង្ក្រាន្តពេញនិយមរៀបចំច្រើន ហើយធ្វើនៅទីតាំងផ្សេងគ្នា ប៉ុន្តែគោលដៅចម្បងរបស់អ្នករៀបចំនោះគឺ ដើម្បីផ្ដល់បរិយាកាសសប្បាយរីករាយដល់អ្នកចូលរួម ពិសេសផ្សាភ្ជាប់វប្បធម៌ ប្រពៃណីជាមួយយុវជនផងដែរ។
 
សង្រ្កាន្តនោះដែរ គេរៀបចំមានកម្មវិធីជាច្រើនទាំងសម័យ-បុរាណ ដូចជាការលេងល្បែងប្រជាប្រិយខ្មែរ ការសម្ដែងសិល្បៈ របាំ ក្បាច់គុន ពិព័រម្ហូបអាហារ និងរបស់របរប្រើប្រាស់របស់ខ្មែរ,ការតុបតែងខ្លួនស្លៀកពាក់ខោអាវប្រពៃណីបុរាណផ្សេងៗ និងការប្រគុំតន្រ្តីសម័យ-បុរាណជាដើម។ ដូច្នេះការរៀបចំកម្មវិធីសង្រ្កាន្តបានក្លាយជាឱកាសសម្រាប់យុវជនអាចស្វែងយល់ពីពិធីប្រពៃណីរបស់ខ្លួនកាន់តែច្បាស់ និងជាពេលរម្លឹកពួកគេ ពីអរិយធម៌ដ៏រុងរឿងរបស់ខ្មែរថែមទៀតផង។
 
លោក សំបូរ មាណ្ណារ៉ា សាស្រ្តាចារ្យប្រវត្តិសាស្រ្តខ្មែរ ពន្យល់និយមន័យសង្រ្កាន្តថា គ្រាន់តែជាឈ្មោះនៃពិធីប្រពៃណីចូលឆ្នាំខ្មែរ ហើយមានតាំងសម័យបុរាណមកម្ល៉េះ។ សង្រ្កាន្តមានទម្រង់ និងរបៀបនៃការរៀបចំអាស្រ័យតាមតំបន់ និងទីតាំងផ្សេង។ យ៉ាងណាសាស្រ្តាចារ្យប្រវត្តិសាស្រ្តរូបនេះ យល់ថា ទម្រង់ ឬរបៀបនៃការរៀបចំសង្រ្កាន្តតាមតំបន់នីមួយៗ គឺសំខាន់ ។ 
 
«បញ្ហាទម្រង់ថាត្រូវឬខុសទាក់ទងនឹងតំបន់ ព្រោះជាសង្រ្កាន្តតំបន់។ សង្រ្កាន្តនេះមានទិសដៅទៅរកអី។ តាមពិតទៅខ្ញុំមិនបានគិតពីរឿងខុសត្រូវទេ ខ្ញុំគិតពីរឿងសមប្រកប ដើម្បីបំពេញសេចក្ដីថ្លៃថ្នូរ និងការសប្បាយរីករាយរបស់ប្រជាជាតិយើង និងថែរក្សាអ្វីជារបស់យើង»។ នេះជាការលើកឡើងរបស់សាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ដែលបន្តថា សង្រ្កាន្តប្រៀបដូចជាកន្លែងនៃបណ្ដុំប្រពៃណីទំនៀមទម្លាប់របស់ពលរដ្ឋតាមតំបន់ ដូចជាល្បែងប្រជាប្រិយ របាំ ការប្រតិបត្តិប្រពៃណីសាសនា និងភោគផលសហគមន៍ជាដើម។
 
សាស្រ្តាចារ្យរូបនេះ យល់ថាសកម្មភាព ឬរូបភាពប្រពៃណីក្នុងកម្មវិធីសង្រ្កាន្តជាតម្លៃនៃការរក្សាវប្បធម៌ និងអរិយធម៌ខ្មែរមួយផ្នែក៕
 

Tag:
 សង្រ្កាន្ត
 ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com