ជាតិ
សង្គមជាតិ
ក្រោយនាយករដ្ឋមន្រ្តីមាត់ក តុលាការបង្គាប់ឲ្យតាមចាប់មន្រ្តីដែលដកកាំភ្លើងភ្ជង់គេយកមកឃុំវិញ
21, Apr 2023 , 3:13 pm        
រូបភាព
ដោយ៖ ទេពញាណ 

អនុវត្តតាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរនៃតុលាការភ្នំពេញ កម្លាំងសមត្ថកិច្ច តាមរករហូតដល់ចាប់បានលោក បែល វ៉ាន់ដែត មន្រ្តីអាកាសចរណ៍ស៊ីវិលមកវិញ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ ហើយត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ក្នុងរូបថត១សន្លឹក ដែលត្រូវបានថតពេលទៅដល់ស្នងការដ្ឋាន លោកឈរនៅកណ្តាល ដោយមាននគរបាល២នាក់អមសងខាង។ 
លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញ ដែលដឹកនាំកម្លាំងតាមចាប់លោក បែល វ៉ាន់ដែត ប្រាប់សារព័ត៌មានហ្វ្រេសញូថា ប្រតិបត្តិការតាមចាប់ជនត្រូវចោទរូបនេះ គឺធ្វើទៅតាមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញ។ 
 
លោក បែល វ៉ាន់ដែត ដែលជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលនៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ត្រូវកម្លាំងសមត្ថកិច្ចចាប់បានម្តងរួចមកហើយ និងបានបញ្ជូនទៅតុលាការ ដោយសារលោកដកកាំភ្លើងភ្ជង់ទៅលើនិស្សិតប្រុសម្នាក់ ដែលជាគូទំនាស់។ លោក ត្រូវចោទពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទគំរាមកំហែងសម្លាប់។ ប៉ុន្តែលោក មិនត្រូវបានបញ្ជូនទៅឃុំឡើយ ព្រោះលោក អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរនៃតុលាការភ្នំពេញ ចេញដីកានៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ សម្រេចមិនឲ្យឃុំលោក។ 
 
ក្រោយដឹងរឿងនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនអាចនៅស្ងៀម។ សម្តេច បានចេញអនុក្រឹត្យ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ដោយសម្រេចបញ្ចប់មុខតំណែងរបស់លោក បែន វ៉ាន់ដែត នៅក្នុងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ភ្ជាប់ជាមួយអនុក្រឹត្យនេះ ដែលបោះចូលក្នុងតេឡេក្រាម សម្តេច បានសរសេរថា បើតុលាការមិនចាត់ការលោក បែល វ៉ាន់ដែត តាមផ្លូវច្បាប់ទេ ទុកឲ្យសម្តេច ដាក់វិន័យតាមផ្លូវរដ្ឋសិន។
 
មេដឹកនាំកម្ពុជា បន្តថា អាងមានអំណាច លោក បែល វ៉ាន់ដែត ប្រើប្រាស់អាវុធគំរាមអ្នកទន់ខ្សោយ។ ប្រមុខរដ្ឋាភិបាល បញ្ជាក់ថា វិធានការលើលោក បែល វ៉ាន់ដែត នាពេលនេះ គឺជាសារព្រមានទៅដល់មន្ត្រីទាំងអស់ កុំឲ្យអាងអំណាចដើរធ្វើបាបអ្នកទន់ខ្សោយ ជាពិសេស មិនត្រូវប្រើប្រាស់អាវុធខុសច្បាប់ឡើយ។
 
«សូមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការ សូមកុំឲ្យជនល្មើសប្រើប្រាស់អាវុធខុសច្បាប់បាននៅក្រៅឃុំមុនពេលកាត់ទោស ដែលជននោះអាចតាមគំរាមកំហែងដល់អ្នកផ្សេងទៀត»។ នេះជាបញ្ជារបស់សម្តេចនាយករដ្ឋមន្រ្តីទៅកាន់លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ 
 
ក្នុងថ្ងៃដែលប្រមុខរដ្ឋាភិបាលចេញអនុក្រឹត្យបញ្ចប់មុខតំណែងរបស់លោក បែល វ៉ាន់ដែត ដោយភ្ជាប់ជាមួយសារបែបនេះផងនោះ ក្រោយមក លោកចៅក្រមស៊ើបសួរ អ៊ុក រ៉េនគន្ធា ក៏ចេញដីកាក្នុងថ្ងៃនោះដែរ ដោយបង្គាប់ឲ្យកម្លាំងសមត្ថកិច្ចតាមចាប់លោក បែល វ៉ាន់ដែត មកវិញ។ 
 
«បញ្ជាដល់កងកម្លាំងឲ្យស្រាវជ្រាវ និងនាំខ្លួនឈ្មោះ បែល វ៉ាន់ដែត មកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ បង្គាប់ឲ្យប្រធានពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែ ត្រូវទទួលនិងឃុំជនត្រូវចោទ»។ នេះជាការបង្គាប់បញ្ជារបស់លោកចៅក្រមស៊ើបសួរ អ៊ុក រ៉េនគន្ធា នៅក្នុងដីការបស់លោក។  
 
គួរគត់សម្គាល់ថា ក្រោយចៅក្រមស៊ើបសួរ សម្រេចមិនឃុំខ្លួនលោក បែល វ៉ាន់ដែត អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន នាំគ្នារិះគន់លើការសម្រេចនេះ។ ហើយពេលសម្តេចនាយករដ្ឋមន្រ្តី ចាត់វិធានការលើលោក បែល វ៉ាន់ដែត ក៏មានមតិលើកឡើងក្នុងន័យថា ស្រុកខ្មែរ អ្វីៗទាល់តែសម្តេចស្រែក៕   
 

Tag:
 បែល វ៉ាន់ដែត
  ករណីប្រើកាំភ្លើងភ្ជង់គេ
© រក្សាសិទ្ធិដោយ thmeythmey.com