ជាតិ
ចូលឆ្នាំ៖ ទោះពលរដ្ឋទៅស្រុកកំណើត តែភ្នំពេញ នៅតែមានទេសចរដើរកម្សាន្តជាង ១លាននាក់​
18, Apr 2023 , 9:59 pm        
រូបភាព
ទិដ្ឋភាពសង្រ្កាន្តវត្តភ្នំ។ រូបភាពពី​រដ្ឋបាលរាជធានីភ្នំពេញ
ទិដ្ឋភាពសង្រ្កាន្តវត្តភ្នំ។ រូបភាពពី​រដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ ក្នុង​រយៈពេល​៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ មេសា នៃ​ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មាន​ទេសចរដើរកម្សាន្ត​ចំនួន ១៣,១៨៧,៧៧១នាក់ នៅទូទាំង​ប្រទេស។ ចំណែក​រាជធានីភ្នំពេញវិញ បាន​ឈរនៅ​លំដាប់ទី៤ ដោយ​ទទួលបាន​ទេសចរចំនួន ១,០៨០,៥០៩នាក់។



របាយការណ៍​ស្ថិតិ​ភ្ញៀវទេសចរ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូលឆ្នាំខ្មែររបស់ក្រសួងទេសចរណ៍ ចាប់ពីថ្ងៃទី​១៤-១៦ មេសា​​ បង្ហាញថា ភ្នំពេញ ទទួលបាន​ទេសចរចំនួន ១,០៨០,៥០៩នាក់ ខណៈបុណ្យចូលឆ្នាំខ្មែរកាលពីឆ្នាំ២០២២ មានត្រឹម​ ២២២,២២០នាក់ប៉ុណ្ណោះ​​។ ក្នុង​ចំណោម​ទេសចរជាង១លាននាក់នេះ មានទេសចរជាតិចំនួន ១,០៧៤,៣២៧នាក់ និង​អន្តរជាតិមានចំនួន ៦,១៨២នាក់។ 
  

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចូលរួមក្នុង​សង្រ្កាន្តវត្តភ្នំ។ រូបភាពពី​រដ្ឋបាលរាជធានីភ្នំពេញ.
 
ឆ្នាំ២០២៣នេះ រដ្ឋបាល​រាជធានីភ្នំពេញ បន្ត​រៀបចំ​ព្រឹត្តិការណ៍​ «សង្រ្កាន្ត​វត្ត​ភ្នំ» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី និងបង្កើតភាពរីករាយដល់ពលរដ្ឋ និងភ្ញៀវទេសចរនៅរាជធានីភ្នំពេញ។ តាមរយៈការ​បង្កើត​ព្រឹត្តិការណ៍នេះ​ បាន​ធ្វើ​ឱ្យ​មាន​កំណើន​ភ្ញៀវទេសចរ​ ជាពិសេស​ពលរដ្ឋនៅ​រាជធានីភ្នំពេញ អាចចូលរួម​លេង​កម្សាន្ត​ក្នុង​ឱកាស​ពិធីបុណ្យចូលឆ្នាំ​ថ្មី។
 
លោក ម៉េត មាស​ភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានី​ភ្នំពេញ បា​ន​លើក​ឡើងថា​ ទោះ​ពលរដ្ឋមួយចំនួនទៅស្រុកកំណើត និង​ដើរ​លេង​តាម​រមណីយដ្ឋាននានា តែ​មាន​ពលរដ្ឋមួយចំនួន នៅ​រីករាយបុណ្យចូលឆ្នាំនៅរាជធានីភ្នំពេញ។ បើតាម​អ្នក​នាំពាក្យរូបនេះ ពីមួយឆ្នាំទៅមួយឆ្នាំ រដ្ឋបាលរាជធានីភ្នំពេញ តែងតែរៀបចំ​កម្មវិធីឱ្យកាន់តែស្អាត និងសប្បាយ ជាពិសេសរក្សា​សន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុង​ឱកាស​ពិធី​បុណ្យ​ចូលឆ្នាំខ្មែរ។ 
 

 ទិដ្ឋភាពសង្រ្កាន្តវត្តភ្នំ។ រូបភាពពី​រដ្ឋបាលរាជធានីភ្នំពេញ.
 
ក្នុង​ព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំឆ្នាំនេះ ហាក់មាន​ភាព​ខុសប្លែកពីឆ្នាំមុនៗ ដោយឆ្នាំនេះ ពលរដ្ឋច្រើនកុះករ​បានចូលរួម​លេង​កម្សាន្តសប្បាយ ដែលធ្វើ​ឱ្យ​ភ្នំពេញ​មាន​ភាព​អ៊ូអរ។ «យើងទទួលបាន​ជោគជ័យនៅឆ្នាំនេះ ដោយ​យើងទើប​​ងើប​ពី​កូវីដ។ លទ្ធផលដែលទទួល​បាននេះ ជា​កម្លាំងចិត្ត​សម្រាប់ត្រៀម​នៅឆ្នាំក្រោយៗឱ្យកាន់តែប្រសើរ និង​សប្បាយរីករាយបន្ថែមទៀត»។ នេះជាការ​បញ្ជាក់របស់​លោក ម៉េត មាសភក្តី ដោយ​បន្តថា នេះជា​មោទកភាព​ក្នុងនាម​រដ្ឋបាលរាជធានីភ្នំពេញ​ ដែល​ពលរដ្ឋ​មាន​សាមគ្គីភាព​ និង​មាន​ឱកាស​ជួប​ជុំគ្នា។​
 
សូម​បញ្ជាក់ថា ក្នុង​ព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ មានកម្មវិធីវប្បធម៌ ប្រពៃណីជាច្រើន ដូចជាពិធីគោរពទីទួលដូនពេញ, ពូនភ្នំខ្សាច់, ស្រង់ព្រះ, សម្តែងសិល្បៈរបាំត្រុដិ, ការតាំងបង្ហាញគំនូរសិល្បៈ, ការប្រគំតន្រ្តីបុរាណ-សម័យ, តាំងបង្ហាញគំនូរបុរាណ វត្ថុសិល្បៈវប្បធម៌ និង​ការ​លេង​ល្បែងប្រជាប្រិយ៕​
 

 ទិដ្ឋភាពសង្រ្កាន្តវត្តភ្នំ។ រូបភាពពី​រដ្ឋបាលរាជធានីភ្នំពេញ.
 
 


Tag:
 ទេសចរ
  ចូលឆ្នាំ
  ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com