អន្តរជាតិ
ក្រោយចិនធ្វើសមយុទ្ធឡោមព័ទ្ធ តៃវ៉ាន់នឹងធ្វើសមយុទ្ធយោធាប្រឆាំងនឹងការហ៊ុមព័ទ្ធ
26, Apr 2023 , 4:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
តៃវ៉ាន់ នឹងធ្វើសមយុទ្ធយោធា Han Kuang ប្រចាំឆ្នាំនៅពាក់កណ្តាលខែឧសភា និងខែសីហា ដើម្បីផ្តោតលើកម្លាំងប្រយុទ្ធប្រឆាំងនឹងការហ៊ុមព័ទ្ធ និងការពារដែនកោះ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃទី២៦ ខែមេសា។

 
ក្រោយចិនបញ្ចប់សមយុទ្ធឡោមព័ទ្ធ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃទី២៦ ខែមេសា បានប្រកាសធ្វើសមយុទ្ធយោធា Han Kuang ប្រចាំឆ្នាំ ដែលនឹងត្រូវបែងចែកជាពីរដំណាក់កាល។ 
 
សមយុទ្ធដំណាក់កាលដំបូង ជាការរៀបចំផែនការ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែឧសភា និងសមយុទ្ធដំណាក់កាលទីពីរ នឹងចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា។ សមយុទ្ធដំណាក់កាលទីពីរនេះ នឹងផ្តោតលើការរៀបចំកម្លាំង រួមទាំងសមយុទ្ធបាញ់គ្រាប់ពិត។ 
 
តាមការប្រកាសរបស់ក្រសួងការពារជាតិតៃវ៉ាន់ សមយុទ្ធយោធានឹងផ្តោតលើការការពាររបស់កម្លាំងប្រយុទ្ធ រួមទាំងការបង្អាក់កម្លាំងសត្រូវលើដែនទឹក។ មិនតែប៉ុណ្ណោះ វាក៏មានការប្រើប្រាស់អាកាសយានដ្ឋានស៊ីវិល ការពង្រាយកម្លាំងទ័ពអាកាស និងការបន្លំកម្លាំងយោធានៅលើដីផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ចំណែកកម្លាំងទ័ពជើងទឹក នឹងរួមបញ្ចូលកម្លាំងទ័ពជើងគោក និងអាកាស ដើម្បីវាយប្រហារលើកម្លាំងសត្រូវ និងនាវាយោធា រួមទាំងការពារផ្លូវទឹកពីការហ៊ុមព័ទ្ធរបស់សត្រូវ។ 
 
«ពិតណាស់ សមយុទ្ធយោធារបស់យើង គឺផ្អែកលើការគំរាមពីកម្លាំងកុម្មុយនីស្តឈ្លានពានតៃវ៉ាន់ និងសកម្មភាពយោធារបស់កុម្មុយនីស្តនៅជុំវិញកោះតៃវ៉ាន់»។ ឧត្តមសេនីយ៍ Lin Wen-huang ប្រធានផែនការប្រយុទ្ធរបស់ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ។ 
 
កន្លងមក ចិនតែព្រមានពីការប្រើប្រាស់កម្លាំងយោធាលើកោះតៃវ៉ាន់ ប្រសិនបើហ៊ានប្រកាសឯករាជ្យពីខ្លួន។ យ៉ាងណាមិញ ចិន ក៏មិនបានបោះបង់ពីការបង្រួបបង្រួមដែនដីទាំងពីរ តាមរយៈវិធីសាស្រ្តសន្តិភាពដែរ។ 
 
ដើម្បីការពារខ្លួន ក៏ដូចជាពង្រឹងសមត្ថភាពយោធា តៃវ៉ាន់ តែងទិញអាវុធ និងធ្វើទំនើបកម្មយោធារបស់ខ្លួនយ៉ាងខ្លាំង។ ជាញយៗ ក្រសួងការបរទេសអាម៉េរិក តែងប្រកាសពីការផ្តល់ភ្លើងបៃតងលើការលក់អាវុធឱ្យរដ្ឋាភិបាលក្រុងតៃប៉ិ ដោយផ្អែកលើច្បាប់ទំនាក់ទំនងតៃវ៉ាន់ ឆ្នាំ១៩៧៩៕ 
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com