ជាតិ
សម្ដេច ហ៊ុន សែន ជំរុញឱ្យក្រសួងការងារបង្កើនការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យការងារ
23, Apr 2023 , 7:19 pm        
រូបភាព
សម្តេច ហ៊ុន សែន នាពិធីសំណេះសំណាលជាមួយសហជីពកម្មករ មន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាថ្ងៃទី២៣ មេសានេះ។ រូបភាពពី SPM
សម្តេច ហ៊ុន សែន នាពិធីសំណេះសំណាលជាមួយសហជីពកម្មករ មន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាថ្ងៃទី២៣ មេសានេះ។ រូបភាពពី SPM
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានជំរុញឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមស្ថាប័នពាក់ព័ន្ធ បង្កើនការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យការងារបន្ថែមទៀត។ សម្ដេចជំរុញដូច្នេះ នៅក្នុងពិធីសំណេះសំណាល និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា នៅថ្ងៃទី២៣ មេស នាសាលមហោស្រព កោះពេជ្រ។


 
ក្នុងពិធីសំណេះសំណាលនេះ ការចូលរួមពីសមាគម សហជីព កម្មករ និយោជិក មន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៣៥០០នាក់។ ថ្លែងក្នុងពិធីនេះ សម្ដេច ហ៊ុន សែន បានសម្ដែងក្ដីរីករាយ និងអបអរទិវាពលកម្មអន្តរជាតិ ១ឧសភា ដែលរដ្ឋាភិបាលប្រារព្ធរៀងរាល់ឆ្នាំ ដើម្បីលើកទឹកចិត្ត និងគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់កម្មករកម្មការនីក្នុងវិស័យការងារ។ 
 
ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន បានជំរុញឱ្យក្រសួងការងារ រួមទាំងស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើនការបណ្ដុះបណ្ដាល ធនធានមនុស្សទៅលើវិស័យការងារ ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ សម្ដេច បន្តដូច្នេះ៖ «រាជរដ្ឋាភិបាលជាអ្នកចេញថ្លៃក្នុងការបណ្ដុះបណ្ដាលចំណេះដឹងធនធានមនុស្សលើវិស័យការងារទាំងអស់នោះ»។
 
នាពិធីសំណេះសំណាលខាងលើ សម្ដេចនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខិតខំដោះស្រាយបញ្ហារបស់ពលករនៅក្រៅប្រទេសផងដែរ។ លើសពីនេះ ត្រូវការពារសិទ្ធិកម្មករមិនឱ្យមានការរំលោភបំពានផ្សេងៗឡើយ។ នេះបើតាមទំព័រហ្វេសប៊ុកសម្ដេច ហ៊ុន សែន៕
 

Tag:
 សម្ដេច ហ៊ុន សែន
  ក្រសួងការងារ
© រក្សាសិទ្ធិដោយ thmeythmey.com