ជាតិ
សុខភាព
អាកាសធាតុក្ដៅ៖ ក្រសួងសុខាភិបាល ឱ្យពលរដ្ឋថែសុខភាព ពិសេសមនុស្សចាស់ ទារក និងអ្នកជំងឺរ៉ាំរ៉ៃ
23, Apr 2023 , 1:59 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីណែនាំស្ដីពីការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុក្ដៅ ដោយត្រូវរក្សាជាតិទឹកក្នុងរាង្គកាយ,ស្លៀកសម្លៀកបំពាក់ជួយការពារកម្ដៅ និងចៀសវាងនៅក្រោមពន្លឺថ្ងៃយូរពេក។ ក្នុងសេចក្ដីណែនាំខាងលើ ក្រសួងផ្ដោតសំខាន់លើមនុស្សចាស់ចាប់ពីអាយុ៦៥ឆ្នាំឡើង និងទារកអាយុក្រោម ៥ឆ្នាំ ពិសេសអ្នកមានជំងឺរ៉ាំរ៉ៃ ដែលអាចរងគ្រោះដោយសារអាកាសធាតុក្ដៅ។


 
បច្ចុប្បន្ន កម្ពុជា កំពុងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបក្នុងកម្រិតពីខ្សោយទៅមធ្យម គួបផ្សំ និងខ្យល់ប្រែប្រួល ដែលធ្វើឱ្យតំបន់មានចំនួន មានសីតុណ្ហភាពក្ដៅ ចាប់ពី៣៣-៣៩អង្សា។ ជាមួយគ្នានេះ ចាប់ពីខែឧសភា រហូតដល់ខែសីហា កម្ពុជា នឹងទទួលរងនូវឥទ្ធិពលពីបាតុភូតអែលនីណូក្ដៅ មាន៦០ភាគរយ និងបាតុភូតអែនសូ មាន៤០ភាគរយ។ 
 
ជុំវិញអាកាសធាតុក្ដៅខ្លាំងនេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីណែនាំ១៥ចំណុច ដើម្បីការពារសុខភាពពលរដ្ឋ ដោយត្រូវរក្សាជាតិទឹកក្នុងរាង្គកាយឱ្យគ្រប់គ្រាន់ និងពិសាទឹកលើសពី២លីត្រក្នុងមួយថ្ងៃ បើទោះបីមិនស្រេកទឹកក៏ដោយ។ លើសពីនេះ ពលរដ្ឋត្រូវចៀសវាងការពិសាភេសជ្ជៈដែលបណ្ដាលឱ្យជាតិទឹកថយចុះ និងមិនត្រូវបរិភោគប្រៃ និងផ្អែមពេក។
 
ក្រសួង បន្តថា ពលរដ្ឋទាំងអស់ ត្រូវស្លៀកសម្លៀកបំពាក់ណា ដែលជួយការពារកម្ដៅ និងការពារការរលាកស្បែកដោយពន្លឺព្រះអាទិត្យ និងចៀសវាងស្លៀកសម្លៀកបំពាក់ក្រាស់ៗឱ្យកុមារ និងទារក។ ទន្ទឹមនឹងនេះ ត្រូវចៀសវាងនៅក្រោមពន្លឺថ្ងៃយូរពេក និងត្រូវប្រើកន្សែងសើមជូតមុខ ដោយដាក់នៅជុំវិញក នៅពេលមានក្ដៅខ្លាំង។
 
បើតាមក្រសួងសុខាភិបាល ពលរដ្ឋត្រូវងូតទឹកត្រជាក់ និងធម្មតាឱ្យបានញឹកញាប់ ដោយចៀសវាងងូតទឹកត្រជាក់ភ្លាមៗ បន្ទាប់ពីត្រឡប់មកពីសីតុណ្ហភាពក្ដៅ។ បន្ថែមលើសនេះ ពលរដ្ឋគួរចេញពីផ្ទះនៅពេលព្រឹកព្រលឹម ឬពេលល្ងាច ចៀសវាងពេលថ្ងៃត្រង់ ឬពេលព្រះអាទិត្យកំពុងបញ្ចេញកម្ដៅ។ 
 
ក្រសួងសុខាភិបាល ក៏បានប្រាប់ឱ្យពលរដ្ឋយកចិត្តទុកលើការប្រើប្រាស់ចង្រ្កាន និងឡ ដែលធ្វើឱ្យផ្ទះកាន់តែមានកម្ដៅ។ ក្នុងសេចក្ដីណែនាំខាងលើ ក៏ផ្ដោតសំខាន់លើអ្នកងាយរងគ្រោះដោយសារអាកាសធាតុក្ដៅខ្លាំង ដូចជា មនុស្សចាស់ចាប់ពីអាយុ៦៥ឆ្នាំឡើង និងទារកអាយុក្រោម ៥ឆ្នាំ ពិសេសអ្នកមានជំងឺរ៉ាំរ៉ៃ និងអ្នកមានជំងឺផ្លូវចិត្តផងដែរ។ 
 
ដោយឡែកសញ្ញាដំបូងនៃផលប៉ះពាល់នៃកម្ដៅ មានដូចជា វិលមុខ ចង្អោរ ឬក្អួត ឈឺក្បាល រមួលក្រពើ។ ពលរដ្ឋដែលមានរោគសញ្ញាខាងលើ ត្រូវផ្លាស់ទីទៅកន្លែងត្រជាក់ និងត្រូវសម្រាកពី២-៥នាទី ដោយពិសាទឹកត្រជាក់យឺតៗ។ មួយវិញទៀត មិនត្រូវចោមរោមអ្នកដែលមានបញ្ហាសុខភាពនោះទេ។ នេះបើតាមសេចក្ដីណែនាំខាងលើ៕ 

Tag:
 សុខភាព
  អាកាសធាតុក្ដៅ
  ក្រសួងសុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com