ជាតិ
សេដ្ឋកិច្ច
កម្ពុជា បានចំណូលជិត ៩០លានដុល្លារពីការនាំចេញជ័រកៅស៊ូ នៅត្រីមាសទី១
24, Apr 2023 , 7:59 am        
រូបភាព
ភ្នំពេញ៖ គិតត្រឹមត្រីមាសទី១ ដើមឆ្នាំ២០២៣ កម្ពុជា រកចំណូលបានជិត ៩០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៅ ថ្ងៃទី ២២ ខែមេសា។


 
របាយការណ៍ដដែលបានបញ្ជាក់ថា នៅត្រីមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាសម្រេចបាននាំចេញជ័រកៅស៊ូចំនួន៦៥ ៩២១តោន។ បរិមាណនេះកើនឡើងចំនួន៤  ១៨២តោន ស្មើនឹង ៦ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំមុន។ រីឯ ការបញ្ចេញលក់ឈើកៅស៊ូ សម្រេចបាន២ ៣០៦ម៉ែត្រគូប។ 
 
ក្នុងនោះដែរ ចំណូលដែលទទួលបានពីការនាំចេញជ័រកៅស៊ូមានចំនួន៨៩ ០៧៥ ៨៣៩ដុល្លារ និងចំណូលបានពីការនាំចេញឈើកៅស៊ូចំនួន៤៨០ ២៦១ដុល្លារ។ បច្ចុប្បន្ន ជ័រកៅស៊ូជាមធ្យមតម្លៃ១៣៥១ដុល្លារ ក្នុង១តោន រីឯឈើកៅស៊ូវិញ មានតម្លៃជាមធ្យម១៨៣ដុល្លារ ១ម៉ែត្រគូប។
 
កាលពីឆ្នាំ ២០២២ កម្ពុជា រកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩ ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤ ០៨៩ ២៧៣ដុល្លារ។
 
យោងរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមឆ្នាំ ២០២១ កម្ពុជាមានផ្ទៃដីកៅស៊ូជាង ៤០ម៉ឺនហិកតា ក្នុងនោះឧស្សាហកម្មកៅស៊ូមានជាង ២៤ហិកតា និងកៅស៊ូគ្រួសារជាង ១៦ម៉ឺនហិកតា។ កម្ពុជា មានរោងចក្រ សិប្បកម្មកែច្នៃកៅស៊ូ ១៦៨កន្លែង ស្ថិតក្នុងខេត្តចំនួន ១១ ដែលមានលទ្ធភាពនាំចេញផលិតផលកៅស៊ូបានជាង ៣៧ម៉ឺនតោន ដោយទទួលបានចំណូលចំនួន ៦១០លានដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូបានជាង ១,៥លានដុល្លារ៕  

Tag:
 កសិកម្ម
  កៅស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com