ជាតិ
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបើកការដ្ឋាននៅខែមិថុនា​ ដោយប្រើថវិកា ១៤០០លានដុល្លារ
21, Apr 2023 , 10:20 am        
រូបភាព
រូបតំណាង៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
រូបតំណាង៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
ដោយ:
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្ដេច ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស(ឆៀក) យានយន្ត សាខាសំរោងអណ្តែត នៅថ្ងៃទី២១ មេសា។



លោក ស៊ុន ចាន់ថុល បានលើកឡើងថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាផ្លូវទី២នៅកម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ។ លោក ចាន់ថុល បានបញ្ជាក់ថា៖ «នេះជាមោទនភាពជាតិយើង ដែលមានផ្លូវបល្បឿនលឿនទី១ហើយ ឥឡូវមានផ្លូវល្បឿនលឿនទី២ទៀត ដោយសារអ្នកវិនិយោគគេទុកចិត្តលើរាជរដ្ឋាភិបាល»។


លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន
 
រដ្ឋមន្រ្តីរូបនេះ បានបន្តថា ក្រុមហ៊ុនដែលបានវិនិយោគលើផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត បានដាក់ទុន ១៤០០លានដុល្លារអាម៉េរិក។ 
 
ក្រៅពីផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ រដ្ឋាភិបាល ក៏កំពុងសិក្សាផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាបទៀតដែរ។ សិក្សាស្រាវជ្រាវ នឹងបញ្ចប់នៅចុងខែឧសភាខាងមុខ។ 
 
លោក ស៊ុន ចាន់ថុល បន្ថែមថា ក្រោយពីសិក្សាផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាបរួចហើយ រដ្ឋាភិបាលនឹងប្រជុំត្រួតពិនិត្យរួមគ្នា ដែលនឹងអាចមានការចុះ MOU បន្ទាប់ពីទទួលបានព័ត៌មានលម្អិតពីផ្លូវនោះ៕
 

Tag:
 ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
© រក្សាសិទ្ធិដោយ thmeythmey.com