អន្តរជាតិ
ថៃ គ្រោងផ្តល់ប្រាក់ឱ្យប្រជាជនមានចំណូលទាបដើម្បីជួយកាត់បន្ថយថ្លៃអគ្គិសនី
26, Apr 2023 , 1:59 pm        
រូបភាព
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
រដ្ឋាភិបាលថៃ គ្រោងនឹងផ្តល់ប្រាក់ច្រើនជាង៣២០លានដុល្លារ (១១ពាន់លានបាត) សម្រាប់ជាឧបត្ថម្ភធនដល់ប្រជាជនដែលមានប្រាក់ចំណូលទាបក្នុងរយៈពេល ៤ខែ ដើម្បីជួយកាត់បន្ថយថ្លៃអគ្គិសនី។ វិធានការដែលនឹងចាប់ផ្តើមនៅខែឧសភានេះ ត្រូវដាក់ទៅគណៈកម្មការរៀបចំការបោះឆ្នោតថៃ (EC) ជាមុនសិន។

 
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី២៥ ខែមេសា នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា បានលើកឡើងពីកិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងការលើកឡើង និងការដោះស្រាយពីបញ្ហាការចំណាយដ៏ខ្ពស់លើថ្លៃអគ្គិសនីរបស់ប្រជាជន។ 
 
«សូមទុកចិត្តរដ្ឋាភិបាលចុះ។ យើងកំពុងខិតខំឱ្យបានល្អបំផុត»។ លោកប្រាយុទ្ធ បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៥ ខែមេសា ដោយបន្តថា ការផ្តល់ប្រាក់ច្រើនជាង៣២០លានដុល្លារសម្រាប់ប្រជាជនមានចំណូលទាប ដើម្បីដោះស្រាយថ្លៃអគ្គិសនី គឺពិតជាចាំបាច់ណាស់។ 
 
បើតាមមេដឹកនាំរូបនេះ គណៈរដ្ឋមន្រ្តីចាំផ្ទះ បានចុះហត្ថលេខាលើឧបត្ថម្ភធនរួចហើយ ដោយពេលនេះ គឺវាអាស្រ័យលើគណៈកម្មការរៀបចំការបោះឆ្នោតថៃ។ 
 
ដោយផ្អែកតាមរដ្ឋធម្មនុញ្ញថៃ រាល់ការផ្តល់ប្រាក់លើបញ្ហាបន្ទាន់ ដែលអនុម័តដោយរដ្ឋាភិបាលបណ្តោះអាសន្ន ក្រោយរដ្ឋសភាត្រូវបានរំលាយ ត្រូវតែមានការគាំទ្រពីគណៈកម្មការរៀបចំការបោះឆ្នោតសិន។ 
 
ទន្ទឹមនេះ លោក ប្រាយុទ្ធ ក៏បានឌឺដងដាក់បក្សនយោបាយផ្សេងផងដែរ ដែលមានបំណងកាត់បន្ថយពន្ធលើថ្លៃអគ្គិសនី ដើម្បីជួយសម្រាកបន្ទុកប្រជាជន។ ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាលបណ្តោះអាសន្នថៃ បានលើកឡើងថា បក្សនយោបាយទាំងនោះ គួរតែដឹងពីហេតុផល និងភាពចាំបាច់ ក៏ដូចជាព័ត៌មានលម្អិតដ៏ស្មុគស្មាញ ពាក់ព័ន្ធនឹងការចំណាយលើអគ្គិសនី។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
បន្ថែមពីនេះ លោក ប្រាយុទ្ធ ក៏បានការពារវិធានការរបស់រដ្ឋាភិបាលថា ថៃត្រូវតែប្រុងប្រយ័ត្នលើការចំណាយ សម្រាប់ក្រុមមនុស្សដែលចាំបាច់ ពោលគឺរដ្ឋាភិបាលត្រូវតែប្រឹងប្រែងឱ្យបានល្អបំផុត ដើម្បីជួយប្រជាជនងាយរងគ្រោះ។ 
 
សូមបញ្ជាក់ថា​ ចាប់តាំងពីខែមករា ដល់ខែមេសា រដ្ឋាភិបាលថៃ បានផ្តល់ឧបត្ថម្ភធនប្រមាណ ៨៧លានដុល្លារ (៣,២ពាន់លានបាត) រួចហើយ ដើម្បីជួយប្រជាជនមានប្រាក់ចំណូលទាប ដោះស្រាយថ្លៃអគ្គិសនី៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com