កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
រាជធានី-ខេត្តចំនួន៩ នឹងរៀបចំការផ្សាយបន្តផ្ទាល់ការប្រកួតកីឡាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២
29, Apr 2023 , 6:09 pm        
រូបភាព
រដ្ឋបាលរាជធានី-ខេត្តចំនួន៩ នឹងរៀបចំការផ្សាយបន្តផ្ទាល់ការប្រកួតកីឡា ក្នុងព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងនោះមានដូចជា រាជធានីភ្នំពេញ,កណ្ដាល,កែប,ព្រះសីហនុ,បាត់ដំបង,ពោធិ៍សាត់,សៀមរាប,បន្ទាយមានជ័យ និងស្វាយរៀង។

ចំពោះរាជធានីភ្នំពេញ នឹងមានការផ្សាយបន្តផ្ទាល់ការប្រកួតកីឡា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា នៅទីតាំងចំនួន៧។ ក្នុងនោះមាននៅសួនច្បារមុខវត្តបទុមវតី,សួនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រូ,ក្នុងបុរីប៉េងហួតបឹងស្នោរ,សួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ,សួនច្បារទល់មុខវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍព្រៃឈើ-សត្វព្រៃ,សួនច្បារព្រះនាងប្រាជ្ញាបារមី និងទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋរាជធានីភ្នំពេញ។
 
ចំពោះខេត្តកណ្ដាល នឹងរៀបចំការផ្សាយបន្តផ្ទាល់ការប្រកួតកីឡាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម រយៈពេល១៨ថ្ងៃដូចគ្នា ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ទី១៦ ខែឧសភា នៅតាមបណ្ដាលទីតាំងចំនួន១៥ទូទាំងខេត្ត។ ក្នុងនោះមាននៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ,សួនច្បារមាត់ស្ទឹង,សួនច្បារព្រែកតាមាក់,ក្នុងវត្តរកា,ទីប្រជុំជនផ្សារជ្រៃធំ,កីឡដ្ឋានកោះធំ,រង្វង់មូលគុជខ្យង,បរិវេណវិទ្យាល័យ ហ៊ុនសែន ស្អាង,បរិវេណសាលាស្រុកលើកដែក,បរិវេណសាលាបុណ្យសម្ដេចឪ,ក្នុងវត្តពេជ្រម្កុជ,សួនច្បារខាងមុខសាលាស្រុកអង្គស្នួល,តារាងបាល់ទាត់វិទ្យាល័យ ហ៊ុនសែន កំពង់កន្ទួត,ផ្សារផ្លាហ្សារ និងទីលានបាល់ទាត់មុខវិទ្យាល័យ ហ៊ុនសែន ទឹកឃ្លាំង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាល។
 
ចំណែកឯខេត្តកែប នឹងរៀបចំការផ្សាយបន្តផ្ទាល់ការប្រកួតកីឡាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម រយៈពេល១៨ថ្ងៃផងដែរ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ទី១៦ ខែឧសភា នៅទីតាំងចំនួន៣ មាននៅសួនច្បារមុខសាលាខេត្តកែប,នៅមុខឆ្នេរលេងទឹកខេត្តកែប និងនៅរង្វង់មូលផ្សារចំការលើ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកែប។
 
រីឯខេត្តព្រះសីហនុ នឹងរៀបចំការផ្សាយផ្ទាល់ការប្រកួតកីឡានានា នៅទីតាំងចំនួន២ មាននៅវេទិកា៧មករា និងនៅក្នុងសាលប្រជុំនៃទីស្នាក់ការគណបក្សប្រជាជនខេត្តព្រះសីហនុ។ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ខេត្តព្រះសីហនុត្រូវបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា៣ប្រភេទផងដែរ មានដូចជាកីឡាបាល់ទះលើឆ្នេរខ្សាច់​ នៅឆ្នេរពយជំទាវម៉ៅ,កីឡាប្រណាំងទូកក្ដោង និងកីឡាប្រណាំងម៉ូតូទឹក ដែលរៀបចំនៅលើផ្ទៃសមុទ្រមុខឆ្នេរសុខា ជាប់ទីលានតេជោ (ពយតាមុង)។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ។
 
ក្រៅពីនេះខេត្តបាត់ដំបង នឹងរៀបចំការផ្សាយផ្ទាល់ការប្រកួតកីឡាស៊ីហ្គេមចំនួន៣ទីតាំងនៅក្រុងបាត់ដំបង មាននៅមុខអគារសារមន្ទីរប្រវត្តិសាស្រ្តសាលាខេត្ត,បរិវេណសួនសម្ដេចក្រឡាហោម និងក្នុងបរិវេណទីតាំងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង។ ទន្ទឹមនឹងនេះ ក៏មានរៀបចំផ្សាយផ្ទាល់ការប្រកួតកីឡានេះ នៅទីតាំងសាលាស្រុកទាំង១៣ទូទាំងខេត្តបាត់ដំបងផងដែរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង។
 
ចំពោះខេត្តពោធិ៍សាត់ នឹងរៀបចំការផ្សាយផ្ទាល់ការប្រកួតកីឡាស៊ីហ្គេមនេះ ចំនួន៣ទីតាំងផងដែរ។ ក្នុងនោះមាននៅលើបុរីវប្បធម៌កោះសំពៅមាស,នៅខាងមុខសាលាខេត្តពោធិ៍សាត់ (ទូរទស្សន៍ LED ជិតស្ពានថ្មថ្មី) និងសួន១៤មករា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់។
 
ខេត្តសៀមរាប នឹងរៀបចំការផ្សាយផ្ទាល់ការប្រកួតកីឡាស៊ីហ្គេម នៅតំបន់ផាប់ស្ទ្រីត,សួនច្បារខាងជើងព្រះរាជដំណាក់ និងទីតាំងចំនួន១១ផ្សេងទៀតផងដែរ។ នេះបើតាមរដ្ឋបាលខេត្តសៀមរាប។ ចំពោះខេត្តបន្ទាយមានជ័យ​ នឹងផ្សាយផ្ទាល់នៅបរិវេណសាលាខេត្តបន្ទាយមានជ័យ និងនៅទីតាំងជាច្រើនទៀតក្នុងស្រុកចំនួន៩ទូទាំងខេត្ត។
 
ខេត្តស្វាយរៀង នឹងរៀបចំការផ្សាយផ្ទាល់ការប្រកួតកីឡាស៊ីហ្គេម នៅទីតាំងចំនួន៣ នៅខាងមុខរោងភាពយន្ត ក្រុងស្វាយរៀង,LED ជិតរង្វង់មូលនាគព័ន្ធផ្លូវជាតិលេខ១ និងចាក់ស្លាយនៅទីតាំងសួនច្បារមាត់ទន្លេវ៉ៃគោ៕
 

Tag:
 ស៊ីហ្គេមលើកទី៣២
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com