ជាតិ
ក្រៅពីទេពកោសល្យ និងរូបស្អាត តើអ្នកសិល្បៈខ្មែរ គួរមានទំនួលខុសត្រូវបែបណាចំពោះវប្បធម៌?
23, Apr 2023 , 9:59 pm        
រូបភាព
លោក សុះ ម៉ាច អតីតប្រធានសមាគមអ្នកសិល្បៈកម្ពុជា អាណ្តិតទី៣ និង ទី៤ រូបភាពរបស់សារព័ត៌មានថ្មីៗ
លោក សុះ ម៉ាច អតីតប្រធានសមាគមអ្នកសិល្បៈកម្ពុជា អាណ្តិតទី៣ និង ទី៤ រូបភាពរបស់សារព័ត៌មានថ្មីៗ
ដោយ៖ សុង សុធាវី 
 
ភ្នំពេញ៖ អតីតប្រធានសមាគមអ្នកសិល្បៈកម្ពុជា ២អាណត្តិ លោក សុះ ម៉ាច បាននិយាយថា ទាំងអ្នកចម្រៀង អ្នកនិពន្ធ តួសម្តែង ត្រូវធ្វើជាគំរូដល់មហាជន មិនថាការនិយាយស្តី អត្តចរិត ដោយត្រូវចេះរក្សាសេចក្តីថ្លៃថ្នូរ ហើយជៀសវាងប្រើកិរិយាណាមួយដែលនាំឱ្យប៉ះពាល់កិត្តិយសជាតិ។ លើសពីនេះ លោក ជំរុញឱ្យអ្នកសិល្បៈចម្រៀង ត្រូវចូលរួមថែរក្សាចម្រៀងមរតកដើម ដោយមិនត្រូវយកមកកាឡៃ ឬក៏ចំលងពីបរទេសទេ ពោលគឺគួរចេះបង្កើតថ្មី ដែលរក្សានូវចរិតខ្មែរ និងពណ៌សម្បុរជាតិខ្លួន។

 
ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង វាគ្មិន លោក សុះ ម៉ាច អតីតប្រធានសមាគមអ្នកសិល្បៈកម្ពុជា ជាមួយ កញ្ញា សុង សុធាវី អ្នកផលិតកម្មវិធី «គំនិតថ្មី»  នៃសារព័ត៌មានថ្មី ដូចតទៅ៖
 


 
លោក សុះ ម៉ាច៖ ចម្រៀងដែលបុព្វបុរសខ្មែរយើងបង្កើតមកមានច្រើនណាស់ ដូចជា ចម្រៀងមហោរី សម្រាប់រាំថ្វាយស្តេច និង របាំអប្សរា។ បទចម្រៀងប្រពៃណី សម្រាប់ពិធីអាពាហ៍ពិពាហ៍។ បន្ទាប់មកគឺចម្រៀងប្រជាប្រិយ ដែលដូនតាយើងបានបង្កើតមក គឺយើងមានមោទនភាពណាស់! ហើយលោកក៏បានបង្កើតនូវចង្វាក់ជាច្រើន ដើម្បីរាំសប្បាយ ដូចជាចង្វាក់រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ តាលុង ចូកកំពិស។ល។ តែសព្វថ្ងៃ ខ្ញុំឃើញបងប្អូនមួយចំនួន បានយកបទចម្រៀង ដែលជាចង្វាក់ទាំងនោះទៅកាឡៃ ហើយជួនកាលបទរាំវង់សោះ វាទៅជាមានរ៉េបអីទៅជាមួយវិញ! រីឯចង្វាក់តាលុង ឬ ចូលកំពិសអីហ្នឹង វាទៅជាមានរ៉េបចូលជាមួយដែរ! អ៊ីចឹងការធ្វើបែបនេះ វានាំឱ្យបាត់ទម្រង់ដើម ដែលដូនតាបានបន្សល់ទុកហ្នឹង! ពណ៌សម្បុររបស់សិល្បៈ មិនអាចធ្វើបែបហ្នឹងទៀតទេ។ ខ្ញុំពិតជាមានការសោកស្តាយណាស់ ដែលពួកគាត់ធ្វើបែបហ្នឹង បើទោះជាចង់បញ្ចូលរវាង បុរាណ និងសម័យក៏ដោយ តែការធ្វើបែបនេះវាដូចជាបំផ្លាញនូវទម្រង់សិល្បៈជំនាន់ដើមវិញទេ ហើយក្មេងៗជំនាន់ក្រោយបែជាគិតថា ចំរៀងមរតកដើមអ៊ីចឹងសោះ ឃើញមានរ៉េបអីណាបញ្ចូលគ្នា។ល។ 
 
កញ្ញា សុង សុធាវី៖ ការកាឡៃឱ្យបាត់ទម្រង់សិល្បៈមរតកដើម ហើយក្លាយជាបុរាណមិនចំបុរាណ និងសម័យមិនចំបែបនេះ តើវាផ្តល់ផលអវិជ្ជមានបែបណាដល់វិស័យសិល្បៈ សម័យនេះ និងទៅអនាគត? 
 
លោក សុះ ម៉ាច ៖ ផលប៉ះពាល់ដល់វិស័យនេះខ្លាំង ដោយមានការយល់ខុសពីអ្នកជំនាន់ក្រោយថា សិល្បៈជាតិខ្លួនបែបហ្នឹងសោះ! យើងមើលប្រទេសគេជិតខាង បទចម្រៀងមរតកដើម គេរក្សាណាស់! ហើយសម័យ និងទំនើបគេបែងចែកគ្នាណាច់ និងបង្កើតអ្វីដែលថ្មី តែរបស់ចាស់គេនៅតែថែរក្សា ដោយមិនយកមកច្រឡូកច្រឡំគ្នាអ៊ីចឹងទេ។ 


លោក សុះ ម៉ាច  អតីតប្រធានសមាគមអ្នកសិល្បៈកម្ពុជា ក្នុងបទសម្ភាសជាមួយ កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ  រូបភាពរបស់សារព័ត៌មានថ្មីៗ
 
កញ្ញា សុង សុធាវី៖   ក្រៅពីមានសំឡេងពីរោះ និងរូបសម្រស់ស្អាត តើអ្នកចម្រៀង ឬ អ្នកសិល្បៈខ្មែរ គួរធ្វើបែបណា ដើម្បីកុំឱ្យខ្លួនក្លាយជាអ្នកនាំយកមរតកវប្បធម៌ខ្មែរទៅបំផ្លាញដោយសារអាជីពខ្លួនបែបនេះ?
 
លោក សុះ ម៉ាច៖  ហ្នឹងជាតួនាទីរបស់អ្នកសិល្បៈ ដែលគួរតែដឹងថា សង្គមសិល្បៈ គឺជាសង្គមជាតិរបស់យើង ហើយគួរតែធ្វើអ្វីដែលល្អៗ សម្រាប់សង្គមជាតិ។ល។ ទី១ ត្រូវរក្សានូវសេចក្តីថ្លៃថ្នូរ ព្រោះយើងជាមនុស្សសាធារណៈ។ ការធ្វើអ្វីមួយ ត្រូវមានការគិតឱ្យមែនទែន ទាំងការប្រើប្រាស់ពាក្យពេជន៍ និងបង្ហាញពីអត្តចរិតអ្វីមួយ ព្រោះវាជះឥទ្ធិពលដល់យុវវ័យជំនាន់ក្រោយ។ ខ្ញុំសុំលើកយកពាក្យមួយគឺ អ្នកសិល្បៈកំប្លែងតែងតែនិយាយលេងថា «រយះក្បាលឥឡូវហើយឯង» ដែលពាក្យនេះវានាំឱ្យបាត់បង់សុជីវធម៌ សេចក្តីថ្លៃថ្នូរនៅក្នុងសង្គម។ ទាំងអត្តចរិត គឺយើងត្រូវរៀបចំ ក៏ដូចជាម៉ូតសក់ ក៏យើងត្រូវតែមើលឱ្យសមរម្យដែរ ព្រោះក្មេងៗ ដែលគាត់ទទួលយកតាមរយៈឥទ្ធិពលសិល្បៈ គឺគាត់រមែងតែធ្វើតាម។ អ៊ីចឹង អ្នកសិល្បៈដែលឈរលំដាប់ប្រទេស ហើយកន្លងមកគាត់ក៏បានចូលរួមជួយសង្គមច្រើនដែរ ដូចនេះសូមបន្តបង្ហាញភាពជាគំរូបន្ថែមទៀត ដែលជារឿងនាំឱ្យសិល្បៈខ្មែរមានភាពរីកចម្រើនទៅមុខបាន។ 
 
កញ្ញា សុង សុធាវី៖ ទោះបីមានសមត្ថភាព និងសកម្មភាពជួយសង្គមរបស់អ្នកសិល្បៈខ្លះក៏ដោយ ពិសេសអ្នកចម្រៀង  តែអត្តន័យនៃបទចម្រៀងមួយចំនួនដែលចេញផ្សាយក៏នៅឃើញមានការជំរុញរឿងផឹកស៊ី និងភាពអវិជ្ជមានក្នុងសង្គមខ្លះដែរ តើលោកមើលឃើញក្នុងន័យស្ថាបនាបែបណាត្រង់ចំនុចនេះ?

លោក សុះ ម៉ាច អតីតប្រធានសមាគមអ្នកសិល្បៈកម្ពុជា ក្នុងបទសម្ភាសជាមួយ កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ  រូបភាពរបស់សារព័ត៌មានថ្មីៗ
 
លោក សុះ ម៉ាច៖ ខ្ញុំបានស្តាប់បទចម្រៀងច្រើនដែរ មិនថាតែពេលបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្យ ។ល។ ពេលខ្លះយើងបន្ទាសតែអ្នកចម្រៀងក៏វាមិនកើតដែរ ព្រោះអ្នកចម្រៀងច្រៀងតាមតែអ្នកនិពន្ធសរសេរឱ្យ។ អ៊ីចឹងអ្នកនិពន្ធខ្លួនឯងហ្នឹង គួរគិតថាអ្វីគួរ អ្វីមិនគួរ។ អ្នកនិពន្ធយើងជំនាន់ដើម និពន្ធមកមានន័យណាស់ ដូចជាលោក ស៊ីន ស៊ីសាម៉ុត បានលើកឡើងក្នុងបទចម្រៀង «រាំវង់ក្នុងពេលរាត្រី» នៅក្នុងឃ្លាថា «រាំវង់ជាកេររបស់ខ្មែរ ដែលជាតិបានថែគ្រាន់លំហែពីទុក្ខា»។ អ៊ីចឹង គាត់បង្ហាញថា រាំវង់ជារបស់ខ្មែរ។ ជាមួយគ្នានេះ លោក អ៊ឹង ណារី មានបន្សល់ទំនុកច្រៀងមួយថា «ភ្លេងលេងយូរហើយម្តេចក៏ត្រាណត្រើយមិនប្រញាប់មក សារ៉ាវ៉ាន់ជាកេររបស់ខ្មែរ នរណាក៏គេចេះរាំដែរអូន»។ នេះបង្ហាញថា សារ៉ាវ៉ាន់ និងរាំវង់ជារបស់ខ្មែរ មិនមែនរបស់ថៃ ហើយក៏មិនមែនជារបស់ឡាវទេ! ព្រោះយើងនៅមានសិលាចារឹកបង្ហាញដែរ។ អ៊ីចឹង អ្នកនិពន្ធត្រូវនិពន្ធអ្វីដែលជាប្រយោជន៍ សម្រាប់ជាតិ។ មិនមែនការលើកតម្កើង មួយកំប៉ុង ពីរកំប៉ុងក៏សន្លប់ដែរអ៊ីចឹងទេ! ទោះនេះជាសម័យថ្មី តែយើងត្រូវបញ្ចូលការអប់រំ ដោយមានគំរូអ្នកនិពន្ធជំនាន់ដើម ដែលគាត់សរសេរអ្វីមួយចេញមកច្បាស់ណាស់! ទាំងការប្រើប្រាស់អក្ខរាវិរុទ្ធ ទាំងភាសាជាតិ តែសព្វថ្ងៃនេះ គេនិពន្ធពាក្យថ្មីៗ ប្លែកៗ ហើយខ្ញុំ ពេលខ្លះក៏មិនយល់ពាក្យគេដែរ! ខ្ញុំក៏មិនដឹងថា កំរិតចំណេះដឹងគាត់ផ្នែកអក្សរសាស្រ្តជាតិនៅចំនុចណា យើងក៏មិនអាចវាយតម្លៃបានដែរ។ ប៉ុន្តែអ្នកនិពន្ធខ្លះក៏គាត់សរសេរបានត្រូវទាំង អក្ខរាវិរុទ្ធ  ពាក្យពេចន៍ អក្សរសាស្រ្តជាតិគាត់ច្បាស់។ អ៊ីចឹងអ្នកនិពន្ធគួរតែយកគំរូពីវិរៈសិល្បករជំនាន់មុន ដែលគាត់មានបេះដូងជាអ្នកជាតិនិយមពិតមែន។ 
 
កញ្ញា សុង សុធាវី៖  យើងឃើញថា អ្នកចម្រៀងជំនាន់មុន ទាំងលោក ស៊ីន ស៊ីសាម៉ុត លោក សុះ ម៉ាត់ ដែលជាបិតារបស់លោក និងរូបលោកផ្ទាល់សុទ្ធតែចេះនិពន្ធទំនុកច្រៀងដោយខ្លួនឯង បន្ថែមពីលើសមត្ថភាពក្នុងការច្រៀង តែអ្នកចម្រៀងសម័យនេះ ភាគច្រើនតែងតែច្រៀងតាមតែអ្វីដែលគេនិពន្ធឱ្យ តើអ្នកចម្រៀងសព្វថ្ងៃគួរតែចេះនិពន្ធទំនុកច្រៀងដោយខ្លួនឯង ឬ ទេ ដើម្បីបង្កើននូវសមត្ថភាពខ្លួនឯងថែមទៀត?
 
លោក សុះ ម៉ាច៖ ការនិពន្ធក្នុងពេលតែមួយ ទាំងទំនុកច្រៀង និងការច្រៀង បានធ្វើឱ្យអារម្មណ៍របស់យើងដាក់មនោសញ្ចេតនាបានល្អ ហើយអត្ថន័យនៃចម្រៀងក៏ស៊ីគ្នាទៀត។ល។ អ៊ីចឹង អ្នកចម្រៀង បើសិនជាចេះនិពន្ធទំនុកច្រៀង និងទំនុកភ្លេងទៀតជាការល្អណាស់ ហើយក៏ជួយអភិវឌ្ឍន៍ខ្លួនឯងថែមទៀត៕  

© រក្សាសិទ្ធិដោយ thmeythmey.com