ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រោយចេញពីពន្ធនាគារ លោក ហ៊ុន កុសល ចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា
23, Apr 2023 , 3:09 pm        
រូបភាព
លោក ហ៊ុន កុសល (អាវពណ៌ស្វាយ) ដើរចេញពីពន្ធនាគារ កាលពីថ្ងៃទី២២ មេសា។ រូបភាពពីហ្វេសប៊ុកលោក ហ៊ុន កុសល
លោក ហ៊ុន កុសល (អាវពណ៌ស្វាយ) ដើរចេញពីពន្ធនាគារ កាលពីថ្ងៃទី២២ មេសា។ រូបភាពពីហ្វេសប៊ុកលោក ហ៊ុន កុសល
ភ្នំពេញ៖ លោក ហ៊ុន កុសល ជាអ្នកនយោបាយគាំទ្រគណបក្សប្រឆាំង បានសម្រេចចិត្តចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាវិញ ក្រោយតុលាការដោះលែងឱ្យនៅក្រៅឃុំ កាលពីថ្ងៃទី២២ មេសា។ ចំពោះករណីនេះ សម្ដេច ហ៊ុន សែន បានស្វាគមន៍ទទួលយកលោក ហ៊ុន កុសល មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។


 
នៅរសៀលថ្ងៃទី២៣ មេសានេះ សម្ដេច ហ៊ុន សែន បានបញ្ចេញវីដេអូលោក ហ៊ុន កុសល អតីតអ្នកគាំទ្រគណបក្សប្រឆាំង សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ តាមរយៈវីដេអូខ្លីជាង ៣នាទី ក្នុងនៅបណ្ដាញតេឡេក្រាមរបស់សម្ដេចនាយករដ្ឋមន្រ្តី លោក ហ៊ុន កុសល បាននិយាយអរគុណសម្ដេច ហ៊ុន សែន ដែលអនុញ្ញាតិឱ្យលោកនៅក្រៅឃុំ។
 
«ដើម្បីជាការតបស្នងសងគុណចំពោះសម្ដេចពុករូបកូន ហ៊ុន កុសល សូមប្ដេជ្ញាចិត្ត និងភក្ដីភាព ស្មោះត្រង់ តស៊ូ ជាមួយសម្ដេច ដើម្បីចូលរួមកសាង និងស្ថាបនាប្រទេសជាតិយើង»។ នេះជាការលើកឡើងរបស់អ្នកនយោបាយរូបនេះ ដោយបន្តថា ការផ្ដល់មេត្តា និងមនោសញ្ចេតនារវាងពលរដ្ឋខ្មែរ បានធ្វើឱ្យលោកសម្រចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ 
 
បន្ទាប់ពីបង្ហោះវីដេអូនេះលើតេឡេក្រាម សម្ដេច ហ៊ុន សែន ឆ្លើយតបបែបនេះ៖ «ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូមស្វាគមន៍ទទួលយកលោកហ៊ុន កុសល ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»។
 
សូមបញ្ជាក់ថា លោក ហ៊ុន កុសល ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ដោះលែងឱ្យនៅក្រៅឃុំ កាលពីថ្ងៃទី២២ មេសាម្សិលមិញនេះ។ លោក ហ៊ុន កុសល បានជាប់ពន្ធនាគាររយៈពេល ១ខែ ក្រោមបទចោទ២ គឺបទប្រមាថព្រះមហាក្សត្រ និងបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម៕ 
 

Tag:
 នយោបាយ
  ហ៊ុន កុសល
© រក្សាសិទ្ធិដោយ thmeythmey.com