ជាតិ
សង្រ្កាន្តឆ្នាំថ្មី
កន្លែងស្នាក់នៅក្នុងខេត្តសៀមរាប មណ្ឌលគិរី និងតំបន់ឆ្នេរ មានភ្ញៀវកក់សឹង១០០ភាគរយ ភ្ញៀវទេសចរដើរទស្សនប្រាសាទក្នុងខេត្តសៀមរាបថ្ងៃទី១៣មេសា ឆ្នាំ២០២៣។
× បាត់ដំបង៖ សណ្ឋាគារផ្ទះសំណាក់ រួមទាំងសេវាស្នាក់នៅទេសចរណ៍នៅតាមគោលដៅទេសចរណ៍សំខាន់ មានខេត្តសៀមរាប មណ្ឌលគិរី ព្រះសីហនុ រួមទាំងតំបន់ឆ្នេរ ទទួលបានការកក់ស្ទើរពេញ១០០ភាគរយទៅហើយនៅចុងសប្តាហ៍នេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
មុនឈានដល់ថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំ ក្រសួងទេសចរណ៍ កត់សម្គាល់ឃើញថាភ្ញៀវទេសចរបាននាំគ្នាដើរកម្សន្តជាបន្តបន្ទាប់ នៅតាមបណ្ដាទីតាំងទេសចរណ៍នីមួយៗ។
យោងតាមតួលេខរបស់ក្រសួងទេសចរណ៍ ចាប់ពីថ្ងៃទី៣ ដល់៩មេសា កម្ពុជាមានភ្ញៀវទេសចរ រហូតដល់៣៧ម៉ឺននាក់បានចេញដើរកម្សាន្ត។ តំបន់គោលដៅ ដែលមានភ្ញៀវដើរកម្សាន្តច្រើនជាងគេ ខេត្តសៀមរាបព្រះសីហនុ និងព្រះវិហារ។
លុះដល់ចុងសប្ដាហ៍នេះ តំបន់គោលដៅ ពិសេសខេត្តសៀមរាប មណ្ឌលគិរីនិងតំបន់ឆ្នេរ មានការកក់កន្លែងស្នាក់នៅ ស្ទើរពេលទាំងអស់១០០ភាគរយសម្រាប់ត្រៀមស្នាក់នៅនាថ្ងៃឈប់សម្រាក់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
ជាមួយគ្នាដែរ ក្រសួង ក្រើនរំលឹកឱ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ត បន្តផ្សព្វផ្សាយសារាចរណែនាំស្តីពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ពិសេសការកំណត់តម្លៃសេវា និងការប្រើប្រាសអក្សរជាតិលើតារាងតម្លៃជាដើម។
ឆ្នាំនេះ រដ្ឋបានរៀបចំកម្មវិធីអង្គសង្រ្កាន្តនៅខេត្តសៀមរាបនិងកម្មវិធីប្រពៃណីជាច្រើនទៀត ដើម្បីបង្កើតឱកាសសប្បាយរីករាយដល់ប្រជាជនខណៈបណ្តារាជធានី-ខេត្តទាំងអស់ក៏បានត្រៀមខ្លួនជាច្រើន ក្នុងការរៀបចំកម្មវិធីសង្រ្កាន្តនៅតាមមូលដ្ឋានរបស់ខ្លួន។
សូមជម្រាបដែរថា បណ្តាស្ថាប័ន អង្គភាព គ្រឹះស្ថានសិក្សា និងក្រុមហ៊ុនឯកជនមួយចំនួន កាលពីដើមសប្ដាហ៍នេះ ក៏ប្រារព្ធកម្មវិធីសង្រ្កាន្តចូលឆ្នាំថ្មីជាមួយ ការតុបតែង ការលេងល្បែងប្រជាប្រិយ និងការជួបជុំកម្សាន្តសប្បាយជាមួយបុគ្គលិកផងដែរ៕
Tag:
ចូលឆ្នាំខ្មែរ
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com