ជាតិ
សម្ដេច ហ៊ុន សែន ហាមកុំឱ្យយកមន្ត្រីពូកែចាក់រុកមកជិតខ្លួន ព្រោះនាំឱ្យសម្រេចចិត្តខុស
27, Apr 2023 , 2:25 pm        
រូបភាព
ពីពិធីវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) នៅព្រឹកថ្ងៃទី២៧ មេសា សម្ដេច ហ៊ុន សែន បានទូន្មានថ្នាក់ដឹកនាំស្ថាប័ននានា កុំឱ្យយកមន្ត្រីពូកែចាក់រុក មកជិតខ្លួន ព្រោះវានាំឱ្យថ្នាក់ដឹកនាំទាំងនោះ ធ្វើសេចក្តីសម្រេចចិត្តខុសលើកិច្ចការងារ។



«សូមកុំយកកៀកខ្លួននូវមន្ត្រីដែលចាក់រុក យករឿងដែលមិនល្អយកមកដាក់ខ្លួន។ មិនមែនបានន័យថា ខ្ញុំមិនដែលកត់សម្គាល់លើមន្ត្រីទេ»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា មានមន្ត្រីខ្លះ មកជួបពិភាក្សាការងារជាមួយសម្ដេចហើយ បែរទៅជានិយាយដើមមន្ត្រី ឬអ្នកដទៃមកប្រាប់សម្ដេច។ សម្ដេច សង្កត់ធ្ងន់ថា សម្ដេចតែងតែកត់សម្គាល់លើមន្ត្រីប្រភេទនេះ។ 
 
បើតាមប្រមុខរដ្ឋាភិបាល ការយកមន្ត្រីពូកែចាក់រុកមកជិតខ្លួន វានឹងធ្វើឱ្យថ្នាក់ដឹកនាំតាមស្ថាប័ននានា ធ្វើការសម្រេចចិត្តខុសលើកិច្ចការងារ។ ដូច្នេះសម្ដេច ស្នើឱ្យថ្នាក់ដឹកនាំទាំងនោះ ត្រូវចេះសិក្សាស្រាវជ្រាវដើម្បីទទួលព័ត៌មានបន្ថែមមុននឹងសម្រចចិត្ត។
 
«ធ្វើជាមន្ត្រីដឹកនាំ កុំឱ្យគេបោកប្រាស់នូវព័ត៌មាន»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានបញ្ជាក់ថា មន្ត្រីដែលនិយាយដើមគេនេះ កំពុងបង្កើតទម្លាប់អាក្រក់។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ក៏ជំរុញឱ្យថ្នាក់ដឹកនាំនានា ត្រូវមានភាពរឹងមាំលើការសម្រេចចិត្ត ដោយឈរលើសច្ចៈភាព ទើបអាចចៀសផុតពីការសម្រេចចិត្តខុស។

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com