ជាតិ
សម្ដេច ហ៊ុន សែន ៖ យើងធ្វើស៊ីហ្គេមដំបូងនេះ ឱ្យគេស្គាល់ខ្មែរឱ្យច្បាស់
20, Apr 2023 , 10:35 am        
រូបភាព
សម្ដេច ហ៊ុន សែន បានប្រកាសជាថ្មីថា ការរៀបចំប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីហ្គេម លើកដំបូងនៅកម្ពុជានេះ គឺមិនត្រូវឱ្យលក់សំបុត្រ និងយកប្រាក់ថ្លៃស្នាក់នៅពីប្រតិភូកីឡា ដូចប្រទេសនានា ដែលធ្លាប់ធ្វើម្ចាស់ផ្ទះកន្លងមកឡើយ។



ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា មូលហេតុដែលសម្ដេច សម្រេចមិនឱ្យយកប្រាក់ពីការទស្សនា និងការស្នាក់នៅរបស់ប្រតិភូកីឡានេះ ដើម្បីឱ្យពិភពលោកស្គាល់កម្ពុជា កាន់តែច្បាស់ថែមទៀត។ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ នៅថ្ងៃទី២០ មេសានេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា៖« យើងធ្វើ(ស៊ីហ្គេម) លើកនេះ គឺធ្វើឱ្យគេស្គាល់ខ្មែរឱ្យច្បាស់ ដែលពីមុននេះ ខ្មែរយើងត្រូវបានគេភ្លេចទៅហើយ»។
 
បើតាមសម្ដេច ហ៊ុន សែន ក្រៅពីការប្រកួតកីឡាស៊ីហ្គេមនេះ ក៏មានគេស្គាល់កម្ពុជាច្រើនមកហើយ តាមរយៈផលិតផលអង្ករខ្មែរ នៅក្នុងទីផ្សារអន្តរជាតិ ៧៣ប្រទេស បូករួមទាំងស្វាយចន្ទី ម្រេច និងផលិតផលផ្សេងទៀត។
 
ប្រតិភូកីឡាមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ នឹងមិនត្រូវបង់ថ្លៃចំនួន ៥០ដុល្លារម្នាក់ក្នុង១ថ្ងៃៗ ដល់ម្ចាស់ផ្ទះកម្ពុជានោះទេ។ គោលបំណងនៃការសម្រេចមិនយកប្រាក់ សម្រាប់ការស្នាក់នៅហូបចុក របស់ប្រតិភូកីឡា ដើម្បីបង្កើនចំណងមិត្តភាព និងឈានទៅរកភាពជោគជ័យ ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
 
ដោយឡែកគណៈកម្មាធិការអូឡាំពិកវៀតណាម (VOC) បានអះអាងថាខ្លួនធូរការចំណាយរហូតដល់ ៥ម៉ឺនដុល្លារក្នុងមួយថ្ងៃនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដោយសារតែម្ចាស់ផ្ទះកម្ពុជាមិនយកប្រាក់លើថ្លៃស្នាក់នៅ ហូបចុក ទៅលើប្រតិភូកីឡាទាំងអស់៕

Tag:
 ហ៊ុន សែន
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com