កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ពិធីដង្ហែភ្លើងគប់នៅមីយ៉ាន់ម៉ា មានអ្នកចូលរួមដល់ទៅ១៥០០នាក់
21, Apr 2023 , 4:10 pm        
រូបភាព
ប្រតិភូកម្ពុជា និងប្រតិភូ អត្តពលិកកីឡាមីយ៉ាន់ម៉ា ក្នុងពិធីដង្ហែរផ្លូវគប់កីឡាស៊ីហ្គេម។ រូបពី CAMSOC
ប្រតិភូកម្ពុជា និងប្រតិភូ អត្តពលិកកីឡាមីយ៉ាន់ម៉ា ក្នុងពិធីដង្ហែរផ្លូវគប់កីឡាស៊ីហ្គេម។ រូបពី CAMSOC
ដោយ:
ពិធីដង្ហែរព្រះអគ្គិសជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម  នៅប្រទេសមីយ៉ាន់ម៉ា បានបញ្ចប់ទៅដោយជោគជ័យនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ដោយមានអ្នកចូលរួម ១៥០០នាក់ ហែហមអមផ្លូវក្នុងទីក្រុងរ៉ុងហ្គូន។

 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមសារអេឡិចត្រូនិកនៅថ្ងៃទី២១ ខែមេសា លោក សេង ប៊ុនសុង ប្រតិភូអមដំណើរនាយបេសកកម្មដង្ហែភ្លើងគប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម មើលឃើញការចូលរួមរបស់មន្រ្តីកីឡា និងអត្តពលិកនៃប្រទេសមីយ៉ាន់ម៉ា ចូលរួមច្រើនដែលនេះអាចថាមានចំនួនច្រើនលើសពីប្រទេសមុនៗ។


អត្តពលិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម មីយ៉ាន់ម៉ា ចូលរួមដង្ហែរភ្លើបគប់ស៊ីហ្គេម ក្នុងទីក្រុងរ៉ុងហ្គូនប្រទេសមីយ៉ាន់ម៉ា។ រូបពី CAMSOC
 
លោក សេង ប៊ុនសុង និយាយថាមានមនុស្សច្រើនប្រហែល១៥០០នាក់ ដែលបានចូលរួមដង្ហែភ្លើងគប់នៅប្រទេសមីយ៉ាន់ម៉ា និងពិសេសការឈរអមនៅតាមសងខាងផ្លូវ ការលេងរបាំ ឆៃយ៉ាំកំដរតាមដងផ្លូវដល់ទីបញ្ចប់។
 
បើទោះមានការចូលរួមច្រើន ប៉ុន្តែលោក ប៊ុនសុង អះអាងថាចំពោះសុវត្ថិភាពវិញ ក្នុងពិធីដង្ហែរភ្លើងគប់ស៊ីហ្គេមមានភាពប្រើសើរ ដោយមានសន្តិសុខការពារបានល្អ។
មីយ៉ានម៉ា ជាប្រទេសទី៨ហើយ បន្ទាប់ពីវៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី និងថៃ ដែលទទួលការដង្ហែភ្លើងគប់ដោយជោគជ័យ។ 
 
គួបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ពិធីដង្ហែរភ្លើងគប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នៅទីក្រុងរ៉ុងហ្គូន ប្រទេសមីយ៉ាន់ម៉ា នាយបេសកកម្មដឹកនាំដោយលោក ហោ សារុន នឹងបន្តដំណើរទៅប្រទេសឡាវ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ មុនធ្វើមាតុភូមិនិវត្តន៍មកកម្ពុជា៕
 
 

Tag:
 ភ្លើងគប់
 មីយ៉ាន់ម៉ា
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com