ជាតិ
លោក ប៉ែន ផល្លីកា អតីត​អ្នកគាំទ្រ​​លោក កឹម សុខា ត្រូវ​បាន​តែងតាំងជា​អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម
25, Apr 2023 , 9:59 pm        
រូបភាព
លោក ហ៊ុន កុសល (ខាងឆ្វេង) លោក កឹម សុខា (កណ្ដាល) និង​លោក ប៉ែន ផល្លីកា (ខាងស្ដាំ)។ រូបភាពពី​ហ្វេសប៊ុក​លោក ប៉ែន ផល្លីកា
លោក ហ៊ុន កុសល (ខាងឆ្វេង) លោក កឹម សុខា (កណ្ដាល) និង​លោក ប៉ែន ផល្លីកា (ខាងស្ដាំ)។ រូបភាពពី​ហ្វេសប៊ុក​លោក ប៉ែន ផល្លីកា
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ប៉ែន ផល្លីកា ជាអនុរដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ ព្រះរាជក្រឹត្យរបស់ទ្រង់ ចុះកាលបរិច្ឆេទ នៅថ្ងៃទី២៤ មេសា។



លោក ប៉ែន ផល្លីកា បច្ចុប្បន្នជា​មគ្គុទ្ទេសក៍ភាសាបារាំង និងជា​​អតីតក្រុមការងារគណបក្សសង្រ្គោះជាតិ ប្រចាំខេត្តសៀមរាប ត្រូវ​បាន​តែងតាំង​ជា​អនុ​រដ្ឋលេខាធិការក្រសួង​កសិកម្ម ​តាម​ការ​ស្នើ​សុំ​របស់​សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។​ លោក ប៉ែន ផល្លីកា ជា​សកម្មជន​អតីតគណបក្សសង្រ្គោះជាតិ ដែល​សកម្ម និង​តែង​មាន​វត្តមាន​ជាញឹក​ញាប់​ជាមួយ​លោក កឹម សុខា។ 
 
ក្រៅពីលោក ប៉ែន ផល្លីកា នៅមានអតីតអ្នកប្រឆាំងម្នាក់ទៀត គឺលោក ប៉ែន រដ្ឋា ក៏ទទួលបានការតែងតាំងដែរ។ យោងតាមព្រះរាជក្រឹត្យមួយផ្សេងទៀត ដែលចេញនៅថ្ងៃ២៤ មេសា ដែរនោះ លោក ប៉ែន រដ្ឋា ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល។ 
 
គួរ​បញ្ជាក់ថា រ​យៈពេល១សប្ដាហ៍នេះ អ្នកគាំទ្រ​អតីតគណបក្ស​សង្រ្គោះជាតិមួយចំនួន បាន​ចូលរួម​ជីវភាព​នយោបាយជាមួយ​គណបក្សប្រជាជន ដូចជា  លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល ជាអាទិ៍។ ក្រោយចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា លោក យឹម ស៊ីណន ត្រូវ​បាន​តែងតាំងជា​អនុរដ្ឋលេខាធិការក្រសួង​ការងារ​ ហើយលោក ហ៊ុន កុសល បាន​តែងតាំងជា​​អនុរដ្ឋលេខាធិការក្រសួងរៀបចំ​ដែន​ដី។ លោកទាំង២ សុទ្ធតែជាអ្នកគាំទ្រលោក កឹម សុខា ពីមុន៕ 
 
 

Tag:
 នយោបាយ
  កសិកម្ម
  ប៉ែន ផល្លីកា
© រក្សាសិទ្ធិដោយ thmeythmey.com