ជាតិ
លោក យ៉ង សាំងកុមារ៖ផលិតកម្មស្រូវតាមកិច្ចសន្យា នឹងរួមចំណែកដល់ផែនការនាំចេញអង្ករ១លានតោន
22, Apr 2023 , 8:39 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ១
រូបភាពពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ១
ភ្នំពេញ៖ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម លើកឡើងថា ផលិតកម្មស្រូវតាមកិច្ចសន្យា នឹងចូលរួមចំណែកក្នុងការសម្រេចគោលដៅរបស់រដ្ឋាភិបាល ក្នុងការនាំចេញអង្ករចំនួន ១ លានតោននាពេលខាងមុខ។ លោកលើកឡើងបែបនេះ នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មស្រូវស្ដង់ដា SRP រវាងក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវ ភូមិយើង និងសហភាពសហគមន៍កសិកម្មបាត់ដំបង នាស្រុកបាធាយ ខេត្តកំពង់ចាម កាលពីថ្ងៃទី២១ មេសា។


 
កិច្ចសន្យានេះ ផ្ដោតលើផលិតកម្មស្រូវតាមស្ដង់ដា SRP ក្នុងឆ្នាំ២០២៣ ដោយប្រើប្រាស់ ប្រភេទពូជស្រូវផ្ការំដួល និងសែនក្រអូប០១ ក្នុងបរិមាណ៤៥០០តោន។ បើតាមក្រសួងកសិកម្ម មានសហគមន៍ ៧ ជាសមាជិកសហភាពសហគមន៍បាត់ដំបង បានចូលរួមក្នុងការផលិតស្រូវចំណីស្តង់ដា SRP ដែលមានសមាជិកចំនួន ៣៧៤គ្រួសារ និងមានផ្ទៃដីផលិតកម្មចំនួន ១៣៩២ហិកតា។

រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
 
លោក យ៉ង សាំងកុមារ មានប្រសាសន៍ក្នុងពិធីនេះថា ការចុះកិច្ចសន្យាកសិកម្មនេះ គ្រាន់តែចំណុចចាប់ផ្ដើមសាកល្បងតូចមួយប៉ុណ្ណោះ ដែលភាគីពាក់ព័ន្ធបន្តធ្វើការជាមួយគ្នា ក្នុងការតាមដាន ត្រួតពិនិត្យ និងអនុវត្តកិច្ចសន្យានេះឱ្យបានជោគជ័យ។ រដ្ឋលេខាធិការរូបនេះ ក៏បានក្រើនរំឭកឱ្យភាគីពាក់ព័ន្ធ បន្តសហការគ្នា និងស្មោះត្រង់នឹងគ្នាទៅវិញទៅមកផងដែរ។ 
«ភាពជោគជ័យនៃការសហការគ្នា នឹងជួយជំរុញផលិតកម្មស្រូវនានានៅទូទាំងប្រទេស និងកសាងខ្សែច្រវាក់ផលិតកម្មស្រូវមួយ ដែលកសិករផលិតស្រូវនឹងទទួលបានទីផ្សារ ខណៈរោងម៉ាស៊ីន នឹងទទួលបានស្រូវគុណភាពល្អសម្រាប់កែច្នៃ។ ពិសេសកសិករផលិតពូជក៏មានទីផ្សារសម្រាប់ពូជសុទ្ធផងដែរ»។ នេះជាការលើកឡើងរបស់លោក យ៉ង សាំងកុមារ ដោយបន្តថា ផលិតកម្មតាមកិច្ចសន្យានេះ នឹងចូលរួមចំណែកក្នុងការសម្រេចគោលដៅ របស់រដ្ឋាភិបាល ក្នុងការនាំចេញអង្ករចំនួន ១ លានតោននាពេលខាងមុខ។

លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មស្រូវស្ដង់ដា SRP នៅខេត្តកំពង់ចាម កាលពីថ្ងៃទី២១ មេសា។ រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
 
សូមបញ្ជាក់ថា ការចុះកិច្ចសន្យាលើផលិតកម្មស្រូវនេះ ត្រូវបានរៀបចំក្រោមការសម្រប សម្រួល ពីកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្មសម្រាប់ប្រទេស កម្ពុជា ដំណាក់កាលទី១ (WAT4CAM) នៃក្រសួងធនធានទឹក និងឧតុនិយម និងក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងសហគមន៍អឺរ៉ុបប្រចាំកម្ពុជា។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
 

Tag:
 ស្រូវ
  នាំចេញអង្ករ
  យ៉ង សាំងកុមារ
© រក្សាសិទ្ធិដោយ thmeythmey.com