ជាតិ
សម្ដេច ហ៊ុន សែន ឱ្យតែងតាំងមន្ត្រីនៅនឹងកន្លែង ដើម្បីលើកទឹកចិត្ត ដោយមិនចាំបាច់រើសពីតំបន់ផ្សេងឡើយ
27, Apr 2023 , 2:29 pm        
រូបភាព
សម្ដេច ហ៊ុន សែន បញ្ជាឱ្យថ្នាក់ដឹកនាំរាជធានី-ខេត្ត ជ្រើសរើស និងតែងតាំងមន្ត្រី ដែលមានសមត្ថភាពនៅនឹងកន្លែង ដើម្បីជាការលើកទឹកចិត្ត ចំពោះពួកគេ ដែលខិតខំបំពេញការងារកន្លងមក។



សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការតែងតាំងមន្ត្រី ដែលបំពេញការងារ និងរស់នៅក្នុងមូលដ្ឋាននោះផ្ទាល់ វាផ្ដល់ប្រយោជន៍ច្រើន ក្នុងការបម្រើការងារដល់ប្រជាពលរដ្ឋ មិនថាថ្ងៃសៅរ៍ ឬអាទិត្យ។ 
 
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) នៅព្រឹកថ្ងៃទី២៧ មេសា លោកនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា៖«ប្រសិនបើយើង(ជ្រើសរើស)យកមន្ត្រីនៅក្នុងមូលដ្ឋាន គឺវាល្អជាងយកមន្ត្រីទៅពីចម្ងាយ។ យើងលើកបញ្ហានេះទៅចុះ ឧទាហរណ៍ថា អភិបាលខេត្ត អភិបាលរងខេត្ត អភិបាលស្រុក ឬអភិបាលរងស្រុក ហើយបើយើងរក(មន្ត្រី)បាននៅក្នុងខេត្តនោះ គឺវាជារឿងល្អ។ ចៅហ្វាយខេត្ត អាចថាពិបាក(ជ្រើសរើសយកទៅដឹកនាំ)បន្តិច ដោយត្រូវសារ៉េពីកន្លែងនេះ ទៅដាក់កន្លែងនោះ។ ប៉ុន្តែអភិបាលរងខេត្ត អភិបាលស្រុក អភិបាលរងស្រុក បើរើសបាននៅកន្លែងហ្នឹងគឺល្អ»។
 
បើតាមសម្ដេច ហ៊ុន សែន ក្រៅពីលើកចិត្តពួកគេហើយ មន្ត្រីទាំងនោះ ក៏មិនចាំបាច់ចំណាយធ្វើដំណើរទៅមកជួបប្រពន្ធកូន ដែលរស់នៅក្នុងទីតាំង និងតំបន់ខេត្តផ្សេង ដែលនៅឆ្ងាយពីកន្លែងបំពេញការងាររបស់ពួកគេ រៀងរាល់ចុងសប្ដាហ៍នោះឡើយ។
 
«ចាត់តាំងមន្ត្រី ត្រូវរើសមន្ត្រីដែលគេកំពុងធ្វើការនៅកន្លែងហ្នឹងនោះ ហើយខ្ញុំមិនជឿថា មិនអាចរើសបាននោះទេ…។ ព្រោះបទពិសោធន៍យើងត្រូវចាំ ថ្ងៃបុណ្យ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ អត់នៅខេត្តទេ ហើយបើមានការអីយើងកុនបណ្ដោយ។ ហើយបើយើងបោះ(ជ្រើសរើស)ពីកន្លែងផ្សេងទៅកាន់ស្រុកហ្នឹង ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ គេទៅ(ជួប) ប្រពន្ធកូនឯណោះ ហើយពេលមានការនៅក្នុងស្រុក ពេលទូរសព្ទទៅ ធ្វើម្ដេចដឹង។ ហើយឥឡូវមានប្រើ Mobile Phone សូម្បីតែនៅក្នុងខារ៉ាអូខេ ក៏(មន្ត្រីទាំងនោះ)អាចនិយាយថា ខ្ញុំនៅក្នុងកន្លែងធ្វើការបានដែរ»។ នេះបើតាមសម្ដេច។
 
ប្រមុខរដ្ឋាភិបាល បន្ថែមថា ការរើសមន្ត្រីមានសមត្ថភាពនៅនឹងកន្លែង ក៏ជាការកាត់បន្ថយការដណ្ដើមតំណែង និងតួនាទីគ្នាដែរ ។ ត្រង់ចំណុចនេះ សម្ដេច បានបកស្រាយថា កន្លងមក មានមន្ត្រីយោធា និងប៉ូលិសជាដើម មានឋានន្តរសក្តិ សុទ្ធតែផ្កាយ២ ផ្កាយ៣ ដណ្ដើមធ្វើជាចៅហ្វាយខេត្ត ខណៈមន្ត្រីបំពេញការងារក្នុងខេត្តនោះ ប្រឹងប្រែងធ្វើការងារចង់ងាប់។ ដូច្នេះវាមិនយុត្តិធម៌សម្រាប់មន្ត្រី ដែលខិតខំបំពេញការងារទាំងនោះឡើយ ព្រោះពួកគេក៏ចង់បានតំណែង និងតួនាទីដែរ។
 
លើសពីនេះ សម្ដេច ហ៊ុន សែន ក៏បានព្រមានកុំឱ្យមានអ្នករត់ការឡើងតំណែងដែរ។ សម្ដេច អះអាងថា សម្ដេចមិនចុះហត្ថលេខាតែងតាំងអ្នកណាម្នាក់ ដែលត្រូវបានគេរត់ការឱ្យឡើងកាន់តួនាទីអ្វីឡើយ ។ 
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com