ជាតិ
«យាយថាសហោះ» ជារហស្សនាមរបស់អ្នកស្រី យឹង ចន្ធូ ដែលជំនាញជិះម៉ូតូទូលថាសលក់នំ
29, Apr 2023 , 3:59 pm        
រូបភាព
សៀមរាប៖ អ្នកស្រី យឹង ចន្ធូ ជាអ្នកលក់នំចល័ត ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ អ្នកស្រី ចន្ធូ មានរហស្សនាមថា យាយថាសហោះ ដោយសារទេពកោសល្យបើកម៉ូតូទូលថាសលក់នំយ៉ាងជំនាញ។ រសជាតិនំជាភាពទាក់ទាញមួយ ប៉ុន្តែភាពប៉ិនប្រសប់ខាងវោហារ និងជំនាញទូលថាសបើកម៉ូតូកាន់តែធ្វើឱ្យអ្នកស្រីល្បីល្បាញ ហើយលក់នំកាន់តែដាច់។


 
ដើម្បីជ្រាបកាន់តែច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មាន នៃសារព័ត៌មានឌីជីថលថ្មីៗ និងអ្នកស្រី យឹង ចន្ធូ ហៅ យាយថាសហោះ ខាងក្រោមដូចតទៅ៖ 
 

អ្នកស្រី យឹង ចន្ធូ មានរហស្សនាមថា យាយថាសហោះ​ ជាអាជីវករលក់នំចល័ត នៅក្រុងសៀមរាប ខេត្តសៀមរាប។ អ្នកស្រី ចន្ធូ មានសមត្ថភាពជិះម៉ូតូទូលថាសលក់នំយ៉ាងជំនាញ ហើយពុំធ្លាប់ភ្លាត់ស្នៀតធ្វើឱ្យធ្លាក់ថាសនំពីក្បាលម្ដងឡើយ។ ជារៀងរាល់ព្រឹកម៉ោងប្រមាណ៧ ចេញពីផ្លូវក្រវ៉ាត់ក្រុងសៀមរាប តែងឃើញស្រ្តីរូបនេះជិះម៉ូតូទូលថាសនំបណ្ដើរយកទៅលក់ក្នុងក្រុងសៀមរាប ពេលខ្លះក៏ទៅលក់ដល់តំបន់អង្គរផងដែរ។ 
 
ថាសនំដែលអ្នកស្រី ចន្ធូ ទូលរាល់ថ្ងៃនេះមានទម្ងន់ប្រមាណ១២គីឡូក្រាម ហើយបើកបរក្នុងល្បឿនចន្លោះពី៤០-៤៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំពោះនំដែលស្រ្តីរូបនេះលក់មានដូចជា នំផ្លែអាយ អាកោ នំចេក នំចាក់ ទ្រាបបាយ ម្សៅជ្រែ សារាយ នំលម្អងចេក និងនំជាច្រើនប្រភេទទៀត ហើយតម្លៃចន្លោះពី២ពាន់រៀលទៅ៣ពាន់រៀល។



អ្នកស្រី យឹង ចន្ធូ មានទេពកោសល្យទូលថាសបណ្ដើរបើកម៉ូតូបណ្ដើរនេះ ប្រមាណ២-៣ឆ្នាំហើយ។ ស្រ្តីរូបនេះសារភាពថា ជំនាញនេះបានផ្ដល់ភាពទាក់ទាញយ៉ាងខ្លាំងដល់អាជីវកម្មរបស់អ្នកស្រី ព្រោះវាប្លែក ហើយមិនមានមនុស្សច្រើនឡើយអាចធ្វើបាន។ «ខ្ញុំមានក្មេងៗស្គាល់ច្រើន អ្នកនៅតាមផ្ទះស្គាល់ច្រើន។ ឱ្យតែឃើញយើងជិះម៉ូតូទៅដល់ គាត់ស្រែកហើយ ស្រែកផ្អើលគ្នាហ្មង តៗគ្នាថា យាយថាសហោះមកហើយ មានអ្នកណាទិញអីអត់?»។ នេះជាការលើកឡើងរបស់អ្នកស្រី យឹង ចន្ធូ៕


 


© រក្សាសិទ្ធិដោយ thmeythmey.com