កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស្រួង ភាវី៖ ក្តីស្រឡាញ់កម្ពុជា និងការជ្រោមជ្រែងពីស្វាមី ឈរពីក្រោយភាពល្បីល្បាញរបស់ខ្ញុំ
21, Apr 2023 , 2:16 pm        
រូបភាព
កីឡាការិនី ស្រួង ភាវី ប្រកួតលើវិញ្ញាសាប៊ីយ៉ាការ៉ុម
កីឡាការិនី ស្រួង ភាវី ប្រកួតលើវិញ្ញាសាប៊ីយ៉ាការ៉ុម
អ្នកនាងស្រួង ភាវី កីឡាការិនីប៊ីយ៉ាការ៉ុមលំដាក់ថ្នាក់ទី១ ប្រចាំប្រទេសកូរ៉េខាងត្បូង និងជាអត្ដពលិកជម្រើសជាតិកម្ពុជា និយាយថាភាពល្បីល្បាញនៅក្នុងវិស័យកីឡាមួយនេះ កើតឡើងដោយសារស្មារតីស្រឡាញ់ជាតិសាសន៍របស់ខ្លួន និងមានការជ្រោមជ្រែងពីស្វាមី ដែលជាជនជាតិកូរ៉េខាងត្បូង។ កីឡាការិនីមកពីខេត្តត្បូងឃ្មុំរូបនេះ ថាពីដំបូងឡើយ ខ្លួន មិនចូលចិត្តកីឡាប៊ីយ៉ានេះទេ ប៉ុន្ដែស្វាមី តែងដាស់តឿន ឲ្យចាប់យកកីឡាមួយនេះ ដើម្បីបង្ហាញពីភាពប៉ិនប្រសប់របស់ស្ដ្រី។ ការជំរុញនេះ ស្របទៅនិងគោលបំណងរបស់ ស្រួង ភាវី ដែលចង់ផ្សព្វផ្សាយ និងលើកមុខមាត់ប្រទេសជាតិ និងគ្រួសារ នៅលើឆាកអន្ដរជាតិ។




ការឈានជើងចូលក្នុងវិស័យកីឡាប៊ីយ៉ារ៉ុម របស់អ្នកនាង ស្រួង ភាវី មិនមែនជាគំនិតផ្ទាល់ខ្លួននោះទេ ប៉ុន្ដែ ជាការជំរុញពីស្វាមី។ ម្យ៉ាងវិញទៀត កីឡាការិនីរូបនេះ តែងមានគំនិតចង់ចូលរួមជួយជាតិ។ ដោយមានការគិតបែបនេះផង និងការជំរុញពីប្ដីផង កីឡាការិនីវ័យ ៣៤ឆ្នាំនេះ បានសម្រេចចិត្តហ្វឹកហាត់កីឡាប៊ីយ៉ាការ៉ុមនៅក្នុងប្រទេសកូរ៉េខាត្បូងតាំងពីឆ្នាំ២០១២។ អ្នកនាង ភាវី បន្ថែមទៀតថាខ្លួនតែងប្រឹងហ្វឹកហាត់ ហើយរាល់ពេលអស់កម្លាំង ឬហត់នឿយ កីឡាការិនីរូបនេះ តែងគិតអំពីការចូលរួមចំណែក លើកមុខមាត់ជាតិ និងប្រជាជនខ្លួន។ មូលហេតុទាំងអស់នេះ គឺជាផ្នែកមួយដ៏ធំ ក្នុងការជួយភាវីល្បីល្បាញមកដល់សព្វថ្ងៃ។

«ដំបូងខ្ញុំ អត់ចូលចិត្តទេកីឡាប៊ីយ៉ានេះទេ។  ដំបូងខ្ញុំ គិតថាកីឡាហ្នឹងមិនល្អចេះចុះ ហើយសុទ្ធតែមនុស្សប្រុស ខ្ញុំស្រីម្នាក់ឯងខ្មាសអៀន ប៉ុន្ដែ ខ្ញុំគិតថា ប្រសិនខ្ញុំ មិនប្រឹងទេ តើខ្ញុំអាចជួយគ្រួសារ ជួយប្រទេសជាតិបានដោយរបៀបណា។ ខ្ញុំដាក់គោលដៅ១ គឺរូបភាពរបស់ប្រជាជនកម្ពុជាខ្ញុំ នៅនឹងមុខ។ ពេលដែលខ្ញុំហត់នឿយ ខ្ញុំគិតដល់ប្រជាពលរដ្ឋខ្ញុំ ដើម្បីជាកម្លាំងចិត្តដល់ខ្ញុំ»។ នេះជាការអះអាងរបស់កីឡាការិនីភាវី មុនបន្ថែមថា នៅពេលខ្លួនព្យាយាម ហាត់រយៈពេល ២-៣ឆ្នាំ ហើយប្រកួតបានជ័យជម្នះ អ្នកគាំទ្រច្រើន មោទកភាព ស្របពេលខ្លួន ធ្លាប់ជាក្មេងស្រីដាំដំឡូងមី ក៏មានអារម្មណ៍មួយរំភើបចំពោះ ជាតិខ្លួនឯងហើយ ថែមទាំងយកកេរ្ដ៍ឈ្មោះជូនប្រជាពលរដ្ឋទៀត។ 


កីឡាការិនី ស្រួង ភាវី ផ្ដល់បទសម្ភាស
 
កីឡាការិនី ស្រួង ភាវី បានប្រាប់ពីដំណើរសាច់រឿង ដែលខ្លួនទៅរស់នៅកូរ៉េខាងត្បូងថា ការចំណាកស្រុកនេះ គឺព្រោះតែជីវភាពគ្រួសារផង ទទួលការណែនាំពីអ្នកធ្លាប់ទៅមុនផង និងដោយសារខ្លួន បានរៀបការជាមួយបុរសជនជាតិកូរ៉េខាងត្បូងផង។ កីឡាការិនី ដែលមានស្រុកកំណើតជាអ្នកត្បូងឃ្មុំ និយាយថា៖«ខ្ញុំ សម្រេចចិត្តទៅប្រទេសកូរ៉េ គឺដោយសារតែជីវភាពគ្រួសារ  ហើយក៏ទទួលបានការណែនាំ ពីអ្នកដែលធ្លាប់ទៅមុនខ្លួន។ ទីមួយ ខ្ញុំ គិតថាបើខ្ញុំនៅតែប្រទេសកម្ពុជា ធ្វើស្រែចំការលំបាកដូចជាឪពុកម្ដាយខ្ញុំ គឺជីវិតរបស់ខ្ញុំ មិនអាចរុងរឿងទៅថ្ងៃមុខបានទេ។ ហើយពេលខ្ញុំទៅកូរ៉េហ្នឹង គឺខ្ញុំគិតថា ខ្ញុំទៅកូរ៉េ ធ្វើការ ហើយមានកូន ធ្វើការតាមកសិកម្មតែប៉ុណ្ណឹងប៉ុណ្ណោះ។»។
 
អ្នកនាង ភាវី ស្ទើរតែមិននឹកស្មានថា រូបខ្លួនអាចក្លាយជាកីឡាការិនី ដ៏ល្បីឈ្មោះនៅកូរ៉េខាងត្បូងទេ។ មុនពេលចូលហ្វឹកហាត់កីឡាប៊ីយ៉ាការ៉ុម នាអំឡុងឆ្នាំ២០១២ ស្វាមីរបស់លោកស្រី តែងជំរុញឲ្យលេងកីឡានេះ។ កីឡាការិនីវ័យ៣៤ឆ្នាំនេះ ប្រាប់ដូច្នេះ៖«ខ្ញុំ មិននឹកស្មានថា ខ្ញុំមាននិស្ស័យជួបកីឡានេះ ហើយខ្ញុំអាចមានឈ្មោះល្បីបែបនេះទេ ព្រោះតែស្វាមីរបស់ខ្ញុំ គាត់ជំរុញខ្ញុំ។»។
 
ប្ដីរបស់អ្នកស្រីភាវី បានចំណាយលើការហ្វឹកហាត់ និងការចេញទៅប្រកួតខាងក្រៅប្រទេសផងដែរ។ ការចំណាយហ្វឹកហាត់នោះ គឺក្នុងខែចន្លោះពី ៤០០ដុល្លារឡើងទៅ។ គិតចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន ការចំណាយនេះ មានចំនួនច្រើន ដោយលោកស្រី ក៏មិនអាចប្រាប់ពីការចំណាយសរុប បានទេ។ កីឡាការិនីប៊ីយ៉ាការ៉ុមនេះ និយាយដូច្នេះថា៖«ប្រសិនជាមិនមានការទំនប់បម្រង់ពីស្វាមីទេ កីឡាការិនីរូបនេះ នឹងមិនអាចមានថ្ងៃនេះទេ។ ការចំណាយ លើការហ្វឹកហាត់ ១ខែ ចន្លោះពី៤០០$ ឡើងទៅ។ ខ្ញុំរៀន គឺដោយសារលុយស្វាមីរបស់ខ្ញុំ ស្ទើរតែរាប់ម៉ឺនដុល្លា។ ម្យ៉ាងវិញទៀត ខ្ញុំទៅប្រកួតនៅក្រៅប្រទេស ថវិការ គឺលើគាត់ទាំងអស់ ដើម្បីតែខ្ញុំ និងប្រជាពលរដ្ឋខ្មែររបស់ខ្ញុំ គឺបានចំណាយថវិការរបស់ប្ដីខ្ញុំច្រើនណាស់។»។ 
 
ភាវី បានបន្ដថា ស្វាមីរបស់ខ្លួន គឺដូចជាគ្រូបង្ហាត់ផង ជាឪពុកផង ដែលតែងតែចាំជួយគាំទ្រ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត។ «គាត់ដូចជាគ្រូបង្ហាត់ មួយដែរ។ ស្វាមីខ្ញុំ និយាយថា មិនឲ្យខ្ញុំ ដូចស្ដ្រីដដៃទេ។ ជំនាន់ប្រជាជនកូរ៉េក្រលំបាកប្រជាជនកម្ពុជា បានជួយឧបត្ថម្ភ អង្ករដល់គាត់ កាលគាត់នៅពីតូច។ ដូច្នេះ គាត់ចងចាំ ការដឹងគុណនេះ ជួយដល់ខ្ញុំ។ ខ្ញុំរំភើប ខ្ញុំ សប្បាយចិត្ត ព្រោះថា វាមិននឹកស្មានថា ខ្ញុំជាសាសន៍ ដទៃ ដែលមិនអាចធ្វើបាន គាត់ ដូចជាគ្រូបង្ហាត់ផង ឪពុកផង គឺបណ្ដុះ បណ្ដាលខ្ញុំខ្លាំង។»។ ស្ដ្រីអ្នកខេត្តត្បូងឃ្មុំរូ​បនេះ បានបន្ដដូច្នេះ។
កីឡាការិនីកម្ពុជារូបនេះ ចាប់ផ្ដើមចេញប្រកួតតាមក្លិប និងសហព័ន្ធកីឡាប៊ីយ៉ា នៅប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ២០១៣ ហើយក៏ធ្លាប់ទៅប្រកួតនៅក្នុងតំបន់អឺរ៉ុបផងដែរ ដោយតំណាងឲ្យក្រុមហ៊ុនឯកជននៅទីនោះ។ អ្នកនាង ស្រួង ភាវី ក៏បានប្រាប់ពីចំណុចខ្លាំងរបស់ខ្លួន ដែលអាចយកឈ្នះលើគូប្រកួតផងដែរ។ ចំណុចខ្លាំងរបស់អ្នកស្រី គឺការផ្ចិតផ្ចង់អារម្មណ៍។ ដោយសារតែ អ្នកស្រី ជាអ្នកចូលចិត្តស្ដាប់ព្រះធម៌ ទើបធ្វើឲ្យលោកស្រីមានស្មារតីខ្ពស់។
 
«ខ្ញុំ ចូលចិត្តស្ដាប់ព្រះធម៌ណាស់។ កីឡានេះ គឺត្រូវការផ្ចិតផ្ចង់អារម្មណ៍ខ្លាំង គឺត្រូវការស្មារតីខ្ពស់ ត្រូវផ្ចិតផ្ចង់ខ្ពស់មែនទែន ទើបយើងអាចធ្វើបាន។ យើង មិនប្រើកម្លាំងកាយប៉ុន្មានទេ គឺប្រើស្មារតី គឺថាអារម្មណ៍ហ្នឹង ផ្ចិតផ្ចង់ខ្លាំងមែនទេ គឺពេលប្រកួតខ្ញុំតែងតែគិតដល់ ប្រជាពលរដ្ឋខ្មែររបស់ខ្ញុំ ពេលដែលគិតបែបនេះអារម្មណ៍ខ្មុំមិនភ័យ ហើយហ្នឹងណ។ ខ្ញុំព្យាយាមហាត់ គឺ១ថ្ងៃ ច្រើនម៉ោង ហើយរយៈពេលយូឆ្នាំណាស់។ មួយរបៀបៗ គឺមួយថ្ងៃ មួយៗ ត្រូវតែច្បាស់លាស់។ ពេលប្រកួត ស្មារតីខ្ញុំ ហ្នឹងច្បាស់។ ដូច្នេះ ពេលប្រកួតទោះកីឡាការិនីគេ មានកម្រិតខ្ពស់ខ្ញុំអាចតាមទាន់ ដូចពាក្យមួយនិយាយថា យើងក្រាប់ននាល ដើម្បីយកជ័យជម្នះ។»។ អ្នកនាង ស្រួង ភាវី បានបញ្ជាក់ដូច្នេះ។ 
 
កីឡាការិនីរូបនេះ បច្ចុប្បន្ន ត្រូវបានប្រទេសកូរ៉េខាងត្បូង ទទួលស្គាល់ថាជាកីឡាការិនីលំដាប់ថ្នាក់ទី១ ខណៈនៅលើពិភពលោក ឈរត្រឹមលេខ២។ កីឡាការិនី ស្រួង ភាវី ត្រូវប្រកួតតំណាងកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ លើវិញ្ញាសាកីឡាប៊ីយ៉ាការ៉ុម៕
 

Tag:
 ប៊ីយ៉ា
  ស្រួង ភាវី
© រក្សាសិទ្ធិដោយ thmeythmey.com