ជាតិ
​ក្រសួង៣ ពិភាក្សាគ្នាដើម្បីកំណត់អាយុកាលរថយន្តមួយទឹកដែលអាចនាំ​ចូល​​​មក​​កម្ពុជា
21, Apr 2023 , 6:59 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន។ រូបភាព៖ ក្រសួងសាធារណការ
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន។ រូបភាព៖ ក្រសួងសាធារណការ
ដោយ:
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងរដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងពិភាក្សាគ្នាជុំវិញ ការឈប់ឱ្យមានការនាំចូលរថយន្តមួយទឹក ដែលមានអាយុកាលច្រើន(រថយន្ត​ចាស់ៗ)  មកលក់នៅកម្ពុជា។ ​លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួង​សាធារណការ និងដឹកជញ្ជូនបានលើកឡើងដូច្នេះនៅក្នុងពិធី​សម្ពោធ​​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​​មណ្ឌល ត្រួត​ពិនិត្យ​លក្ខណៈ​​បច្ចេកទេសយានយន្ត(ឆៀក) សាខាសំរោងអណ្តែត នៅថ្ងៃទី២១ មេសា។



បើតាម លោក ស៊ុន ចាន់ថុល ​អាយុឡានដែលក្រសួងទាំង៣ បានជជែកគ្នានោះ គឺរថយន្ត​ដែលបានផលិត ១៥ឆ្នាំ ១០ឆ្នាំ ឬ៧ឆ្នាំមុន។ «យើងបានពិភាក្សាគ្នាជាមួយក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំពិនិត្យមើល ថាតើឡានមួយទឹក អាយុប៉ុន្មាន? ចាស់ជាងហ្នឹង យើងមិនអនុញ្ញាតឱ្យ(នាំ)ចូលទេ។ ឥឡូវកំពុងពិភាក្សាគ្នា! តើ១០ឆ្នាំ ឬ១៥​ឆ្នាំ ​ ឬ៧ឆ្នាំ? យើងកំពុងពិភ្សាគ្នា»។ រដ្ឋមន្ត្រីក្រសួងសាធារណការ មានប្រសាសន៍បន្ថែមយ៉ាងដូច្នេះ។


រូបតំណាង
 
ការ​កំណត់អាយុកាលឡានចាស់ៗដែលអាចនាំចូលមកកម្ពុជានេះ គឺកើតឡើងស្របពេល​ដែល រដ្ឋាភិបាលកំពុងជំរុញឱ្យប្រជាពលរដ្ឋ​ប្រើប្រាស់រថយន្តថាមពលអគ្គិសនី​នេះឱ្យបាន​កាន់​​តែច្រើន ដើម្បីចូលរួមកាត់​បន្ថយការបំពុលបរិស្ថាន។ រដ្ឋមន្រ្តីរូបនេះ បានបន្តថា សព្វ​ថ្ងៃ​នេះ ក្រសួងកំពុងកៀរ​គរ​អ្នកវិនិយោគទុនដាក់ទីតាំងបញ្ចូលថាមពលអគ្គិសនីឱ្យ​បាន ច្រើន​​នៅ​កម្ពុជា ខណៈបច្ចុប្បន្ន ទីតាំងដែល​បញ្ចូល​ថាមពល​អគ្គិសនីរថយន្តមាន ប្រមាណ ១២កន្លែង។
 
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ «តាមយោបល់ខ្ញុំគួរតែទិញឡានថ្មី ឡានដែលប្រើ​ដោយ​ថាមពល​អគ្គិសនី វាថោកជាងឡានមួយទឹកទៀត ហើយអត់បំពុលបរិស្ថាន និង​មានសុវត្ថិភាព»។
 
​បើតាម លោក ស៊ុន ចាន់ថុល ​បច្ចុប្បន្ន​​មានយានយន្តហួស​សុពល​ភាព ប្រមាណ១៥៣​ ពាន់​​គ្រឿង ស្មើនឹងប្រមាណ ១៤ភាគរយ នៃរថយន្តទាំងអស់ ពុំទាន់ បាន​យកមកត្រួត ពិនិត្យលក្ខណៈច្ចេកទេស។ លោករដ្ឋមន្ត្រីក្រសួងសាធារណការ បានស្នើដល់ម្ចាស់ យាន​យន្តដែលហួសសុពលភាពទាំងនោះ យកយានយន្តទៅឆៀក ​ឱ្យ​ទាន់ពេលវេលា ដើម្បីកុំឱ្យរងការ​ពិន័យ។ ​«យឺតក្នុងមួយ​​ថ្ងៃ ត្រូវ​ពិន័យ ៥០០រៀល សម្រាប់រថយន្តគ្រួសារ និងរថយន្តដឹកទំនិញ ក្នុងមួយថ្ងៃ ២០០០រៀល។ ដូច្នេះម្ចាស់រថយន្តទាំងអស់ សូមយក​រថយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានទាន់ពេលវេលា»។ លោក ស៊ុន ចាន់ថុល។
 
ដោយឡែក ចំពោះអ្នកដែលមានបណ្ណបើកបរផុតសុពលភាពមានចំនួន ៣៤៩ពាន់បណ្ណ ស្មើនឹង ១៨ភាគរយ នៃបណ្ណទាំងអស់។ លោក ស៊ុន ចាន់ថុល ក៏បានអំពាវនាវឱ្យ​ម្ចាស់​បណ្ណទាំងនោះ ទៅបន្តសុពលភាពឱ្យបានគ្រប់ៗគ្នាផងដែរ ដើម្បីចៀសវាងការផាកពិន័យ​៕
 
 
 

Tag:
 រថយន្តចាស់
© រក្សាសិទ្ធិដោយ thmeythmey.com