កីឡាជាតិ
ជាតិ
Emmanuel ស្រឡាញ់គុនខ្មែរ ត្រង់គុនខ្មែរប្រើបច្ចេកទេសវាយ ច្រើនជាងកម្លាំង
21, Apr 2023 , 8:59 pm        
រូបភាព
កីឡាករ ម៉ានូ សិល្បៈ(ស្តាំ) ក្នុងពេលផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ។
កីឡាករ ម៉ានូ សិល្បៈ(ស្តាំ) ក្នុងពេលផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ។
ដោយ:
កីឡាករប្រដាល់គុនចម្រុះ Emmanuel Onyedikachi ដែលមានឈ្មោះខ្មែរ ម៉ានូ សិល្បៈ ឡើងប្រកួតតំណាងប្រទេសកម្ពុជា និងតំណាងឱ្យគុនខ្មែររយៈពេល១០ឆ្នាំ ព្រោះក្តីស្រលាញ់ចេញពីបេះដូងចំពោះសិល្បៈគុនខ្មែរ។ ការសម្រេចចិត្តចូលហ្វឹកហាត់ក្បាច់គុនបុរាណខ្មែរនេះដែរ ម៉ានូ បញ្ជាក់ថាព្រោះគុនខ្មែរមានភាពវិសេសត្រង់ប្រើបច្ចេកទេសពេលប្រកួតច្រើនជាងប្រើកម្លាំង។

 
ក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ កីឡាករប្រដាល់គុនចម្រុះជនជាតិអាហ្រ្វ៊ិកខាងត្បូង Emmanuel Onyedikachi លើកឡើងថាខ្លួនបានមករស់នៅប្រទេសកម្ពុជាជាង១០ឆ្នាំមកហើយ និងបានចាប់ចិត្តជាមួយ«ក្បាច់គុនបុរាណខ្មែរ» តាំងពីពេលនោះមក។
 
កីឡាករ Emmanuel Onyedikachi ឬ ម៉ានូ សិល្បៈ រៀបរាប់ថា៖«ខ្ញុំហាត់គុនខ្មែរជាមួយ ចាន់ រតនា តាំងពីឆ្នាំ២០០៨ ខ្ញុំហាត់បាន៨ខែខ្ញុំសុំប្រកួត។ បន្ទាប់មកគេឱ្យខ្ញុំវាយនៅក្រៅស្រុកហើយខ្ញុំវាយតំណាងកម្ពុជា និងគុនខ្មែរតាំងពីពេលនោះមក»។ ការប្រកួតតំណាងគុនខ្មែរ និងប្រទេសកម្ពុជានេះដែរ ម៉ានូ អះអាងថាខ្លួនវាយដោយក្តីស្រលាញ់ចេញពីបេះដូងព្រោះគុនខ្មែរមានភាពវិសេសដែលធ្វើឱ្យខ្លួនចាប់អារម្មណ៍។
 
កីឡាករវ័យ ៣៧ឆ្នាំ បន្តថា៖«សម្រាប់វិស័យគុនខ្មែរ ខ្ញុំចូលចិត្តប្រដាល់សកល កីឡាក្នុងទ្រុង MMA ប៉ុន្តែខ្ញុំស្រលាញ់គុនខ្មែរច្រើនជាង ព្រោះគុនខ្មែរគេប្រើក្បាច់ច្រើន ប្រើកែង ជង្គងង់ ជើង ហើយអត់សូវប្រើកម្លាំងទេ តែប្រើខួរក្បាល»។
 
សូមបញ្ជាក់ថា កីឡាករគុនចម្រុះ Emmanuel Onyedikachi មានប្រវត្តិប្រកួតក្នុងស្រុក និងក្រៅស្រុក៥៧លើក ឈ្នះ៥០លើក និងចាញ់៧លើក ប្រកួតចុងក្រោយយកឈ្នះកីឡាកររុស្ស៊ី DARA ដោយវាយឱ្យសន្លប់ទឹកទី៣ លើប្រភេទទម្ងន់ ៨៨គីឡូក្រាម៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
  Emmanuel Onyedikachi
© រក្សាសិទ្ធិដោយ thmeythmey.com