កីឡាជាតិ
ជាតិ
អ្នកនាង ស្រួង ភាវី ចង់ឃើញពលរដ្ឋកម្ពុជា គាំទ្រ និងផ្តល់កម្លាំងចិត្តដល់កីឡាករទាំងអស់
23, Apr 2023 , 4:59 pm        
រូបភាព
កីឡាការិនី ស្រួង ភាវី ផ្ដល់បទសម្ភាស
កីឡាការិនី ស្រួង ភាវី ផ្ដល់បទសម្ភាស
អ្នកនាង ស្រួង ភាវី កីឡាការិនីប៊ីយ៉ាការ៉ុម បានបញ្ជាក់ថា ភាពជោគជ័យនិងរីកចម្រើន នៃវិស័យកីឡាទាំងអស់ ត្រូវការចាំបាច់ការជ្រោមជ្រែងពីប្រជាពលរដ្ឋកម្ពុជា។ ការជ្រោមជ្រែងនោះ ក៏មិនមែនផ្តោត តែលើបុគ្គលឆ្នើមក្នុងវិស័យនេះទេ ប៉ុន្ដែគឺជាផ្តោតលើការមានស្មារតី និងបេះដូងរួមគ្នា។


 
សមរភូមិកីឡា គឺខុសគ្នាពីសមរភូមិក្នុងសង្គ្រាម។ សង្គ្រាម គឺពឹងផ្អែកលើសពាវុធ ប៉ុន្ដែក្នុងវិស័យកីឡា អត្ដពលិក ក្រៅពីពឹងផ្អែកលើសមត្ថភាព និងបច្ចេកទេសហើយ អ្នកទាំងនោះ ក៏ត្រូវពឹងលើកម្លាំងចិត្តគាំទ្រពីប្រជាជនរបស់ខ្លួនផងដែរ។ ការគាំទ្រ និងជ្រោមជ្រែង គឺត្រូវធ្វើឡើង ដោយមានស្មារតីជាតិនិយម និងបេះដូងរួមគ្នា ក្នុងនាមជាតិសាសន៍តែមួយ។ 
 
កីឡាការិនី ស្រួង ភាវី បាននិយាយថា ចង់ឲ្យប្រជាជនកម្ពុជា មានកម្លាំងចិត្តរួមគ្នា ដើម្បីលើកស្ទួយវិស័យកីឡាជាតិ។ បន្ថែមជាងនេះទៀត កីឡាការិនីវ័យ ៣៤ឆ្នាំរូបនេះ ក៏សំណូមពរដល់ប្រជាពលរដ្ឋផងដែរថា សូមឲ្យគាំទ្រកីឡាករ និងកីឡាការិនីទាំងអស់ ដោយមិនរើសអើង ចំពោះភាពល្បីល្បាញរបស់បុគ្គលណាមួយតែម្យ៉ាងឡើយ។
 
«កុំថាកីឡានេះ កីឡានោះ ត្រូវគាំទ្រទាំងអស់ ត្រូវមានស្មារតីជាតិនិយម។ កុំចាំតែអ្នកល្បី បានយើងលើកស្ទួយទេ។ គាត់អ្នក នៅក្រោមៗ យើងជួយលើកស្ទួយទាំងអស់គ្នា។ ខ្ញុំជឿ ខ្ញុំជាជនជាតិខ្មែរ ខ្ញុំ មានបេះដូងខ្មែរ ខ្ញុំចង់ឲ្យបរទេសឃើញថា ខ្មែរពូកែអស្ចារ្យម្លេះ។»។ អ្នកនាង ស្រួង ភាវី បាននិយាយប្រាប់ដូច្នេះ។
 
លោកស្រី ស្រួង ភាវី បានប្រាប់ពីបទពិសោធន៍ ដែលខ្លួនប្រកួតនៅប្រទេសកូរ៉េខាងត្បូង ដោយមានអ្នកគាំទ្រយ៉ាងកក្រើក។ កីឡាការិនីរូបនេះ បញ្ជាក់ថារាល់ការប្រកួតរបស់ខ្លួន មានប្រជាជនកូរ៉េជាច្រើន បានមកទស្សនា និងគាំទ្រ ទាំងតាមកញ្ចក់ទូរទស្សន៍ និងកន្លែងប្រកួត។ អ្វី ដែលលោកស្រីចង់ឃើញ សម្រាប់កម្ពុជានោះ គឺរាល់ការប្រកួតរបស់អត្ដពលិកជាតិ មានប្រជាជនគាំទ្រច្រើន ដូចអ្វី ដែលលោកស្រី បានឃើញនៅប្រទេសកូរ៉េខាងត្បូង។
 
កីឡាការិនីប៊ីយ៉ាការ៉ុមរូបនេះ រៀបរាប់បន្ថែមថា៖«ពេលខ្ញុំប្រកួតនៅក្រៅប្រទេសម្ដងៗ ស្ថានីយ៍ទូរទស្សន៍ នៅកូរ៉េ ផ្សាយ មានអ្នកទស្សនាច្រើន ការគាំទ្រនេះ ធ្វើឲ្យប្រជាជន មានកម្លាំងចិត្តយ៉ាងខ្លាំង។ ខ្ញុំទទួលបានអារម្មណ៍ទាំងនេះ ដូច្នេះហើយខ្ញុំចង់ឲ្យប្រជាជនខ្មែរយើង ដូចជាប្រទេសដទៃ ឃើញកីឡាករខ្លួនឯង ជួយជំរុញឲ្យកក្រើក។»។

កីឡាការិនី ស្រួង ភាវី កំពុងប្រកួត
 
អ្នកនាង ស្រួង ភាវី ជឿជាក់ថា កម្ពុជាសម្បូរដោយអត្ដពលិក មានសមត្ថភាពច្រើន ប៉ុន្ដែពួកគេ មិនសូវមានឱកាសច្រើន។ «ពួកគេបានបញ្ចេញសមត្ថភាពច្រើន។ ដើម្បីជាតិ ពួកគេនឹងធ្វើបាន។ ប្រជាជនកម្ពុជា មានសមត្ថភាពច្រើន ប៉ុន្ដែអត់ឱកាស។»។ កីឡាការិនី ដែលមានស្រុកកំណើតជាអ្នកត្បូងឃ្មុំ និយាយប្រាប់ដូច្នេះ។
 
ជុំវិញការចូលរួមប្រកួតដំណាងជាតិរបស់ខ្លួនក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២វិញ អត្ដពលិកប៊ីយ៉ាការ៉ុមរូបនេះ បាននិយាយប្រាប់ទាំងរំភើបរីករាយ ជាមួយនឹងទឹកមុខញញឹម ថា រូបអ្នកនាងផ្ទាល់ ពិតជាចង់ប្រកួត និងសាងស្នាដៃ ដើម្បីជាតិមាតុភូមិខ្លួន។
 
គួរបញ្ជាក់ថា កីឡាការិនី ស្រួង ភាវី គឺជាស្ដ្រីកម្ពុជាតែម្នាក់ ដែលបានលេងក្នុងវិស័យកីឡាប៊ីយ៉ាការ៉ុម និងបានលើកមុខមាត់ប្រទេសកម្ពុជា។ បច្ចុប្បន្ន កីឡាការិនីរូបនេះ ឈរនៅចំណាត់ថ្នាក់លេខ១ នៅប្រទេសកូរ៉េខាងត្បូង និងលេខ២ នៅលើពិភពលោក លើវិញ្ញាសាកីឡាប៊ីយ៉ាការ៉ុម៕
 

Tag:
 ប៊ីយ៉ាការ៉ុម
  ស្រួង ភាវី
© រក្សាសិទ្ធិដោយ thmeythmey.com