ជាតិ
សេដ្ឋកិច្ច
កំពតកែប មានអំបិល និងទឹកត្រី ឯខេត្តតាកែវមានបង្កង​ ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
27, Apr 2023 , 9:44 am        
រូបភាព
អំបិលកំពតកែប ទឹកត្រីកំពតកែប និងបង្កងតាកែវ ត្រូវបានក្រសួងពាណិជ្ជកម្មប្រកាសជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ(Geographical Indication/GI)ជាផ្លូវការ នាថ្ងៃទី២៦មេសា។ ការប្រកាសនេះធ្វើឡើងក្រោមវត្តមានលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

 
ផលិតផលដែលបានក្លាយម៉ាកសម្គាល់ភូមិសាស្រ្តទំនិញជាផ្លូវការរួមមាន អំបិលកំពតកែប ទឹកត្រីកំពតកែប និងបង្កងតាកែវ នឹងជួយបង្កើនតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុក និងពង្រឹងភាពប្រកួតប្រជែងផលិតផលខ្មែរនៅទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។ លោក​ ប៉ាន សូរស័ក្តិ​​ ថ្លែងបែបនេះក្នុងពិធីសម្ពោធម៉ាកសម្គាល់ទំនិញនិងម៉ាកសមូហភាពចំនួន៧មុខ នៅសណ្ឋាគារភ្នំពេញនាព្រឹកថ្ងៃទី២៦មេសា ឆ្នាំ២០២៣ ដែលក្នុងថ្ងៃជាមួយគ្នានេះ នំបញ្ចុកសៀមរាប អំបុកកំពង់ធំ​ ដូងខ្ទិះបាត់ដំបង និងក្រូចថ្លុងកោះពីរ របស់ខេត្តត្បូងឃ្មុំ ក៏បានក្លាយជាម៉ាកសមូហភាព​ជាផ្លូវការ ផងដែរ។​
 


បើតាមលោករដ្ឋមន្ត្រី ការចុះបញ្ជីផលិតផលទាំងនេះ គឺជាសម្ធទិផលដ៏សំខាន់ ដោយគ្រប់ភាគីពាក់ព័ន្ធបានខិតខំរួមគ្នា បង្កើត ចងក្រង អភិរក្ស ថែរក្សា និងអភិវឌ្ឍផលិតផលក្នុងស្រុកឱ្យមានតម្លៃបន្ថែមខ្ពស់ និងផ្សព្វផ្សាយ ពីវប្បធម៌របស់ខ្មែរ។ លោក​ ប៉ាន សូរស័ក្តិ​​ ​មានប្រសាសន៍យ៉ាងដូច្នេះ៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ម៉ាកសម្គាល់ទំនិញ និង ម៉ាកសមូហភាព នឹងជំរុញឱ្យមានកំណើនតម្រូវការផលិតផលលើទីផ្សារ​ជាតិ និងអន្តរជាតិកាន់តែច្រើន​ និងជាផ្នែកមួយនៃគោលដៅទេសចរណ៍ ផងដែរ»។
 
សម្រាប់លោក​​ ​ចាន់ ស៊ីថា ដែលជាម្ចាស់សហគ្រាសផលិតទឹកត្រី អ៊ីឆេ​ ង៉ូវហេង ខេត្តកំពត បន្ទាប់ពីទឹកត្រីកំពតកែប បានក្លាយជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញហើយនោះ នឹងមានការកើនឡើងនូវតម្រូវការទីផ្សារ និងតម្លៃបន្ថែម។ លោក បានបញ្ជាក់ថា៖​« ទំនិញGI គឺជាទំនិញដែលមានពិសេសណាស់ដែលអ្នកផ្សេងមិនអាចធ្វើបានយើង។ អ៊ីចឹង! ខ្ញុំជឿជាក់ថា​ តម្លៃទំនិញនេះនឹងល្អប្រសើរជាងតម្លៃដែលយើងលក់ប្រកួតទីផ្សារសព្វថ្ងៃ»។​
 


មូលហេតុចម្បងដែលទឹកត្រីកំពតកែប ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនេះ ក៏ព្រោះតែទឹកត្រីនេះ មានរសជាតិឆ្ងាញ់ និងមានប្រូតេអ៊ីនខ្ពស់​ លើសពីទឹកត្រីធម្មតាដែលភាគច្រើនផលិតចេញពីត្រីទឹកសាប។​ នេះជាការលើកឡើងរបស់លោក ស៊ីថា ដោយរំពឹងថា៖ «ប្រសិនបើ​ទឹកត្រី​កំពតកែប ត្រូវបាននាំចេញ ​នឹងមានការទទួលស្គាល់ពីអ្នកប្រើប្រាស់ និងអាចមានទីផ្សារច្រើន ព្រោះទឹកត្រីកំពត​​ ជាផលិតផលសុទ្ធមួយ សម្រាប់យើងហូបមានរសជាតិឆ្ងាញ់ ថែមទាំងមានគុណភាព ទៀត»។
 
បើតាមលោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ក្រៅពីផលិតផលដែលបានចុះបញ្ជីម៉ាកសម្គាល់ភូមិទំនិញ និងម៉ាកសមូហភាពទាំងនេះ នាយកដ្ឋានកម្មសិទ្ធិបញ្ញាក៏កំពុងរៀបចំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ«ក្តាមថ្មកោះកុង និង« ប្រហុកសៀមរាប» ផងដែរ។ លោកបន្តបន្តនិយាយដោយអះអាងដូច្នេះ៖«​នាយកដ្ឋានកម្មសិទ្ធិបញ្ញា ប្តេជ្ញាចិត្តជំរុញការចុះបញ្ជីការពារផលិតផលសក្កានុពលរបស់កម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាកសិករ ជំរុញការនាំចេញ  និងលើកកម្ពស់វប្បធម៌របស់កម្ពុជាយើង»។ 
 
គិតដល់បច្ចុប្បន្ន នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម​បានចុះបញ្ជីម៉ាកសរុបជាង១០ម៉ឺនម៉ាក។ ដោយឡែកក្នុងឆ្នាំ២០២២ នាយកដ្ឋានកម្មសិទ្ធិបញ្ញាបានចុះបញ្ជីចំនួន​៦ ២៣០ម៉ាក និងបានចុះបញ្ជីការពារម៉ាកសម្គាល់ភូមិទំនិញបរទេសចំនួន​៥៦, ម៉ាកសម្គាល់ភូមិទំនិញកម្ពុជាបន្ថែមចំនួន៣ និងម៉ាកសមូហភាពចំនួន៤៕ 




 
 

Tag:
 សេដ្ឋកិច្ច
  ម៉ាកស្គាល់ភូមិសាស្ត្រទំនិញ
© រក្សាសិទ្ធិដោយ thmeythmey.com