ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រោយធ្វើជាអ្នកប្រឆាំងអស់ជាង១០ឆ្នាំ លោក យឹម ស៊ីណន សុំចុះចូលជាមួយបក្សកាន់អំណាចវិញម្តង
21, Apr 2023 , 11:39 am        
រូបភាព
លោក យឹម ស៊ីណន ទៅទទួលលោក សម រង្ស៊ី កាលលោក សម រង្ស៊ី ទៅប្រទេសកូរ៉េខាងត្បូងនាពេលកន្លងមក។ រូបពីទំព័រហ្វេសប៊ុក Maraka Sophat Page
លោក យឹម ស៊ីណន ទៅទទួលលោក សម រង្ស៊ី កាលលោក សម រង្ស៊ី ទៅប្រទេសកូរ៉េខាងត្បូងនាពេលកន្លងមក។ រូបពីទំព័រហ្វេសប៊ុក Maraka Sophat Page
ដោយ៖ ទេពញាណ 
 
ប្រហែលទំព័រហ្វេសប៊ុករបស់ខ្លួននៅមានបញ្ហាដោយមិនទាន់អាចប្រើប្រាស់បាន លោក យឹម ស៊ីណន អ្នកមាននិន្នាការប្រឆាំងយូរឆ្នាំម្នាក់ បានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់ភរិយា ដើម្បីផ្ញើសារជូនទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញពីបំណងរបស់លោកដែលចង់រួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ 
 
តាមរយៈសារដែលបង្ហោះចេញពីទំព័រហ្វេសប៊ុករបស់ភរិយា ឈ្មោះ «Marakra Sophat Page» នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ លោក យឹម ស៊ីណន ស្នើទៅសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា យ៉ាងដូច្នេះថា៖«ប្រសិនបើសម្តេចផ្តល់ឱកាស និងផ្តល់ការអនុញ្ញាត ខ្ញុំស្នើសុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីមានលទ្ធភាព និងឱកាសពេញលេញចូលរួមបម្រើប្រជាជន និងប្រទេសជាតិក្រោមដំបូលសន្តិភាព»។ 
 
តាមរយៈសារព័ត៌មានហ្វ្រេសញូ សម្តេច ហ៊ុន សែន បានប្រកាសស្វាគមន៍ភ្លាមៗចំពោះលោក យឹម ស៊ីណន ដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សម្តេច បង្ហាញក្តីរំពឹងថា អតីតអ្នកប្រឆាំងរូបនេះ នឹងក្លាយជាធនធានដ៏មានតម្លៃរបស់គណបក្សកាន់អំណាច។ 
 
ក្រៅពីការសុំចុះចូលជាមួយគណបក្សកាន់អំណាច លោក យឹម ស៊ីណន បានរម្លឹកអំពីការចូលរួមនយោបាយជាមួយគណបក្សប្រឆាំង ដែលមានរយៈពេលដល់ទៅ១២ឆ្នាំ ក្នុងនាមលោកជាមេដឹកនាំម្នាក់នៃចលនាយុវជន កាលពីលោកនៅធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង។ លោក ជម្រាបសម្តេច ហ៊ុន សែន ថា ការការពារសន្តិភាព និងស្ថិរភាព គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងរូបលោកផងដែរ។ លោក ជម្រាបសម្តេចទៀតថា ថ្វីបើលោក រៀនសូត្របានតិច ហើយមិនមានបទពិសោធការងារច្រើន ប៉ុន្តែលោក មានឧត្តមគតិ ឆន្ទៈ និងមហិច្ឆិតាពិតប្រាកដក្នុងការចូលរួមបម្រើជាតិ។
 
កាលពីខែមីនា ឆ្នាំ២០២៣ លោក យឹម ស៊ីណន និងដៃគូរបស់លោក គឺលោក ហ៊ុន កុសល ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ក្នុងពេលជាមួយគ្នា បន្ទាប់ពីលោកទាំង២ បង្ហោះសារលើបណ្តាញសង្គម ដែលត្រូវតុលាការ ចាត់ទុកថា មានអត្ថន័យប្រមាថព្រះមហាក្សត្រ និងប៉ះពាល់ដល់ថ្នាក់ដឹកនាំ។ លោក យឹម ស៊ីណន មានវាសនាបាននៅក្រៅឃុំវិញ ដោយសារលោកចេញវីដេអូពីពន្ធនាគារ ដោយសូមព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ និងសូមអភ័យទោសពីសម្តេច ហ៊ុន សែន។ ដោយឡែក លោក ហ៊ុន កុសល ដែលមិនព្រមសូមទោស នៅតែបន្តជាប់ឃុំដដែល៕ 
 

Tag:
 យឹម ស៊ីណន
© រក្សាសិទ្ធិដោយ thmeythmey.com