អន្តរជាតិ
លោកស៊ី ជិនភីង៖ ចិន ការពារកម្មសិទ្ធិបញ្ញាយ៉ាងពេញលេញ
26, Apr 2023 , 8:29 pm        
រូបភាព
លោកស៊ី ជិនភីង ប្រធានាធិបតីចិន។ រូបភាព AFP
លោកស៊ី ជិនភីង ប្រធានាធិបតីចិន។ រូបភាព AFP
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅថ្ងៃទី២៦ ខែមេសា បានអះអាងថា ចិនបានពង្រឹងលើការការពារសិទ្ធិនៃកម្មសិទ្ធិបញ្ញាយ៉ាងពេញលេញ ហើយខ្លួននឹងបន្តកែលម្អលើបរិយាកាសសម្រាប់ធុរកិច្ច និងការបង្កើតថ្មី។

 
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅថ្ងៃទី២៦ ខែមេសា បានផ្ញើលិខិតមួយ ដើម្បីអបអរខួបរយៈពេល ៥០ឆ្នាំនៃកិច្ចសហប្រតិបត្តិការរវាងចិន និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។ 
 
ក្នុងលិខិតនោះ មេដឹកនាំចិន បានកត់សម្គាល់ថា ក្នុងរយៈពេល ៥០ឆ្នាំកន្លងមកនេះ ចិនបានប្តេជ្ញាយ៉ាងមុតមាំក្នុងការគោរពប្រព័ន្ធពហុភាគីនៃសិទ្ធិលើកម្មសិទ្ធិបញ្ញាអន្តរជាតិ រួមទាំងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការ (WIPO) ប្រកបដោយលទ្ធផលផ្លែផ្កា។ 
 
បើតាមលោកស៊ី រដ្ឋាភិបាលក្រុងប៉េកាំង តែងចូលរួមយ៉ាងខ្លាំងលើការការពារសិទ្ធិកម្មសិទ្ធិបញ្ញា និងបង្កើនកិច្ចខិតខំ ដើម្បីឱ្យចិនមានការការពារកម្មសិទ្ធិបញ្ញាយ៉ាងរឹងមាំ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN។ 
 
បន្ថែមពីនេះ មេដឹកនាំចិន ក៏បានបញ្ជាក់ផងដែរថា ចិនមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយមិត្តភាពបន្ថែមទៀតជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងធ្វើការរួមគ្នាដើម្បីធ្វើឱ្យប្រព័ន្ធអភិបាលកម្មសិទ្ធិបញ្ញាពិភពលោក កាន់តែត្រឹមត្រូវ និងល្អប្រសើរសម្រាប់មនុស្សជាតិ៕
 

Tag:
 ចិន
  WIPO
© រក្សាសិទ្ធិដោយ thmeythmey.com