ជាតិ
ចម្លាក់ប្រាសាទព្រះគោ ជាស្នាដៃសិល្បៈដ៏ប៉ិនប្រសប់នាដើមសម័យអង្គរ
14, Oct 2023 , 11:59 am        
រូបភាព
ស្រុកបាគង ខេត្តសៀមរាប៖ នាដើមសម័យអង្គរ បុព្វបុរស បានកសាងប្រាសាទ និងបុរាណស្ថាន ជាច្រើនអំពីឥដ្ឋ។ ប្រាសាទព្រះគោ ជាប្រាសាទឥដ្ឋដំបូងគេនៅតំបន់រលួស និងជាការចាប់កំណើតប្រាសាទឥដ្ឋ ដែលមានទំហំធំ និងរឺងមាំ។ ប្រាសាទព្រះគោ ត្រូវបានកសាងនាចុងសតវត្សរ៍ទី៩ ពោលគឺ ក្នុងឆ្នាំ៨៧៩ ក្នុងរាជព្រះបាទឥន្ទ្រវម៌្ម។



នៅក្នុងរមណីយដ្ឋានអង្គរ ប្រាសាទឥដ្ឋ មានដូចជា ប្រាសាទព្រះគោ ប្រាសាទលលៃ ប្រាសាទក្រវ៉ាន់ ប្រាសាទប្រែរូប ប្រាសាទបក្សីចាំក្រុង និងបុរាណស្ថានតូចៗជាច្រើនទៀត។  ប្រាសាទព្រះគោ  ជាសំណង់ឥដ្ឋដ៏ប្រណីតដើមសម័យអង្គរ។ ប្រាសាទឥដ្ឋនេះ មានលក្ខណៈពិសេសល្អឯក ក្នុងចំណោមប្រាសាទឥដ្ឋផ្សេងទៀត។ 
 
ចម្លាក់ទាំងប៉ុន្មាននាសតវត្សរ៍ទី៩ និងនៅប្រាសាទព្រះគោ ជាតឹកតាងឱ្យឃើញនូវទឹកដៃដ៏ប៉ិនប្រសប់នៃក្រុមជាង។ ចម្លាក់នៅសតទី៩ មានសិល្បៈកម្រិតខ្ពស់ ដែលគួរឱ្យស្ញប់ស្ញែងក្រៃលែង។ ផ្ដែ ហោជាង មេទ្វារ សសរពេជ្រ ព្រមទាំងគ្រឿងលម្អផ្សេងៗនៅប្រាសាទព្រះគោ ត្រូវបានឆ្លាក់ជាប្រភេទចម្លាក់លៀន ព្រមទាំងមានចលនារស់រលើកនៅលើថ្មភក់។ ក្បូរក្បាច់រចនាផ្សេងៗទៀត ត្រូវបានឆ្លាក់នៅឥដ្ឋផ្ទាល់ និងមួយភាគធំ មានបាយអយ៉ាងហ្មត់ពាសពីលើ។ 
 
តាមរយៈចម្លាក់លើថ្ម និងលើបាយអ បង្ហាញឱ្យឃើញពីទឹកដៃដ៏វិសេសវិសាលរបស់ជាង។ នៅប្រាសាទព្រះគោ បាយអ មានកម្រាស់ក្រាស់ៗ។ បុរាណវិទូ សន្និដ្ឋានថា ជាងដែលអាចឆ្លាក់រូបពីបាយអកម្រាសក្រាសនេះ គឺនៅពេលដែល បាយអនៅសើមនៅឡើយ។ 
 
ហេតុអ្វីបានជា ព្រះបាទឥន្ទ្រវម៌្ម សាងសង់ប្រាសាទព្រះគោនេះនៅអតីតរាជធានីហរិហរល័យ? ដើម្បីជ្រាបច្បាស់ សូមទស្សនាបទសម្ភាសរវាងលោក សែម វណ្ណា អ្នកសារព័ត៌មាន នៃសារព័ត៌មានឌីជីថលថ្មីៗ និងលោក ខៀវ ច័ន្ទ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា ដូចខាងក្រោម៖
 
 

Tag:
 ប្រាសាទព្រះគោ
  តំបន់រលួស
  ហរិហរាល័យ
© រក្សាសិទ្ធិដោយ thmeythmey.com