ជាតិ
សង្គមជាតិ
ចូលឆ្នាំថ្មី៖ យុវជនខ្មែរកម្ពុជាក្រោម​និយមស្លៀកពាក់ប្រពៃណីចូលវត្តអារាម​
15, Apr 2023 , 11:29 am        
រូបភាព
យុវជនខ្មែរក្រោមសម្លៀកសំលៀកបំពាក់ប្រពៃណីចូលរួមរាំកម្សាន្ត និងលេងល្បែងប្រជាប្រិយនានាក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនៅវត្តស្វាយសៀមចាស់ ក្នុងខេត្តព្រះត្រពាំង នៃទឹកដីខ្មែរកម្ពុជាក្រោម។ រូបថត៖​ Khmer Krom Culture
យុវជនខ្មែរក្រោមសម្លៀកសំលៀកបំពាក់ប្រពៃណីចូលរួមរាំកម្សាន្ត និងលេងល្បែងប្រជាប្រិយនានាក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនៅវត្តស្វាយសៀមចាស់ ក្នុងខេត្តព្រះត្រពាំង នៃទឹកដីខ្មែរកម្ពុជាក្រោម។ រូបថត៖​ Khmer Krom Culture
ស្រប​ពេលពលរដ្ឋ​ខ្មែរ ត្រៀម​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ពលរដ្ឋ​ខ្មែរ​កម្ពុជា​​ក្រោមក៏​ត្រៀមខ្លួន​​ជា​ស្រេចក្នុងការ​ទទួល​ទេវតា​ថ្មី និង​ចូលរួមអបអរសាទរពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​នេះដែរ។ រាល់ពិធីបុណ្យចូលឆ្នាំខ្មែរ​ ប្រជាពលរដ្ឋ ជាពិសេសយុវជនខ្មែរកម្ពុជាក្រោម គឺនិយមស្លៀកសម្លៀកបំពាក់ប្រពៃណី ចូលទីវត្តអារាម​​ដែលជាកន្លែងជួបជុំគ្នាលេងល្បែងប្រជាប្រិយ និងរាំកម្សាន្តសប្បាយ។

 
​ដ្បិត​ពលរដ្ឋ​ខ្មែរកម្ពុជា​ក្រោម ​​រស់នៅក្រោមការគ្រប់គ្រង​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម​យ៉ាងណាក្តី ​ ក៏​ពលរដ្ឋទាំងនោះ​ខំប្រឹង​ប្រែង​ថែរក្សា​វប្បធម៌ និង​ប្រពៃណី​ខ្មែរ​មិន​ឱ្យ​បាត់បង់​ដែរ។ មិន​ខុស​គ្នា​ពី​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ទេ ពលរដ្ឋខ្មែរ​កម្ពុជា​ក្រោម​បាន​រៀបចំ​វត្ត ផ្ទះ​សម្បែង និង​រៀបចំ​ខ្លួន ដើម្បី​ទទួល​ទេវតា​ថ្មីនេះ។
 
ជាមួយនឹងការចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនេះ យុវជនប្រុស-ស្រីដែលរស់នៅក្នុងទឹកដីកម្ពុជាក្រោម គឺនិយមស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ​ ​​ដើម្បីចូលលេងកម្សាន្តនៅតាមវត្តអារាម។​​ បើតាមលោក​ ប៊ុន មុន្នី ប្រធានសមាគមខ្មែរកម្ពុជាក្រោម​ ការស្លៀកពាក់ប្រពៃណីរបស់យុវជនខ្មែរក្រោមនេះ គឺធ្វើឡើងទៅតាមការរៀបចំកម្មវិធីកម្សាន្តនានារបស់គណៈកម្មាវត្តនីមួយៗ។ 
 
«បើនៅក្នុងវត្តមានការរៀបចំកម្មវិធីប្រគុំតន្ត្រីប្រពៃណី​ លេងល្បែងប្រជាប្រិយ និងកម្មវិធីកម្សាន្តផ្សេងៗ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី យុវជនខ្មែរក្រោមភាគច្រើន គឺស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ខ្មែរយើង»។ លោក មុន្នី បានថ្លែងបែបនេះមកកាន់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) ដោយបានបញ្ជាក់ថា៖ « ក្រុមយុវជនខ្មែរក្រោមជាទូទៅ គឺពួកគាត់ស្លៀកពាក់ប្រពៃណីខ្មែរចូលវត្ត និងចូលរួមរៀបចំកម្មវិធីប្រពៃណីនានាដែលព្រះចៅអធិការបានអនុម័ត»។ 
 
ចំពោះល្បែងប្រជាប្រិយដែលយុវជនខ្មែរក្រោម​និយមលេងកម្សាន្តនោះមាន៖  ការលេងបោះអង្គញ់, 
​ចោលឈូង, លាក់កន្សែង, ទាញព្រ័ត្ត និងល្បែងលោតបាវ...ជាដើម។ ល្បែងកម្សាន្តទាំងនេះ ត្រូវបានពុទ្ធបរិស័ទចំណុះជើងវត្ត តែងតែរៀបចំឡើងក្នុងពិធីអបអរបុណ្យចូលឆ្នាំខ្មែរ។ 
 
ទីវត្តអារាមដែលយុវជននិយមស្លៀកពាក់ប្រពៃណីខ្មែរ​លេងល្បែងប្រជាប្រិយ រាំកម្សាន្ត និងចូលរួមកម្មវិធីកម្សាន្តផ្សេងៗ គឺមាននៅវត្តដើមអំពិល និងវត្ត​លក្ខណវង្ស ឈូងធំ ស្ថិតនៅក្នុងខេត្តឃ្លាំង។ លោក ប៊ុន មុន្នី បន្តនិយាយយ៉ាងដូច្នេះ៖ « ជាពិសេសនៅខេត្តព្រះត្រពាំង គឺមានយុវជនខ្មែរក្រោមយើងជាច្រើនស្លៀកពាក់ប្រពៃណីខ្មែរសឹងគ្រប់គ្នា​ នៅតាមគ្រប់វត្តអារាមនីមួយៗ»។​​
 
បើតាមប្រធានសមាគមខ្មែរកម្ពុជាក្រោមរូបនេះ​ នៅក្នុងទឹកដីកម្ពុជាក្រោម គឺមានជាង៤០០វត្ត។ ដោយឡែក ខេត្តដែលពលរដ្ឋខ្មែរក្រោមរស់នៅច្រើនជាងគេ គឺនៅខេត្តព្រះត្រពាំង ខេត្តឃ្លាំង​ និងខេត្តពលលាវ៕ 
 

Tag:
 សាសនា
  ប្រពៃណី
  ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com