ជាតិ
មន្ត្រីនគរបាលចរាចរណ៍៣រូប ត្រូវបានដកបញ្ឈរជើង ដោយសារឃាត់រថយន្តខុសគោលការណ៍
18, Apr 2023 , 3:31 pm        
រូបភាព
មន្ត្រីនគរបាលចរាចរណ៍៣រូប នៅគោលដៅស្ដុបស្ពានអាកាស៥មករា ត្រូវបានដកបញ្ឈរជើង ដោយសារឃាត់រថយន្តខុសគោលការណ៍។ ការដាក់ពិន័យនេះ ក្រោយមានការប្រតិកម្មពីម្ចាស់យានយន្ត បង្ហោះវីដេអូតាមបណ្ដាញសង្គម ក្រោយថតបានតាមកាម៉េរាសុវត្ថិភាពក្នុងរថយន្ត កាលពីពេលថ្មីៗនេះ។



ក្រោយឃើញការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គម ក្រុមការងារជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវ និងកោះហៅមន្ត្រីចរាចរណ៍នៅគោលដៅស្ដុបស្ពានអាកាស ៥មករា ដើម្បីសាកសួរ។ ជាលទ្ធផលនោះ មន្ត្រីទាំង៣រូប បានសារភាព និងទទួលស្គាល់កំហុស ដែលបានប្រព្រឹត្តខុស ក្នុងករណីឃាត់រថយន្តម៉ាក់Lexus RX300 ពេលភ្លើងសញ្ញាចរាចរណ៍ ពណ៌បៃតង ពិតប្រាកដមែន។
 
«ដូច្នោះមន្ត្រីចរាចរណ៍ចំនួន២រូប និងមន្ត្រីកិច្ចសន្យាមួយរូប ត្រូវបានអនុវត្តវិន័យកងកម្លាំងដោយធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដកមកបញ្ឈរជើង ហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិកជារៀងរាល់ថ្ងៃម៉ោងធ្វើការ ព្រមទាំងចេញលិខិតព្រមានជាលើកទីមួយ ក្នុងការអនុវត្តខុសពីច្បាប់ដែលបានកំណត់»។ នេះបើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
 
ស្នងការដ្ឋាន ក៏លើកទឹកចិត្តឱ្យពលរដ្ឋផ្ដល់ព័ត៌មានមកអង្គភាពខ្លួន តាមរយៈបណ្ដាញសង្គម ឬប្រព័ន្ធទំនាក់ទំនងនានា ក្នុងករណីមានមន្ត្រីរូបណា ដែលអនុវត្តខុសពីការណែនាំ ឬផ្ទុយពីច្បាប់ដែលបានកំណត់៕

Tag:
 ប៉ូលិស
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com