កីឡាជាតិ
ជាតិ
សេដ្ឋកិច្ច
ស៊ីហ្គេម២០២៣
ព្រឹត្តិការណ៍«ស៊ីហ្គេម» ជួយសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរស់រវើក!
24, Apr 2023 , 8:59 pm        
រូបភាព
រូបតំណាង៖ ពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី២០វិច្ឆិកា ឆ្នាំ២០២២។ រូបថត៖ ហ្វេសហ៊ុកផេក ពហុកីឡដ្ឋានជាតិមរតកតេជោ
រូបតំណាង៖ ពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី២០វិច្ឆិកា ឆ្នាំ២០២២។ រូបថត៖ ហ្វេសហ៊ុកផេក ពហុកីឡដ្ឋានជាតិមរតកតេជោ
សល់ពេលត្រឹម១០ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជា​នឹងបើកព្រឹត្តិការណ៍​ការប្រកួតកីឡា​ប្រចាំ​តំបន់​អាស៊ី​អាគេ្នយ៍ (SEA GAMES)ជាផ្លូវការ នៅថ្ងៃទី៥ឧសភា។ បើតាមអ្នកជំនាញសេដ្ឋកិច្ច ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នឹងជួយធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចជាតិកាន់តែរស់រវើក អំពីតម្រូវការ​ និងការផ្គត់ផ្គង់ ខណៈរដ្ឋាភិបាលត្រៀមកញ្ចប់ចំណាយលើព្រឹត្តិការណ៍SEA GAMES មិនក្រោម​២០០លានដុល្លារម៉េរិក ឡើយ។

 
​ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នឹងចាប់ផ្តើមផ្លូវការនៅថ្ងៃទី៥ ខែឧសភា និងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ រាល់ការចំណាយទាំងអស់ក្នុងសកម្មភាពកីឡាក្នុងព្រឹត្តិការណ៍នេះ គឺជាបន្ទុករបស់រដ្ឋាភិបាល រាប់ទាំងចំណាយលើការស្នាក់នៅ និងអាហាររបស់ប្រតិភូកីឡាករនៃបណ្តាប្រទេសចូលរួម រួមទាំងថ្លៃសំបុត្រចូលទស្សនាការប្រកួតកីឡានីមួយៗផងដែរ។  រដ្ឋាភិបាលធ្វើបែបនេះ គឺដើម្បីឱ្យពិភពលោកស្គាល់កាន់តែច្បាស់អំពីកិត្យានុភាពរបស់កម្ពុជា។​
 
សម្រាប់អ្នកជំនាញសេដ្ឋកិច្ច ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ នឹងជួយធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចកម្ពុជាកាន់តែរស់រវើក ជាពិសេស គឺជួយស្តារឡើងវិញនូវវិស័យទេសចរណ៍ និងជួយទាក់ទាញលំហូរទុនវិនិយោគពីបរទេសបន្ថែមទៀត។ ​លោកបណ្ឌិត គី សេរីវឌ្ឍន៍ ​ អ្នកវិភាគ​សេដ្ឋកិច្ច​ នៅរាជ​បណ្ឌិតសភាកម្ពុជា បានលើកឡើងថា​ ក្រៅតែពីបង្ហាញកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិហើយនោះ កម្ពុជាក៏បានចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុននានា និងបង្កើនចំណូលក្នុងចរន្តសេដ្ឋកិច្ចជាតិ ដែលពលរដ្ឋជាតិ​និងអន្តរជាតិ បានចំណាយនៅក្នុងព្រឹត្តិការណ៍​ការប្រកួតកីឡា​ប្រចាំ​តំបន់​អាស៊ី​អាគេ្នយ៍នេះ។ 
 
បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ នាឱកាសព្រឹត្តឹការណ៍ SEA GAMES កម្ពុជានឹងទទួលភ្ញៀវអន្តរជាតិកាន់តែច្រើន ដោយសាររដ្ឋាភិបាលមិនយកកម្រៃពីអ្នកទស្សនាការប្រកួតកីឡាគ្រប់ប្រភេទក្នុងព្រឹត្តិការណ៍នេះ។ លោកបានពន្យល់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) នាថ្ងៃទី២៤មេសា ថា៖  «នៅពេលដែលភ្ញៀវបរទេសមកកម្ពុជា​ ពួកគាត់នឹងត្រូវចាយលុយក្នុងការធ្វើដំណើរ ការស្នាក់នៅ និងការហូបចុក​ ជាដើម។ អ៊ីចឹង! សកម្មភាពទាំងអស់ហ្នឹង វាវិលចូលក្នុងហោបៅរបស់ប្រជាជនកម្ពុជា​ និងក្នុងចរន្តសេកិច្ចជាតិយើង»។  
 
វត្តមានភ្ញៀវអន្តរជាតិដែលមកទស្សនាការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ​ ក៏នឹងធ្វើឱ្យព្រលានយន្តហោះកម្ពុជា មានសកម្មភាព និងចំណូលពន្ធពីព្រលានច្រើនជាងមុន ហើយចំណូលសេវាផ្សេងៗពីវិស័យដឹកជញ្ជូន ក៏កម្ពុជាបានច្រើនជាងមុន​​ផងដែរ រួមទាំងការលក់ដូរ និងការស្នាក់នៅ ។ នេះជារៀបរាប់បន្ថែមរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ ដោយបន្តនិយាយយ៉ាងដូច្នេះ៖ « អ៊ីចឹង!​យើងសរុបជារួមមកព្រឹត្តិការណ៍ស៊ីហ្គេមនេះ នឹងធ្វើឱ្យមានភាពប្រសើរឡើងនូវសកម្មភាពសេដ្ឋកិច្ចជាតិ»។
 
ដើម្បីឱ្យកម្ពុជាទទួលបានប្រយោជន៍សេដ្ឋកិច្ចកាន់តែច្រើនពីព្រឹត្តិការណ៍ស៊ីហ្គេម  អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានជំរុញដល់ក្រុមអ្នកផលិត ជាពិសេសខាងសហគ្រាសធុនតូច និងមធ្យម(SME) ឱ្យបង្កើនលទ្ធភាពក្នុងការផលិតវត្ថុអនុស្សាវរីយ៍នានា ដែលពាក់ព័ន្ធនឹងកីឡាស៊ីហ្គេមប្រចាំឆ្នាំ២០២៣។  លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបញ្ជាក់ថា ការផលិតវត្ថុអនុស្សាវរីយ៍សម្រាប់លក់ក្នុងព្រឹត្តិការណ៍នេះ គឺគួរតែធ្វើពីឈើ ឬធ្វើវត្ថុធាតុដើមទាំងឡាយណា ដែលមាននៅក្នុងស្រុក ហើយកែច្នៃដោយពលរដ្ឋកម្ពុជា​។ ការធ្វើបែបនេះ នឹងអាចទាក់ទាញភ្ញៀវបានកាន់តែច្រើន ក្នុងការទិញវត្ថុអនុស្សាវរីយ៍នានា​ និងចង់ចាំកម្ពុជាពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ក្នុងឆ្នាំ២០២៣នេះ។ 
 
ជាមួយគ្នានេះ ក្រុមអ្នកផលិតនិងកែច្នៃទាំងនោះត្រូវដាក់តាំងបង្ហាញផលិតផលរបស់ខ្លួន ដូចជា ស្វាយកញ្ចប់ក្រៀម, ស្វាយចន្ទី ដំណាប់ផ្លែឈើនិងចំណីអាហារនានា រួមទាំងផលិតផលខ្មែរទាំងអស់នៅតាមទីតាំងនីមួយៗក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ។ បើតាមលោកកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចមកពីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា ការចូលរួមពីវិស័យឯកជនបែបនេះ នឹងធ្វើឱ្យពិភពលោកស្គាល់កម្ពុជា​កាន់តែទំលំទូលាយ។ 
 
លោកជឿជាក់ថា កម្ពុជា​នឹងកាន់តែលេចធ្លោ និងល្បីល្បាញនៅ​លើឆាកអន្តរជាតិ បន្ទាប់ពីចប់ព្រឹត្តិការណ៍ស៊ីហ្គេមនេះ។ ទន្ទឹមនេះ កម្ពុជា នឹងទទួលបានការចាប់អារម្មណ៍ច្រើនពីបណ្តាប្រទេសបស្ចឹមលោក រួមទាំងប្រទេសដែលគ្រោងចាប់ដៃគូក្នុងទិដ្ឋភាពផ្សេងៗជាមួយកម្ពុជា ផងដែរ។ 
 
លោកកបណ្ឌិត ហុង វណ្ណៈ​បន្តនិយាយប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖ «អ្វីដែលគិត! គឺយើងនឹងទទួលបានកំណើនភ្ញៀវទេសចរនៅឆ្នាំនេះ​ និងឆ្នាំបន្តបន្ទាប់យ៉ាងឆាប់រហ័ស។ ជាមួយគ្នានេះ យើងនឹងទទួលបានការវិនិយោគថ្មីៗបន្ថែមទៀតដោយក្តីទុកចិត្តលើរដ្ឋាភិបាលពីសំណាក់វិនិយោគិនបរទេស»។​
 
ពាក់ព័ន្ធនឹងការតាំងផលិតផលខ្មែរក្នុងព្រឹត្តិការណ៍ស៊ីហ្គេម សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចហើយ។ លោក តែ តាំងប៉​ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា វិស័យសហគ្រាសធុនតូច និងមធ្យម គឺមានផលិតផលជាតិជាច្រើន ដែលគ្រោងបង្ហាញ​ទៅកាន់ពិភពលោកឱ្យបានស្គាល់កាន់តែច្បាស់នូវសម្បតិ្តបេតិកភណ្ឌជាតិ រួមទាំងផលិតផលជាច្រើនទៀត ដែលកម្ពុជាមាន។
 
បើតាមលោកប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ផលិតផលខ្មែរដែលត្រូវតាំងបង្ហាញក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនោះមាន ក្រមា ហូលផាមួង ចម្លាក់ធ្វើពីឈើ ថ្ម កំទេចឈើ ប្រាក់ មាសនិងលោហៈធាតុនានា។ ក្រៅពីនេះ ក៏មានតាំងបង្ហាញនូវ ផលិតផលខ្មែរកសិកម្ម ដូចជា៖ ដំណាប់ផ្លែឈើ ស្រាចេក កាហ្វមណ្ឌលគិរី ទឹកតៅហ៊ូ អំបុក រួមទាំងអង្ករពូជល្អៗដែលត្រូវបាននាំចេញកន្លងមក ផងដែរ​។ 
 
​សូមជម្រាបថា កាលពី​ថ្ងៃទី​២៥មករា ឆ្នាំ ២០២៣ លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំ​ការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានលើកឡើងក្នុង​វេទិកាសាធារណៈ​ស្តីពី​ការ​គ្រប់​គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ស្តីពី​ហិ​រញ្ញ​វត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២៣ ថា ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ កម្ពុជាត្រៀមការចំណាយមិនតិចជាង ២០០លានដុល្លារឡើយ។ 
 
ដោយឡែក​ នាព្រឹកថ្ងៃទី២៤មេសានេះ ប្រមុខរាជរដ្ឋាភិបាលសម្តេច ហ៊ុន សែន ប្រកាសបន្ថែមប្រាក់ចំណាយលើការរៀបចំធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ចំនួន៧លានដុល្លារទៀត។ ការបន្ថែមខ្ទង់ចំណាយនេះ គឺដើម្បីសម្រួលដល់ថ្លៃហូបចុក ស្នាក់នៅ និងធ្វើដំណើររបស់ប្រតិភូកីឡាករចូលរួមប្រកួតនៅកម្ពុជាពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ 
​យោងតាម​របាយ​ការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​២០២២​​របស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយ​កាលពី​ថ្ងៃទី​៣០មីនា ​កម្ពុជា​នឹងមាន​កំណើន​សេដ្ឋ​​កិច្ចក្នុងអត្រា៦​ភាគរយ​សម្រាប់​ឆ្នាំ​ ២០២៣៕
 

Tag:
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com