អន្តរជាតិ
ចិន ធ្វើវិសោធនកម្មច្បាប់ប្រឆាំងចារកិច្ច ដើម្បីពង្រីកការការពារសន្តិសុខជាតិ
27, Apr 2023 , 5:29 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
សភាចិន នៅថ្ងៃទី២៦ ខែមេសា បានអនុម័តការធ្វើវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងចារកិច្ច ដោយពង្រីកពីអត្ថន័យចារកិច្ចកាន់តែធំជាងមុន។ ទន្ទឹមនេះ រាល់ឯកសារ ទិន្នន័យ សម្ភារ និងវត្ថុទាំងអស់ពាក់ព័ន្ធនឹងសន្តិសុខជាតិ នឹងត្រូវបានការពារឱ្យស្មើនឹងការសម្ងាត់របស់រដ្ឋ។

 
ក្រោយបើកកិច្ចប្រជុំរយៈពេល ៣ថ្ងៃ គណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន (NPC) បានបោះឆ្នោតអនុម័តលើការកែប្រែច្បាប់ប្រឆាំងចារកិច្ចឱ្យកាន់តែមានការរឹតត្បិតជាងមុន ពាក់ព័ន្ធនឹងសន្តិសុខជាតិ។ 
 
ច្បាប់ ដែលត្រូវបានធ្វើវិសោធនកម្មលើកដំបូងចាប់តាំងពីអនុម័តដំបូងនៅក្នុងឆ្នាំ២០១៤នេះ បានចែងថា រាល់ឯកសារ ទិន្នន័យ សម្ភារ និងវត្ថុពាក់ព័ន្ធនឹងសន្តិសុខ និងផលប្រយោជន៍ជាតិ គឺស្ថិតនៅក្រោមការការពារ ដូចនឹងការសម្ងាត់របស់ជាតិដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន Xinhua។ 
 
មិនតែប៉ុណ្ណោះ ចិន បានពង្រីកនិយមន័យចារកិច្ចផងដែរ នៅក្នុងការកែប្រែច្បាប់ចុងក្រោយនេះ។ បើតាមច្បាប់នោះ ការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងអង្គការរដ្ឋ រួមទាំងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ជាសកម្មភាពធ្វើចារកិច្ចផង។ 
 
សូមបញ្ជាក់ថា ច្បាប់ប្រឆាំងចារកិច្ច ត្រូវបានចិនចាត់ទុកជាច្បាប់ដ៏សំខាន់មួយ ក្នុងការប្រឆាំងចារកិច្ច ក៏ដូចជាការពារសន្តិសុខជាតិ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយ ចិន បានឃុំខ្លួនជនជាតិចិន និងបរទេសជាច្រើនរូប ពាក់ព័ន្ធនឹងការសង្ស័យលើសកម្មភាពចារកិច្ច ក្នុងនោះរួមទាំងមន្រ្តីប្រតិបត្តិ របស់ក្រុមហ៊ុនផលិតថ្នាំពេទ្យជប៉ុន Astellas Pharma នៅក្នុងក្រុងប៉េកាំងផង។ 
 
ក្នុងជំនួបរវាងរដ្ឋមន្រ្តីការបរទេសចិន និងជប៉ុន នៅដើមខែមេសាកន្លងទៅ ភាគីជប៉ុន បានដាក់ការតវ៉ា និងទទូចឱ្យចិនដោះលែងជនជាតិខ្លួន។ យ៉ាងណាមិញ ចិន បានឆ្លើយតបថា នឹងដោះស្រាយបញ្ហានេះ ដោយផ្អែកទៅតាមច្បាប់៕ 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com