អន្តរជាតិ
រដ្ឋ​សភា​អាមេរិក​អនុម័ត​ច្បាប់​​ហាម​​មិន​ឱ្យ​កីឡាករកែ​ភេទ​​ពី​បុរស​​​ប្រកួត​ក្នុង​ក្រុមកីឡាករ​ស្ត្រី
24, Apr 2023 , 7:29 pm        
រូបភាព
សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​​​ តំណាង​​ឱ្យ​រដ្ឋ​ Florida លោក​ Greg Steube (AP Photo/J. Scott Applewhite)
សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​​​ តំណាង​​ឱ្យ​រដ្ឋ​ Florida លោក​ Greg Steube (AP Photo/J. Scott Applewhite)
ដោយ: VOA
រដ្ឋសភា​សហរដ្ឋអាមេរិក​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​ ​បាន​អនុម័ត​សេចក្តីព្រាង​ច្បាប់​មួយ ​ដែលនឹង​ដាក់​បម្រាម​ដល់សាលា​រៀននិងមហា​វិទ្យាល័យ​នានា​ ដែល​គាំទ្រដោយ​រដ្ឋាភិបាល​សហព័ន្ធ​ មិន​អនុញ្ញាត​ឱ្យ​ក្រុមកីឡាការិនី ដែល​បាន​កែភេទ​មក​ពី​បុរស​ ចូលរួម​ប្រកួតនៅ​ក្នុង​ក្រុមកីឡាករ​ស្រ្តី​នោះ​ឡើយ។​ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ AP។ ​

 
សេចក្តី​ព្រាង​ច្បាប់នេះ​ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​២១៩​ ទល់​នឹង​២០៣​សំឡេងនោះ​ ប្រហែលមិន​អាចធ្វើ​ដំណើរ​ទៅ​មុខ​ហួស​ពី​នេះ​ទេ​ ពី​ព្រោះ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ ដែលគ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ នឹង​មិន​គាំទ្រសេចក្តីព្រាង​ច្បាប់​នេះ​ឡើយ ហើយ​សេតវិមាន​ក៏​និយាយ​ផង​ដែរ​ថា​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ Joe Biden ក៏​នឹង​មិន​ចុះ​ហត្ថលេខា​យល់​ព្រម​លើ​ច្បាប់​នេះ​ដែរ។​ ​
 
ក្រុម​អ្នក​គាំទ្រ​ច្បាប់នេះ​និយាយ​ថា​ ច្បាប់​នេះគឺមាន​ភាព​ចាំបាច់ដើម្បី​ធានា​ឱ្យមានការ​ប្រកួត​ប្រជែង​មួយ​ដោយ​ស្មើភាព​និងត្រឹមត្រូវ។ ​ពួក​គេ​លើក​ឡើង​ថាការ​បោះឆ្នោត​គាំទ្រ​ច្បាប់នេះ​ គឺគាំទ្រដល់​ក្រុម​កីឡាការិនី​ ​ដែល​ត្រូវ​ចូលរួម​ប្រកួត​ដោយ​ចាញ់ប្រៀប ​នឹង​ក្រុម​កីឡាករ​ដែល​បាន​កែភេទ​ពី​ភេទ​ប្រុស​ទៅ​ភេទ​ស្រី​នោះ។ ប៉ុន្តែ​អ្នករិះគន់ច្បាប់​នេះវិញ​និយាយថា​ នេះ​ជា​ការផាត់ចេញ​នូវ​ក្រុម​មនុស្ស​ដែលងាយ​ទទួល​រងគ្រោះ​ពី​ការ​មាក់ងាយ​រួចទៅហើយ​នោះ​ ដើម្បីចំណេញ​ខាង​នយោបាយ​តែ​ប៉ុណ្ណោះ។ ​
 
ការបោះឆ្នោតអនុម័ត​របស់​រដ្ឋសភា​សហរដ្ឋ​អាមេរិក​នេះ​ កើត​មាន​ឡើង​ បន្ទាប់ពី​រដ្ឋយ៉ាង​តិច​ណាស់​ក៏​២០​រដ្ឋដែរ បាន​ដាក់​បម្រាម​ប្រហាក់​ប្រហែល​គ្នា​នេះ​ផង​ដែរ​ ទៅ​លើ​ក្រុម​កីឡាការិនី​ ដែល​បាន​កែ​ភេទ​ពី​កំណើត​របស់​ខ្លួន ​ក្នុង​កម្រិត​ថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់ទី​១២​ ឬ​មហាវិទ្យាល័យ​។
 
សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ តំណាងឱ្យ​រដ្ឋ​ Florida លោក​ Greg Steube ដែល​ជា​ស្ថានិក​នៃច្បាប់​នេះ​ បាន​លើក​យក​ករណីកីឡាការិនី​ហែល​ទឹក​មក​ពី​មណ្ឌល​របស់​លោក​ គឺ​នាង Emma Weyant ដែល​ជា​សមាជិក​ក្រុមអ្នកហែលទឹក​អូឡាំពិក​សហរដ្ឋ​អាមេរិក​ម្នាក់​ក្នុង​ឆ្នាំ​២០២០​ ដែល​បាន​ទទួល​ជ័យ​លាភី​លេខ២​ ក្នុង​ការប្រកួត​វិញ្ញាសា​ហែលទឹក​ដោយ​សេរី​ក្នុង​ចម្ងាយ​ជាង​៤០០​ម៉ែត្រ របស់​សមាគម​កីឡា​មហាវិទ្យាល័យ​ជាតិ។​ ​ នាង​បាន​ហែល​ទឹក​ចាញ់​កីឡាករ​កែភេទ​ស្រី លោក​ Lia Thomas ដែល​ធ្លាប់បាន​ប្រកួតអស់​ពេល​៣​ឆ្នាំនៅ​ក្នុង​ក្រុម​កីឡាករ​ហែល​ទឹក​បុរស​របស់​សាកល​វិទ្យាល័យ​Pennsylvania មុន​ពេលចូលរួម​ជា​មួយក្រុម​កីឡាករ​ស្រី្ត​នោះ។
សមាជិក​រដ្ឋសភា​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​រូប​នេះ​ និយាយ​ថា​ សុច្ចរិតភាព​របស់​កីឡាការិនី​ពិត​ប្រាកដ ត្រូវ​តែ​ទទួល​បាន​ការការពារ។
 
លោកស្រី Pramila Jayapal ​សមាជិក​រដ្ឋសភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ មកពី​រដ្ឋវ៉ាស៊ីនតោន​ ដែល​មាន​កូនស្រី​កែភេទ ​បាន​និយាយ​ថា​ គណបក្ស​សាធារណរដ្ឋ​បាន​កេងចំណេញ​លើ​កុមារ​កែភេទ​យ៉ាង​ឃោរឃៅ ​ដើម្បី​យកផលប្រយោជន៍​នយោបាយ។ លោកស្រី​បាន​និយាយ​ថា​ សិស្ស​កែភេទ​បីភាគបួន​រាយការណ៍​ថា​បាន​ជួបប្រទះ​ការបៀតបៀន ​ឬ​ការរើសអើង​នៅ​សាលារៀន​ ហើយ​មនុស្ស​ជាច្រើន​ចង់​ធ្វើ​អត្តឃាត៕ ​
 

© រក្សាសិទ្ធិដោយ thmeythmey.com