ជាតិ
សេដ្ឋកិច្ច
ស៊ីហ្គេម២០២៣
លោក ថោង ខុន រំពឹងទទួលបានភ្ញៀវអន្តរជាតិប្រមាណ ៥០ម៉ឺននាក់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
29, Apr 2023 , 1:59 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC។ រូបភាព៖ CAMBODIA 2023
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC។ រូបភាព៖ CAMBODIA 2023
ដោយ:
កម្ពុជា រំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥០ម៉ឺននាក់ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។

លោក ថោង ខុន បានលើកឡើងថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាផលិតផលទេសចរណ៍មួយដ៏សំខាន់ ដែលអាស៊ានបានចាត់ទុកជាព្រឹត្តិការណ៍ទេសចររបស់អាស៊ាន មិនមែនត្រឹមតែជារបស់កម្ពុជាប៉ុណ្ណោះទេ គឺជាការចូលរួមរបស់អាស៊ាន និងអាស៊ីអាគ្នេយ៍ទាំងមូល។
 
រដ្ឋមន្ត្រីរូបបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាការរំពឹងទុកឆ្លងតាមកីឡាស៊ីហ្គេមនេះ យើងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិប្រហែល ៥០ម៉ឺននាក់»។
បើតាមលោក ថោង ខុន នៅឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ២,២លាននាក់ ហើយក្នុងត្រីមាសទី១ឆ្នាំ២០២៣ កម្ពុជាក៏ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,២លាននាក់។ 
ដូច្នេះប្រសិនបើគ្មានស៊ីហ្គេម កម្ពុជា ក៏ទទួលបានទេសចរអន្តរជាតិប្រមាណ ៤លាននាក់ផងដែរ។ ប៉ុន្តែនៅពេលដែលមានព្រឹត្តិការណ៍ស៊ីហ្គេមនេះទៀត កម្ពុជានឹងទទួលបានទេសចរអន្តរជាតិកាន់តែច្រើនថែមទៀត។
 
លោក ថោង ខុន បានបន្ថែមថា អ្វីដែលជាការរំពឹង និងជាក្ដីសង្ឃឹមរបស់កម្ពុជា នឹងទទួលបានភ្ញៀវទេសចរច្រើនដូចកាលមុនពេលកូវីដ-១៩ ដោយលោកបានបញ្ជាក់ថា ឥទ្ធិពលនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងកីឡាប៉ារ៉ាហ្គេម នឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ រហូតដល់ឆ្នាំ២០២៤ ២០២៥ និងឆ្នាំ២០២៦ ជាបន្តបន្ទាប់ទៀត៕
 
 
 
 
 

Tag:
 កីឡាស៊ីហ្គេម
  ភ្ញៀវអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com