ជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យពលរដ្ឋចងទង់ជាតិតាមផ្ទះ និងកន្លែងផ្សេងៗឱ្យត្រឹមត្រូវ នាព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម
29, Apr 2023 , 7:59 pm        
រូបភាព
ដោយ៖ ទូច សូរិយា
ភ្នំពេញ៖ នៅឆ្នាំ២០២៣ កម្ពុជា ជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ។ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំឲ្យប្រជាពលរដ្ឋចង ទង់ជាតិ និងតុបតែងលម្អនៅមុខគេហដ្ឋានឱ្យបានត្រឹមត្រូវ ។

ជាមួយគ្នានេះដែរ គ្រប់លំនៅឋាន ផ្សារទំនើប អគារពាណិជ្ជកម្ម រោងចក្រ សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌល កម្សាន្ត សំណង់បុរី មូលដ្ឋានអាជីវកម្មទេសចរណ៍ និងមូលដ្ឋានអាជីវកម្មគ្រប់ប្រភេទផ្សេងៗ ត្រូវចងទង់ជាតិ ដាក់ដងឱ្យបានត្រឹមត្រូវ និង រៀបចំតុបតែង លម្អ ភ្លើងពណ៌។
 
លើសពីនេះទង់ជាតិត្រូវមានលក្ខណៈត្រឹមត្រូវស្របតាមអត្តសញ្ញាណជាតិ និងត្រូវចង់ឱ្យមានរបៀបរៀបរយល្អ។ ត្រូវពិនិត្យមើលក្រណាត់ទង់ជាតិ ចៀសវាងប្រើប្រាស់កំណាត់ដាច់រហែក ស្លក់ពណ៌ ដែលធ្វើឱ្យបាត់បង់សោភ័ណភាព។
 
ចំពោះមូលដ្ឋានអាជីវកម្មទេសចរណ៍ ត្រូវដាក់ពាក្យស្លោកផ្សព្វផ្សាយ និងប្រើប្រាស់ខ្លឹមសារជាមួយនិមិត្តសញ្ញាផ្សព្វផ្សាយ «ឆ្នាំទស្សនាកម្ពុជា ២០២៣» (Visit Cambodia Year 2023)។ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ជាមួយរូបតំណាង «បូរី និងរំដួល» និងពាក្យស្លោក«កម្ពុជាព្រះរាជាណាចក្រ អច្ឆរិយ ផ្តល់ភាពកក់ក្ដៅ» និង «គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព» (Every Day Is A Wonder)។
 
សូមជម្រាបថា ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅថ្ងៃទី ០៥ ដល់ ១៧ ខែ ឧសភា ឆ្នាំ ២០២៣ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី ០៣ ដល់ ០៩ ខែ មិថុនា៕ 
 

Tag:
 SEA Games
  ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com