កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ភូមិកីឡា មាន៣៧០០គ្រែ ត្រៀមទទួលប្រតិភូកីឡានៅស៊ីហ្គេមលើកទី៣២
21, Apr 2023 , 7:59 am        
រូបភាព
ភូមិកីឡា ដើរតួនាទីសំខាន់នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ ទីតាំងនេះ នឹងត្រូវធ្វើជាកន្លែងទទួលប្រតិភូកីឡា ដូចជានាយបេសកកម្ម អត្ដពលិក គ្រូបង្វឹក ពេទ្យ និងមន្ដ្រីរបស់សហព័ន្ធកីឡា មកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដើម្បីចូលរួមប្រកួត។



ភូមិកីឡា មានផ្ទៃដី៨ហិកតា និងមានអាគារសរុប ១២អគារ ស្មើនិងជាង១៣០០បន្ទប់ មានខុនដូរប្រភេទស្ទូឌីយ៉ូ១អគារ ស្មើនឹង ១៦៣បន្ទប់ កម្ពស់១៣ជាន់។ ក្រៅពីនេះ ក៏មានជាប្រភេទផ្ទះល្វែង ផ្ទះវីឡា សារមន្ទីរកីឡា ជាដើម។ រីឯចំនួនគ្រែសរុប មាន៣៧០០គ្រែ ដោយអត្ដពលិកម្នាក់សម្រាកលើគ្រែមួយ។ 
  


ភូមិកីឡា បានត្រៀខ្លួនរួចជាស្រេច ដើម្បីទទួលអត្ដពលិក ដែលមកពីបណ្ដាលប្រទេសក្នុងតំបន់អាស៊ាន សម្រាប់ប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ 
ដោយឡែកសម្រាប់ប្រតិភូកីឡាមួយចំនួន គណៈកម្មការជាតិ CAMSOC ក៏បានត្រៀមសណ្ឋាគារ ចំនួន១១ផ្សេងទៀត ផងដែរ ដោយផ្អែកលើប្រភេទកីឡា និងទីតាំងរបស់ទីលានប្រកួត។

ទីតាំងប្រកួតចំនួន៥ មាននៅរាជធានីភ្នំពេញ សៀមរាប កំពត កែប និងក្រុងព្រះសីហនុ។ ការរៀបចំ ដែលស្ថិតនៅជិតទីលានប្រកួតបែបនេះ គឺងាយស្រួលដល់ការដឹកជញ្ជូនអត្ដពលិក និងប្រតិភូកីឡាផ្សេងទៀតអំឡុងពេលប្រកួត។ ក្រៅពីនេះ ចៅក្រម ឬអាជ្ញាកណ្ដាលអន្ដរជាតិ ដែលត្រូវចូលរួម ត្រូវសម្រាកនៅសណ្ឋាគារ។ 
  


តាមការផ្សាយរបស់គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ មានប្រតិភូកីឡាសរុប ១២៤០៤ នឹងចូលរួមស៊ីហ្គេមលើកទី៣២។ ប្រតិភូទាំងនោះ មិនមែនមកស្នាក់នៅកម្ពុជា ក្នុងពេលតែមួយនោះទេ។ នោះ មានន័យថាប្រតិភូ ដែលចប់បេសកកម្ម ក្នុងការប្រកួត គឺត្រូវត្រឡប់ទៅវិញ ចំណែកកន្លែងទទួលក្នុងភូមិកីឡា គឺត្រូវរៀបចំសម្អាត ដោយក្រុមអ្នកស្ម័គ្រចិត្ត ដើម្បីទទួលប្រតិភូថ្មី ដែលមានភារកិច្ចប្រកួតបន្ទាប់។ ប្រតិភូកីឡា និងអត្ដពលិក តម្រូវឲ្យមកដល់កម្ពុជា មុន២ថ្ងៃ មុនពេលប្រកួតចាប់ផ្ដើម ដោយការប្រកួតតាមប្រភេទកីឡា និងវិញ្ញាសា បានកំណត់រួចរាល់ទៅតាមកាលវិភាគប្រកួត។ 
 
ប្រតិភូ នឹងត្រូវចែកជាផ្នែក ឬជាអាគារទៅតាមប្រទេសនីមួយៗ។ ឧទាហរណ៍ថា អាគារណា ឬក៏ផ្ទះណាមួយ ជាកន្លែងស្នាក់របស់ប្រទេសណាមួយ ដែលមិនអាចឲ្យក្រុមប្រទេសផ្សេង ស្នាក់នៅចូលគ្នាបានទេ។ 
  


ភូមិកីឡា នឹងត្រូវទទួលអត្ដពលិកបន្ដើៗ ចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយមានវិញ្ញាសាកីឡាមួយចំនួន ដូចជាបាល់ទាត់ នឹងចាប់ផ្ដើមប្រកួត នាថ្ងៃទី២៩ ខែមេសា មុនពេលថ្ងៃបើជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា។ 
 
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា នឹងចាប់ផ្ដើមនៅថ្ងៃទី៥ ខែឧសភា និងបញ្ចប់ទៅនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ចំណែក អាស៊ានប៉ារ៉ាហ្គេម នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី៣មិថុនា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕
 


Tag:
 ស៊ីហ្គេម៣២
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com