ជាតិ
រដ្ឋមន្ត្រីសាធារណការ គ្រោងប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលផ្ដល់សេវាភ័ស្តុភារកម្ម ក្នុងតំបន់
19, Apr 2023 , 8:59 pm        
រូបភាព
​លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីសាធារណការ និងដឹកជញ្ជូន ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុ រវាងក្រសួង និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) ដែលដឹកនាំដោយលោក Asad Yqub នៅថ្ងៃទី១៩​ មេសា ២០២៣។ រូបពីក្រសួងសាធារណការ។
​លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីសាធារណការ និងដឹកជញ្ជូន ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុ រវាងក្រសួង និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) ដែលដឹកនាំដោយលោក Asad Yqub នៅថ្ងៃទី១៩​ មេសា ២០២៣។ រូបពីក្រសួងសាធារណការ។
ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងអភិវឌ្ឍន៍កម្ពុជា ទៅជាមជ្ឈមណ្ឌលភ័ស្តុភារកម្មមួយ សម្រាប់ផ្ដល់សេវាផ្គត់ផ្គង់ដ៏ធំ នៅក្នុងតំបន់។ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីសាធារណការ បានថ្លែងបែបនេះ នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុ រវាងក្រសួង និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) ដែលដឹកនាំដោយលោក Asad Yqub នៅថ្ងៃទី១៩​ មេសា។



ថ្លែងក្នុងពិធីចុះហត្ថលេខានោះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្ម នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការសម្រួលដល់ការដឹកជញ្ជូនទំនិញ និងសេវាកម្មពីអ្នកផលិតទៅអ្នកប្រើប្រាស់ ព្រមទាំងមានប្រសិទ្ធភាពអាចជួយកាត់បន្ថយថ្លៃដឹកជញ្ជូន បង្កើនលទ្ធភាពទទួលបានផលិតផល និងបង្កើនប្រសិទ្ធភាពសង្វាក់ផ្គត់ផ្គង់ទាំងមូលទៀតផង។
 
រដ្ឋមន្ត្រីសាធារណការរូបនេះ បានសង្កត់ធ្ងន់ថា៖« យើងគ្រោងប្រែក្លាយប្រទេសកម្ពុជាទៅជាមជ្ឈមណ្ឌលភ័ស្តុភារកម្មមួយ ដែលអាចផ្តល់សេវាភ័ស្តុភារកម្មពីប្រទេសកម្ពុជា ទៅបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍»។
 
ក្រសួងសាធារណការ និងដឹកជញ្ជូន និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) នឹងសិក្សាសមិទ្ធិលទ្ធភាពគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មក្រុងព្រះសីហនុ SHV-LC (Sihanoukville Logistics Complex) ។ ក្នុងនោះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ត្រីជំនាញ និងក្រុមការងារសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិជាច្រើនរូបផងដែរ។ 
 
នេះជាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មលើកទី២ ហើយ ដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានអនុវត្ត បន្ទាប់ពីគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ។ ក្រសួងសាធារណការ គ្រោងនឹងអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្ម នៅក្រុងបាវិត ខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យផងដែរ។ នេះបើតាមលោក ស៊ុន ចាន់ថុល។
 
សូមជម្រាបថា មជ្ឈមណ្ឌលភ័ស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC) គឺជាមជ្ឈមណ្ឌលភ័ស្តុភារអាទិភាពមួយ ក្នុងចំណោមមជ្ឈមណ្ឌលភ័ស្តុភារអាទិភាពចំនួនពីរ ដែលត្រូវអភិវឌ្ឍក្នុងប្រទេសកម្ពុជា។ មជ្ឈមណ្ឌលនេះ ត្រូវបានកំណត់នៅក្នុងផែនការមេភ័ស្តុភារកម្មរបស់ក្រសួងសាធារណការ ដើម្បីតភ្ជាប់ទៅមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex) ។ គម្រោងទាំងនេះនឹងជួយផ្លាស់ប្តូរមុខមាត់នៃប្រតិបត្តិការដឹកជញ្ជូន និងសង្វាក់ផ្គត់ផ្គង់កាន់តែប្រសើរ ព្រមទាំងអាចទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកកម្ពុជាកាន់តែច្រើន។ ជាពិសេសបើកឱកាសដល់ការប្រកួតប្រជែង និងសម្របសម្រួលពាណិជ្ជកម្មអន្តរជាតិ ដែលការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕
 

Tag:
 ស៊ុន ចាន់ថុល
  ភ័ស្តុភារ
© រក្សាសិទ្ធិដោយ thmeythmey.com