គំនិតមួយ
ជាតិ
សង្គមជាតិ
ព្រះមហា ពិន សែម៖ ជំទាវៗដែលជ្រះថ្លានឹងពុទ្ធសាសនា ប្រៀបដូចជាកន្សៃសារពេជ្ញ
20, Apr 2023 , 5:16 pm        
រូបភាព
ដោយ: រួបរួម
ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប បានបង្ហាញពីព្រះទ័យសប្បាយរីករាយ ដោយឃើញមន្ត្រីរាជការ ជាពិសេសក្រុមលោកជំទាវ ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា កាន់តែច្រើន។ នេះបើយោងសង្ឃដីការបស់ព្រះអង្គនាពេលផ្តល់ឱវាទដល់លោកអភិបាលខេត្ត ទៀ សីហា និងលោកស្រី ទៀង អេង ជាភរិយា រួមទាំងសហការ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិកន្លងមក។

 
«អាត្មាសូមជម្រាប ពីបុរាណមុនមក មន្ត្រីរាជការមិនសូវបានជ្រះថ្លានឹងព្រះពុទ្ធសាសនាច្រើនទេ តែឥឡូវនេះ ឃើញជ្រះថ្លានឹងព្រះពុទ្ធសាសនាច្រើនណាស់ អ្នកដែលជ្រះថ្លាច្រើនជាងគេច្រើនតែជំទាវ។ ឯកឧត្តម ដូចតាមលោកជំទាវ និយាយអ៊ីចឹងដូចឱ្យឯកឧត្តមធ្លាក់ចុះ តែអាហ្នឹងរឿងពិត»។ នេះជាការកត់សម្គាល់របស់ព្រះអង្គ ពិន សែម។
 
 
ព្រះមហាវិមលធម្ម បានបន្ថែមថា ក្រុមលោកជំទាវជ្រះថ្លានឹងព្រះពុទ្ធសាសនា ប្រៀបបានដូចជាកន្សៃសារពេជ្ញ ដែលញ៉ាំងឱ្យឯកឧត្តមជាស្វាមី មានសទ្ធាជ្រះថ្លាដូចគ្នា ហើយជួយឱ្យស្វាមី កាន់តែមានកិត្តិយស កេរ្តិ៍ឈ្មោះ ខ្ពង់ខ្ពស់។
 
នៅចំពោះមុខពុទ្ធបរិស័ទប្រមាណ៣០នាក់ ដែលភាគច្រើនជាស្ត្រី ព្រះអង្គ ពិន សែម បានកោតសរសើរពីទឹកចិត្តជ្រះថ្លាចំពោះព្រះពុទ្ធសាសនារបស់លោកស្រី ពេជ្រ ច័ន្ទមុនី ភរិយាលោក ហ៊ុន ម៉ាណែត ជាមួយនឹងការដាក់ខ្លួនយ៉ាងសាមញ្ញ។
 
ព្រះអង្គ បានរំលឹកពីរឿងព្រះវេសន្តរ ដោយព្រះវេសន្តរ ជាជាតិទី១០របស់ព្រះសម្មាសម្ពុទ្ធនៅពេលដែលព្រះអង្គសាងទានបារមី។ «នាងមេទ្រីជាអគ្គមេហសី គេហៅថា កន្សៃសារពេជ្ញ ។ កន្សៃសារពេជ្ញគឺជាអ្នកជួយបំពេញកិច្ចការ ក្នុងការសាងបារមីដល់ ព្រះវេសន្តរជាព្រះពោធិសត្វ»។ ព្រះអង្គបានពន្យល់យ៉ាងដូច្នេះ។
 
ជាមួយគ្នានេះ ព្រះអង្គបានលើកឡើងពីអត្ថន័យនៃពាក្យ «មនុស្សស្រី» ដែលបាលីថា «សិរី» និងសំស្ក្រឹតថា «ស្ត្រី» ផងដែរ។ ពាក្យនេះ មានន័យថា អ្នកធ្វើឱ្យមានសុភមង្គល ជោគជ័យ យសស័ក្តិក្នុងត្រកូលរបស់ខ្លួន និងគ្រួសារ ពោលគឺស្ត្រីជាមេផ្ទះ ញ៉ាំងគ្រួសារ ឱ្យមានសុភមង្គល។
 
«លោកជំទាវអាចធ្វើឱ្យឯកឧត្តម ជាស្វាមី មានកិត្តិយស កេរ្តិ៍ឈ្មោះកាន់តែខ្ពង់ខ្ពស់ឡើង ដោយសារលោកជំទាវជាកន្សៃសារពេជ្ញ»។ ព្រះមហា ពិន សែន បានថ្លែងបែបនេះ ទៅកាន់លោកស្រី ទៀង អេង ភរិយាអភិបាលខេត្តសៀមរាប។
 
ព្រះអង្គបានភ្ជាប់នឹងសុភាសិតពីបុរាណផងដែរ ដែលមានសេចក្តីថា «ខ្លែងហើរដ្បិតខ្យល់ នាយថ្កើងដ្បិតពល រក្សាឱ្យសុខ ទ្រព្យគង់ដ្បិតស្រីចេះសំចៃទុក ផ្ទះធំស្រណុកដ្បិតភរិយាជា»។ បើតាមព្រះមហា ច្បាប់ព្រះរាជសម្ភារនេះ មានន័យលើកតម្កើងស្ត្រីជាពិសេស ដូចចាស់ៗតែងពោលថា «អ្នករកមិនស្មើនឹងអ្នកទុកទេ អ្នករក រកមួយថ្ងៃបានប៉ុន្មានក៏ដោយ តែមិនចេះទុក ទ្រព្យច្បាស់ជាអន្តរាយអស់»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com