ជាតិ
លោក ហ៊ុន ម៉ានី៖ «យើងអាចមិនមានទស្សនៈដូចគ្នា ប៉ុន្តែយើងគួរមានទស្សនៈជាតិរួមមួយសម្រាប់កម្ពុជា»
29, Apr 2023 , 3:29 pm        
រូបភាព
លោក​ ហ៊ុន​ ម៉ានី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។ រូបភាព​ពី​សសយក
លោក​ ហ៊ុន​ ម៉ានី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។ រូបភាព​ពី​សសយក
ភ្នំពេញ៖ «យើងទាំងអស់គ្នាអាចមិនមានទស្សនៈដូចគ្នាទាំងអស់ ប៉ុន្តែអ្វីដែលយើងគួរមានរួមគ្នា គឺជាទស្សនៈជាតិរួមមួយសម្រាប់កម្ពុជា។ នោះគឺសេចក្តីស្រឡាញ់ចំពោះកម្ពុជា ក៏ដូចជាឆន្ទៈ និងសកម្មភាពក្នុងការបង្ហាញភាសាបេះដូងចំពោះសង្គមជាតិ»។ នេះជាការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ានី ក្នុង​កម្មវិធី #BeyondTheGames’Day នាវិមាន​ឈ្នះឈ្នះ។


បន្ទាប់ពី​ដង្ហែ​ភ្លើង​គប់​ទៅមុខវេទិកា​​វិមាន​ឈ្នះឈ្នះ លោក ហ៊ុន ម៉ានី ប្រធាន​គណៈកម្មការ​អប់រំ យុវជន និង​កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា ត្រូវបាន​អញ្ជើញ​​ថ្លែង​សុន្ទរកថាក្នុង​កម្មវិធី​#BeyondTheGames’Day។ នៅ​លើ​វេទិកា​ លោក ហ៊ុន ម៉ានី បាន​អរ​​គុណទៅដល់​រដ្ឋាភិបាល, អរគុណ​ការចូលរួម និង​អរគុណ​ប្រជាជាតិ​កម្ពុជាផងដែរ​។
  


ប្រធាន​សហភាព​សហព័ន្ធយុវជន​កម្ពុជារូបនេះ មាន​ប្រសាសន៍ដូច្នេះ៖ «ថ្ងៃនេះ ខ្ញុំ​មាន​តែមួយ​ពាក្យ​គត់ គឺ​ពាក្យ​ថា​អរគុណ​។ ហើយ​ពាក្យ​ថា​អរគុណនេះ​ អាច​និយាយ​បាន​ថា ជា​ការ​បង្ហាញ​ក្នុង​ក្រប​ខណ្ឌយុទ្ធនាការ​​#BeyondTheGamesនៃ Gratitude ដែល​យើងមាន​សម្រាប់ភាគី​ផ្សេងៗ»។ 
 
បើតាម​លោក ហ៊ុន ម៉ានី យុទ្ធនាការ #BeyondThegames គឺជាសក្ខីភាពមួយដែលបញ្ជាក់ពីស្មារតីរួបរួម និងចូលរួមយ៉ាងក្លៀវក្លារបស់ប្រជាជនកម្ពុជា ក្នុងការគាំទ្រភាពជាម្ចាស់ផ្ទះរបស់កម្ពុជាសម្រាប់ព្រឹត្តការណ៍កីឡាអាស៊ីអាគ្នេយ៍(SEA Games) និងកីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ «យើងទាំងអស់គ្នាអាចមិនមានទស្សនៈដូចគ្នាទាំងអស់ ប៉ុន្តែអ្វីដែលយើងគួរមានរួមគ្នា គឺជាទស្សនៈជាតិរួមមួយសម្រាប់កម្ពុជា។ នោះគឺសេចក្តីស្រឡាញ់ចំពោះកម្ពុជា ក៏ដូចជាឆន្ទៈ និងសកម្មភាពក្នុងការបង្ហាញភាសាបេះដូងចំពោះសង្គមជាតិ»។ លោក ហ៊ុន ម៉ានី ថ្លែង​បែបនេះ។



លោក ហ៊ុន​ ម៉ានី ក៏​បាន​រំឭក​ពី​ការ​ចូលរួម​ និង​ការ​ខិតខំ​ប្រឹង​ប្រែងរបស់​យុទ្ធនាការ #BeyondThegames ដែល​ជា​ផ្នែក​មួយ​ជួយ​លើក​ស្ទួយ​វិស័យ​កីឡា។ លោក បន្តថា BeyondThegames ចង់​បង្ហាញ​ពី​មោទកភាពក្នុងការ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ និង​បង្ហាញ​ភាសាបេះដូង​ទៅ​កាន់​កីឡាករកីឡាការិនី។
 
ឈរ​ថ្លែង​សុន្ទរកថាលើវេទិកាជិត ៣០នាទី លោក ហ៊ុន ម៉ានី មិន​ភ្លេច​លើកឡើងពីការរួបរួម​របស់​ប្រជាជន​កម្ពុជានោះទេ។ ប្រធាន​គណៈកម្មការទី៧ នៃរដ្ឋសភា រូបនេះ លើកឡើងបែបនេះ៖ «យើងមានភាគហ៊ុនមួយស្មើៗគ្នាសម្រាប់អនាគតកម្ពុជា។ យើងត្រូវខិតខំប្រឹងប្រែងពោរពេញដោយភាពជឿជាក់ ដោយប្រើប្រាស់ជំនាញ និងទេពកោសល្យរបស់យើងម្នាក់ៗ និងរៀងៗខ្លួន ដើម្បីប្រជាជាតិយើងមានភាពសុខសាន្ត និងរុងរឿងជាងនេះ»។ 
 
សូម​បញ្ជាក់ថា យុទ្ធនាការ BeyondThegames ឬ​លើសពីការ​ប្រកួត ត្រូវ​បាន​បង្កើត​ដោយ​សហភាព​សហព័ន្ធយុវជន​កម្ពុជា។ នា​ពេល​ថ្មីៗនេះ BeyondThegames ក៏​បាន​បំបែក​កំណត់ត្រា​បេះដូង​ក្រដាស​ច្រើនជាងគេ ដើម្បី​ប្រមូលថវិកា​ជូន​កីឡាករ​កីឡាការិនី​ដែល​មាន​ពិការភាព​ផងដែរ៕
 

Tag:
 Beyond The Games
  ហ៊ុន ម៉ានី
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com