ជាតិ
យូនីសេហ្វ ជំរុញឱ្យពន្លឿនបញ្ចប់ «ការបន្ទោបង់ពាសវាលពាសកាល» នៅខេត្តភាគឦសាន
28, Apr 2023 , 9:59 pm        
រូបភាព
សិក្ខាសាលា​ ស្ដីពីការអភិវឌ្ឍទីផ្សារអនាម័យនៅភាគឦសាននៃប្រទេសកម្ពុជា ដោយផ្ដោតលើ «ប្រជាជនដែលរស់នៅតំបន់ជីនបទ តំបន់ដែលមានបរិស្ថានប្រឈម និងជនជាតិដើមភាគតិច» របស់អង្គការ អាយឌីស៊ីកម្ពុជា នៅថ្ងៃទី ២៨ ខែមេសា។
សិក្ខាសាលា​ ស្ដីពីការអភិវឌ្ឍទីផ្សារអនាម័យនៅភាគឦសាននៃប្រទេសកម្ពុជា ដោយផ្ដោតលើ «ប្រជាជនដែលរស់នៅតំបន់ជីនបទ តំបន់ដែលមានបរិស្ថានប្រឈម និងជនជាតិដើមភាគតិច» របស់អង្គការ អាយឌីស៊ីកម្ពុជា នៅថ្ងៃទី ២៨ ខែមេសា។
ភ្នំពេញ៖ អង្គការយូនីសេហ្វ (UNICEF Cambodia) ជំរុញឱ្យពន្លឿនបញ្ចប់ «ការបន្ទោបង់ពាសវាលពាសកាលនៅបណ្តាខេត្តភាគឦសាន នៃប្រទេសកម្ពុជា» តាមរយៈកិច្ចសហការជាមួយ អង្គការក្រៅរដ្ឋាភិបាល និងរដ្ឋាភិបាល។ បច្ចុប្បន្ន ពលរដ្ឋ ភាគឦសានប្រមាណ ៤៨ភាគរយ កំពុងអនុវត្តការបន្ទោរបង់ពាសវាលពាសកាល។ ការណ៍នេះមកពី កត្តាសេដ្ឋកិច្ច និងប្រពៃណី ដែលធ្វើសហគមន៍ជាច្រើនពិបាកក្នុងការទទួលបានសេវាអនាម័យ ជាពិសេស ជនជាតិដើមភាគតិច។



យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការអភិវឌ្ឍទីផ្សារអនាម័យនៅភាគឦសាននៃប្រទេសកម្ពុជា ដោយផ្ដោតលើ «ប្រជាជនដែលរស់នៅតំបន់ជីនបទ តំបន់ដែលមានបរិស្ថានប្រឈម និងជនជាតិដើមភាគតិច» របស់អង្គការ អាយឌីស៊ីកម្ពុជា នៅថ្ងៃទី ២៨ ខែមេសា ខេត្តចំនួន៥ នៃភាគឦសាន ដែលមានដូចជា ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី ជាខេត្តដែលមានអនាម័យទាបជាងគេ ក្នុងប្រទេសកម្ពុជា។ ការណ៍នេះមកពី កត្តាសេដ្ឋកិច្ច និងប្រជាសាស្ត្រ ដែលធ្វើឱ្យសហគមន៍ជាច្រើន ពិបាកក្នុងការទទួលបានសេវាអនាម័យ។ 
 
បច្ចុប្បន្ន ពលរដ្ឋភាគឦសានប្រមាណ៤៨ភាគរយ កំពុងអនុវត្តការបន្ទោរបង់ពាសវាលពាសកាល នៅឡើយ។ ស្របពេល រដ្ឋាភិបាល បានកំណត់គោលដៅផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសម្រាប់ពលរដ្ឋទូទាំងប្រទេសប្រកបដោយចីរភាពនៅត្រឹមឆ្នាំ ២០២៥។ 
 
តាមការវាយតម្លៃរបស់ អង្គការ អាយឌីស៊ីកម្ពុជា ពលរដ្ឋដែលរស់នៅក្នុងទីរួមខេត្ត និងតំបន់ជុំវិញក្រុង មានអនាម័យខ្ពស់ជាងពលរដ្ឋ នៅតាមជនបទ ដោយសារលទ្ធភាពទទួលបានផលិតផល និងសេវាកម្មផ្នែកអនាម័យល្អ តម្លៃសមរម្យ និងមានគុណភាព។ ម្យ៉ាងទៀត ពួកគេ មានការយល់ដឹងខ្ពស់ ពីការអត្ថប្រយោជន៍ នៃការគ្រប់គ្រង់អនាម័យឱ្យបានប្រសើ។ 
 
ដោយឡែក អ្នករស់ជនបទ ត្រូវប្រឈមមុខនឹងបញ្ហាច្រើនជាង ក្នុងការទទទួលសេវាកម្មអនាម័យ ជាពិសេស ជនជាតិដើមភាគតិច ព្រោះពួកគេ មិនសូវយល់ដឹងពីការដំឡើងបង្គន់អនាម័យ, គ្មានបទពិសោធន៍ក្នុងការប្រើប្រាស់បង្គន់។ ទន្ទឹមនោះ ប្រាក់ចំណូលទាប ក៏បានធ្វើឱ្យពួករារែកក្នុងការដំឡើងបង្គន់អនាម័យ ខណៈការផ្គត់ផ្គង់ផលិតផល និងសេវាកម្មអនាម័យ ដល់សហគមន៍ជនបទ នៅមានការខ្វះខាតជាងជំនាញ, ការមិនទុកចិត្តគ្នារវាងអ្នកប្រើប្រាស់ និងជាងសំណង, ការដឹកជញ្ជូនក្នុងចម្ងាយឆ្ងាយ ឬស្ថានភាពពិបាក ជាដើម ដែលទាំងនេះ អាចនាំឱ្យមានការចំណាយខ្ពស់ និងគុណភាពមិនល្អផងដែរ។ 
 
ចំណែក ការគ្រប់គ្រងកាកសំណល់លាមក ដោយការកំចាត់មេរោគនៅក្នុងលូបង្កន់, ការបូម និងការធ្វើប្រព្រឹត្តិកម្មកំចាត់មេរោគ ដល់សហគមន៍ជនបទ ក៏នៅមានកម្រិតផងដែរ។ ជាក់ស្តែង សេវាបូមលូបង្គន់ ដែលមានទីតាំងជាក់លាក់ គឺមានតែនៅក្នុងទីរួមខេត្តព្រះវិហារ និងស្ទឹងត្រែងប៉ុណ្ណោះ។
 
លោក Michele Paba ប្រធានកម្មវិធីទឹកស្អាត អនាម័យ អាកាសធាតុ និងបរិស្ថាននៃអង្គការអង្គការ យូនីសេហ្វ បានលើកឡើងថា កន្លងមក​ ប្រទេសកម្ពុជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការគ្រប់ដណ្តប់អនាម័យនៅទីជនបទ។ យ៉ាងណា មានការងារជាច្រើនទៀត ដែលត្រូវធ្វើដើម្បីធ្វើយ៉ាងណាជួយឱ្យពលរដ្ឋជនបទ និងទីក្រុងទាំងអស់ ជាពិសេស ជនជាតិដើមភាគតិច អាចមានលទ្ធភាពទទួលបាននូវអនាម័យល្អប្រកបដោយបរិយាប័ន្ន មានភាពធន់ និងមានសុវត្ថិភាព។


លោក Michele Paba ប្រធានកម្មវិធីទឹកស្អាត អនាម័យ អាកាសធាតុ និងបរិស្ថាននៃអង្គការអង្គការ យូនីសេហ្វ។ 
 
ជាមួយគ្នានេះ អង្គការ យូនីសេហ្វ កំពុងធ្វើការជាមួយដៃគូ អង្គការក្រៅរដ្ឋាភិបាល ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីពន្លឿននូវការបញ្ចប់ «ការបន្ទោរបង់ពាសវាលពេសកាល» នៃបណ្តាខេត្តភាគឦសាន ប្រទេសកម្ពុជា។ 
 
ជាមួយគ្នានេះ ត្រូវមានវិធីសាស្រ្តផ្លាស់ប្តូរឥរិយាបថនៅតាមសហគមន៍ ការបញ្ជៀបទីផ្សារ ការគាំទ្រផ្នែកហិរញ្ញប្បទាន និងការគាំទ្រផ្សេងៗទៀត ដល់ពលរដ្ឋជួបការលំបាក។ នៅពេលនោះ នឹងមានមនុស្សកាន់តែច្រើនទទួលបានអនាម័យល្អ។ 
 
លោក Kevin_Robbins នាយកប្រចាំប្រទេសនៃអង្គការអាយឌីស៊ីកម្ពុជា បានលើកឡើងដែរថា ការងារពាក់ព័ន្ធនឹងទីផ្សារអនាម័យក្នុងតំបន់ដែលមានបរិស្ថានប្រឈម ដូចជាតំបន់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ទឹកក្រោមដីខ្ពស់ និងតំបន់អណ្តែតទឹក ដីរឹង ដីថ្ម និងតំបន់ខ្វះទឹក គឺជាការងារដ៏លំបាកមួយ។ យ៉ាងណា លោក Kevin_Robbins មានសុទិដ្ឋិនិយមថា អង្គការអភិវឌ្ឍន៍នានា នឹងអាចគាំទ្រដល់វិស័យសាធារណៈ និងឯកជន ដែលកំពុងធ្វើការយ៉ាងសកម្មក្នុងតំបន់ដែលមានបញ្ហាប្រឈមទាំងនេះ បានកាន់តែប្រសើ៕ 
 

លោក Kevin_Robbins នាយកប្រចាំប្រទេសនៃអង្គការអាយឌីស៊ីកម្ពុជា 
 


Tag:
 UNICEF Cambodia
  ការបន្ទោរបង់ពាសវាលពាសកាល
  អនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com