ជាតិ
អ្នកដាំបន្លែ កំពុងរងផលប៉ះពាល់ដោយសារការឡើងកម្ដៅ
20, Apr 2023 , 9:59 pm        
រូបភាព
កសិករ ក្នុងសហគមន៍កសិកម្មបៃតងគោក ខេត្តត្បូងឃ្មុំ មមាញឹកប្រមូលផលស្លឹកខ្ទឹម។ រូបភាព៖ មន្ទីរកសិកម្ម ខេត្តត្បូងឃ្ម។
កសិករ ក្នុងសហគមន៍កសិកម្មបៃតងគោក ខេត្តត្បូងឃ្មុំ មមាញឹកប្រមូលផលស្លឹកខ្ទឹម។ រូបភាព៖ មន្ទីរកសិកម្ម ខេត្តត្បូងឃ្ម។
ភ្នំពេញ៖ ការប្រែប្រួលអាកាសធាតុ បានបង្កផលប៉ះពាល់ឥតឈប់ឈរដល់វិស័យកសិកម្ម។ ការកើនឡើងកម្ដៅនៅរដូវប្រាំង បានធ្វើឱ្យបន្លែរបស់កសិករជាច្រើនលូតលាស់មិនល្អ និងឈានដល់ការខូចខាត ដោយសារកង្វះខាតទឹកស្រោចស្រព។

 
លោក តេន ទុំ ប្រធានសហគមន៍កសិកម្មបៃតងគោក ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ការកើនឡើងកម្ដៅនៅរដូវប្រាំង បានទាញទម្លាក់ទិន្នផលបន្លែក្នុងសហគមន៍របស់លោករហូតដល់ ៤០ភាគរយ។ ជាក់ស្ដែង ដំណាំមួយចំនួនមិនអាចលូតលាស់ល្អ ហើយខ្លះខូចក្ដឹប ជ្រុះផ្ការ និងរួញស្លឹក ជាដើម។ 


លោក តេន ទុំ ប្រធានសហគមន៍កសិកម្មបៃតងគោក នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ  ខេត្តត្បូងឃ្មុំ។  រូបភាព៖ មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ
 
ជាមធ្យម សហគមន៍កសិកម្មបៃតងគោក អាចប្រមូលទិន្នផលបន្លែបានចន្លោះពី ៥ទៅ ៦តោន ក្នុងមួយថ្ងៃ។ ប៉ុន្តែ សីតុណ្ហភាពក្ដៅប៉ុន្មានខែចុងក្រោយនេះ បានធ្វើឱ្យផលថយចុះត្រឹមជាង ២តោនប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ បន្លែ ដែលងាយរងគ្រោះជាងគេ គឺតាសក់ សណ្ដែកគួ និងននោង ព្រោះថា បន្លែផ្លែទាំងនេះ ត្រូវការអាកាសធាតុត្រជាក់ និងទាមទារឱ្យមានទឹកគ្រប់គ្រាន់។ 
ប្រធានសហគមន៍កសិកម្មបៃតងគោករូបនេះ ព្រួយបារម្ភ កម្ដៅនៅតែបន្តកើនឡើង និងអូសបន្លាយូរ។ វា នឹងធ្វើឱ្យប៉ះពាល់កាន់តែខ្លាំងដល់ការដាំដុះបន្លែក្នុងសហគមន៍។ កសិករជាច្រើន កំពុងត្អូញត្អែរពីកង្វះខាតទឹកស្រោចស្រព។ 
 
បច្ចុប្បន្ន អាកាសធាតុប្រែប្រួលលឿន ជាហេតុធ្វើឱ្យកសិករពិបាកសម្របខ្លួន ស្របពេល ពួកគេមិនទាន់មានចំណេះដឹងផ្នែកថែទាំ និងរើសពូជដែលធន់នឹងអាកាសធាតុ នៅឡើយ។ លោក តេន ទុំ រៀបរាប់ដូច្នេះ៖«មួយខែមុន វាធ្វើឱ្យបន្លែប៉ះពាល់ច្រើន ដូចជា តាសក់ត្រូវខូចក្ដឹប ជ្រុះផ្ការ និងរួចស្លឹក នេះដោយសារក្ដៅខ្លាំងពេក។ និយាយទៅដំណាំវាអត់បានធំធាត់ល្អ ជ្រុះច្រើន។ នៅប្រាំងនេះ ទិន្នផលធ្លាក់ បើយើងគិតជាភាគរយវិញ ធ្លាក់ចុះប្រហែល ៤០ភាគរយហើយ ធៀបនឹងរដូវស្សា»។  
 
ក្រៅពីអាកាសធាតុក្ដៅ សហគមន៍កសិកម្មបៃតងគោក ក៏ជួបប្រទះនឹងបញ្ហាទីផ្សារ និងតម្លៃធ្លាក់ចុះផងដែរ។ ករណីនេះ គឺផ្ទុញពីការរំពឹងទុករបស់លោក តេន ទុំ ទាំងស្រុង ដែលគិតថា នៅរដូវប្រាំងខ្វះបន្លែ ហើយតម្លៃនឹងឡើងខ្ពស់។ 
 
មូលហេតុដែលតម្លៃ និងទីផ្សារ បន្លែ ធ្លាក់ចុះ អាចបណ្ដាលមកពីពលរដ្ឋកាត់បន្ថយការហូបចុក និងការហូរចូលបន្លែពីប្រទេសជិតខាង។ បន្លែ បានធ្លាក់ថ្លៃចាប់ពីកុម្ភៈមក។ ជាក់ស្ដែង សណ្ដែកគួមានតម្លៃ ១ពាន់រៀល ក្នុងមួយគីឡូក្រោម, តាសក់ បានតម្លៃ ៦០០ ទៅ៧០០រៀល ក្នុងមួយគីឡូក្រាម។ យ៉ាងណា ប្រជាការកសិករក្នុងសហគមន៍ ជឿជាក់ថា តម្លៃទីផ្សារបន្លែ នឹងងើបឡើងវិញនៅខែឧសភា ឬមិថុនា។
 
បច្ចុប្បន្ន កសិករកំពុងរងគ្រោះដោយសារកម្ដៅផង និងការធ្លាក់ចុះនៃតម្លៃទីផ្សារផង ស្របពេលធាតុចូលកសិកម្ម ដូចជា ជីថ្នាំ សុទ្ធសឹងឡើងថ្លៃ។ នេះជាបញ្ហា ដែលកសិករដាំដុះបន្លែពិបាករកប្រាក់ចំណេញ។ 
 
លោក តេន ទុំ បន្ថែមដូច្នេះ៖ «ទី១ កសិករ យើងកង្វះខាតទឹក។ ទី២ បន្លែ រងឥទ្ធិពលកម្ដៅ ដែលធ្វើឱ្យទិន្នផលធ្លាក់ចុះខ្លាំងមែនទែន។ ហើយទី៣ បូកបញ្ចូលជាមួយធាតុចូលកសិកម្ម ដូចជា ជីថ្នាំ ប្រេង ម៉ាស៊ូត អីហ្នឹង វាឡើងថ្លៃ។ អ៊ីចឹង! វាធ្វើឱ្យគាត់(កសិករ)ពិបាកទទួលយក។ និយាយទៅ វាអត់ចំណេញសោះតែម្ដង»។  
 
ចំណែក អ្នកស្រី សឹម ណូន ប្រធានសហគមន៍កសិកម្មកសិករសាមគ្គីអមលាំង ខេត្តកំពង់ស្ពឺ បានលើកឡើងថា បច្ចុប្បន្ន កសិករជាច្រើនក្នុងសហគមន៍ កំពុងរងគ្រោះដោយសារការកើនឡើងកម្ដៅ។ អាកាសធាតុក្ដៅនៅពេលនេះ បានធ្វើឱ្យបន្លែ ខ្លោច ឬស្រោកស្លឹក ដែលធ្វើឱ្យបន្លែលូតលាស់មិនសូវល្អ។ 


អ្នកស្រី សឹម ណូន ប្រធានសហគមន៍កសិកម្មកសិករសាមគ្គីអមលាំង ខេត្តកំពង់ស្ពឺ។ 
 
ឆ្នាំនេះ អាកាសធាតុក្ដៅជាងរាល់ឆ្នាំ។ ការឡើងកម្ដៅ បានធ្វើឱ្យប៉ះពាល់ដល់ការដាំបន្លែស្ទើរតែគ្រប់មុខ ជាពិសេសប្រភេទបន្លែស្លឹក ដូចជាស្ពៃ និងសាឡាដ។ ដោយឡែក ទិន្នផលវិញ បានថយចុះជិត ៨០ភាគរយ។
 
សហគមន៍កសិកម្មកសិករសាមគ្គីអមលាំង អាចប្រមូលផលបន្លែប្រចាំថ្ងៃបានចន្លោះពី ៨០០គីឡូ ទៅ ១តោន។ ប៉ុន្តែ សព្វថ្ងៃ ទិន្នផល ត្រូវបានធ្លាក់ចុះមកត្រឹម ២០០ទៅ៣០០គីឡូក្រាមប៉ុណ្ណោះ ក្នុងមួយថ្ងៃ។  
 
ក្នុងពេលជាមួយគ្នានេះ ក្រុមសត្វល្អិតចង្រៃ ជាប្រភេទ «ដង្កូវហ្វូង» ក៏បានកើនឡើងខ្លាំងផងដែរ និងបានបំផ្លាញដំណាំកសិករជាច្រើន។ សត្វល្អិតចង្រៃ បានកើតឡើងចាប់តាំងពីខែមីនា មកម្លេះ។ 
 
កសិករខ្លះ បានបាក់ទឹកចិត្តឈប់ដាំបន្លែ ដោយសារពិបាកគ្រប់គ្រងសត្វល្អិត និងការវាយប្រហារពីអាកាសធាតុ។ បញ្ហាទាំងនេះ បានធ្វើឱ្យកសិករ ខាតបង់ស្ទើរគ្រប់គ្នា។ អ្នកស្រី ប្រាប់ដូច្នេះ៖«និយាយទៅ ឥឡូវ ក្ដៅដាំអត់បានហើយ ជួបបញ្ហាសត្វល្អិតទៀត ជាប្រភេទដង្កូវហ្វូង។ ពិបាកណាស់ និយាយទៅ អ្នកដាំបន្លែមួយវគ្គនេះ ខាតខ្លាំងមែនទែន។ នៅពេលក្ដៅអ៊ីចឹង ទិន្នផលថយឡើងចង់ ៨០ភាគរយហើយ ដោយសារកសិករផ្អាកដាំ ណាមួយផ្ទុះសត្វល្អិតផង»។ 
 
ពាក់ព័ន្ធបញ្ហានេះ លោក សុខ សុធា អ្នកបច្ចេកទេសបន្លែ របស់អង្គការ GRET Cambodia (ហ្រ្គេត) បានលើកឡើងថា កសិកម្ម គឺជាវិស័យមួយ ដែលងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនេះ ការកើនឡើងកម្ដៅ នៅរដូវប្រាំង បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការដាំដុះបន្លែរបស់កសិករប្រហែល ៧០ភាគរយ ពិសេស អ្នកដាំបន្លែក្នុងផ្ទះសំណាញ់។
 

លោក សុខ សុធា អ្នកបច្ចេកទេសបន្លែ របស់អង្គការ GRET Cambodia (ហ្រ្គេត)។ 
 
ផ្ទះសំណាញ់ ត្រូវបានគេរុំជិតទាំងអស់ ដែលមិនសូវមានខ្យល់ចេញចូលប៉ុន្មាននោះទេ។ ដូច្នេះ វាអាចធ្វើឱ្យដំណាំមិនអាចលូតលាស់ល្អ និងឈានដល់ការងាប់។
 
លោក សុខ សុធា ផ្ដល់យោបល់ថា ដើម្បីកាត់បន្ថយកម្ដៅ ក្នុងផ្ទះសំណាញ់ ទាមទារឱ្យកសិករធ្វើបង្អួចពីលើដំបូល ២ ឬ៣ កន្លែង ដែលអាចផ្ដល់នូវខ្យល់ចេញចូលល្អ។ កសិករ ត្រូវរៀបចំដាក់កង្ហារ ដើម្បីផ្ដល់ភាពត្រជាក់ បន្ថែមដល់ដំណាំ។ កសិករ អាចប្រើប្រាស់ដំណក់ទឹកសាច ឬដំណក់ទឹកសើម ដើម្បីបន្លែជាប្រចាំ ទើបអាចទប់ទល់នឹងការឡើងកម្ដៅបាន។  
 
ចំពោះ អ្នកបន្លែ តាមវាលស្រែ ចម្ការ រងផលប៉ះពាល់ខ្លាំងពីការកើនឡើងកម្ដៅផងដែរ។ ដើម្បីបញ្ចៀសមិនឱ្យបន្លែខូចខាតដោយសារកម្ដៅថ្ងៃ កសិករ គួរតែប្រើគម្របរង ដែលមានដូចជា ស្រកីដូង ចំបើង និងកំប្លោកស្ងួត យកទៅគ្របលើរងដំណាំ។ ដូច្នេះ នៅពេលស្រោចទឹក គម្របរង នឹងធ្វើឱ្យដីត្រជាក់ កាត់បន្ថយកម្ដៅ។ ជាមួយគ្នានេះ កសិករ គួរតែឧស្សាហ៍ស្រោចទឹកដំណាំ ផងដែរ។ ចំពោះ អ្នកបន្លែតាមតំបន់មិនសូវមានជាតិទឹក គួរតែជ្រើសរើសប្រភេទដំណាំសមស្របតាមលក្ខខណ្ឌអាកាសធាតុ។  
 


រូបភាព៖ Germain priour  (Gret cambodia) 
 
យ៉ាងណា លោក សុធា មើលឃើញថា នៅពេលឡើងកម្ដៅខ្លាំង គឺជាឱកាសសម្រាប់កសិករលក់បន្លែ ព្រោះថា នៅរដូវប្រាំងការដាំដុះបន្លែមិនសូវបានច្រើននោះទេ ដែលជាឱកាសធ្វើឱ្យទំនិញឡើងថ្លៃ។ លោកជំរុញឱ្យកសិករពង្រឹងការដាំដុះបន្លែបន្ថែមទៀត ដើម្បីចាប់យកឱកាសទីផ្សារនៅរដូវក្ដៅនេះ។ ប៉ុន្តែ កសិករ ត្រូវបានបច្ចេកទេសថែទាំងបន្លែដែរ ទើបទទួលបានទិន្នផលខ្ពស់។ 
 
លោក សុធា ប្រាប់ដូច្នេះ៖« នៅពេលកម្ដៅឡើងខ្លាំង គឺកសិករជិត៧០ភាគរយហើយ ដែលគាត់មិនអាចដាំដុះបន្លែបាន។ អ៊ីចឹង! នេះគឺជាឱកាសទីផ្សាររបស់យើង(កសិករ)។ អ៊ីចឹង នៅពេលហ្នឹង ទិន្នផលយើងបានទាបមែន តែតម្លៃបានខ្ពស់»។ 
 
ដោយសង្កេតឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ កម្ដៅផែនដីកាន់តែកើនឡើង លោក សុធា ព្រួយបារម្ភខ្លាំងចំពោះបន្លែរបស់កសិករ។ ជាមួយគ្នានេះ លោកជំរុញឱ្យកសិករងាកមកដាំដើមឈើតាមចម្ការ ឬតាមស្រែឡើងវិញ ដើម្បីចូលរួមកាត់បន្ថយកម្ដៅផែនដី ដែលកំពុងដាក់សម្ពាធមកមនុស្ស៕  
 
 

Tag:
 កសិកម្ម
  បន្លែ
  ឡើងកម្ដៅ
© រក្សាសិទ្ធិដោយ thmeythmey.com