ជាតិ
សេដ្ឋកិច្ច
CDC អនុម័ត​ឱ្យ​ក្រុមហ៊ុនបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និង​​ដាំដើមកៅស៊ូ ដែលមានទុនជាង ១០០លានដុល្លារ​
20, Apr 2023 , 9:29 am        
រូបភាព
 រូបភាពពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)
រូបភាពពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តក្រុមហ៊ុនចំនួន៥ ដែល​វិនិយោគទុនសរុប​ជាង ១០០លានដុល្លារ ដើម្បីបង្កើត​កសិដ្ឋាន​ចិញ្ចឹមគោពូជ, ដាំដើមកៅស៊ូ, រោងចក្រ​ដំឡើងបន្ទះសូឡា, រោងចក្រកាត់ដេរសម្លៀកបំពាក់ និង​រោងចក្រ​ដំឡើង​សម្ភារអេឡិចត្រូនិក។ បើតាម CDC កសិដ្ឋាន និង​រោងចក្រទាំងនេះ អា​ច​បង្កើត​ការ​ងារ​បាន​ ១១៦៨កន្លែងផងដែរ។



ក្រុមហ៊ុនទាំង៥ ដែល CDC បានអនុម័តនោះ រួមមានក្រុមហ៊ុន EASTERN RUBBER (CAMBODIA) CO., LTD ដែល​មាន​គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំ នៅ​ស្រុកស្នួល ខេត្តក្រចេះ។ ក្រុម​ហ៊ុននេះ ​បានបោះទុនវិនិយោគប្រមាណ ៧៣,៤លានដុល្លារ និងអាចបង្កើតការងារចំនួន ៧៩កន្លែង។ 

រូបភាពពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) 
 
ចំណែក ក្រុមហ៊ុន RITHY RUBBER (CAMBODIA) CO., LTD មានគម្រោងបង្កើតកសិដ្ឋានដាំដើមកៅស៊ូ និងសាងសង់រោងចក្រកែច្នៃ នៅ​ស្រុករវៀង ខេត្តព្រះវិហារ។ ក្រុម​ហ៊ុននេះ នឹងបោះទុន​​វិនិយោគប្រមាណ ១២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៥៨កន្លែង។
 
ចំពោះក្រុមហ៊ុន GE NEW ENERGY TECHNOLOGY (CAMBODIA) CO., LTD មានគម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា នៅ​ខណ្ឌ​កំបូល រាជធានីភ្នំពេញ។ ក្រុម​ហ៊ុននេះ នឹងបោះទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២០៥កន្លែង។
 
ដោយឡែក ក្រុមហ៊ុន JINGMAOGUOJI (CAMBODIA) GARMENT CO., LTD ដែលជាគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ បានវិនិយោគទុនប្រមាណ ៥,៧លានដុល្លារ។ ក្រុមហ៊ុននេះ មានទីតាំងស្ថិតនៅស្រុកបាទី ខេត្តតាកែវ និងអាចបង្កើតការងារដល់ពលរដ្ឋចំនួន ៤៧៥កន្លែង។
 
សម្រាប់ក្រុម​ហ៊ុនចុងក្រោយវិញ គឺ​ក្រុមហ៊ុន​ EBELNO (CAMBODIA) CO., LTD ដែលមានគម្រោងបង្កើតរោងចក្រផ្គុំដំឡើងសម្ភារអេឡិចត្រូនិក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុននេះ មាន​ទុនវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៥១កន្លែងផងដែរ៕
 

Tag:
 កសិកម្ម
  ក្រចេះ
  ព្រះវិហារ​
© រក្សាសិទ្ធិដោយ thmeythmey.com