អន្តរជាតិ
ប្រមុខការទូតចិន សន្យាគាំទ្រមីយ៉ាន់ម៉ានៅលើឆាកអន្តរជាតិ
03, May 2023 , 11:59 am        
រូបភាព
ជំនួបរវាងរដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង ជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង នៅក្រុងណៃពិដោ។ រូបភាព  Military True News Information Team
ជំនួបរវាងរដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង ជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង នៅក្រុងណៃពិដោ។ រូបភាព Military True News Information Team
រដ្ឋមន្រ្តីការបរទេសចិន​ លោក ឈីន​ កាង នៅថ្ងៃទី២ ខែឧសភា បានប្រាប់មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំងថា ចិនឈរនៅជាមួយមីយ៉ាន់ម៉ានៅលើឆាកអន្តរជាតិ រួមទាំងគោរពអធិបតេយ្យ និងដើរតួនាទីក្នុងការជួយស្តារសន្តិភាព និងការផ្សះផ្សានៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ មីយ៉ាន់ម៉ា ជួបបញ្ហាអស្ថិរភាពយ៉ាងខ្លាំង ចាប់តាំងពីរដ្ឋប្រហារយោធានៅក្នុងខែកុម្ភៈ ឆ្នាំ២០២១។

 
ប្រមុខការទូតចិន លោក ឈីន កាង នៅថ្ងៃទី២ ខែឧសភា បានចាប់ផ្តើមទស្សនកិច្ចនៅមីយ៉ាន់ម៉ាមុននឹងឆ្ពោះទៅឥណ្ឌា។ ជាជំនួបលើកដំបូងជាមួយលោក មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារយោធាក្នុងឆ្នាំ២០២១ រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង បានប្តេជ្ញាគាំទ្រមីយ៉ាន់ម៉ា និងបន្តការអភិវឌ្ឍរបស់ប្រទេសមួយនេះ។ 
 
«ចិនឈរនៅជាមួយមីយ៉ាន់ម៉ាលើឆាកអន្តរជាតិ»។ លោក ឈីន បានសង្កត់ធ្ងន់បែបនេះ ក្នុងក្រុងណៃពិដោ នៅថ្ងៃទី២ ខែឧសភា ដោយបន្តថា រដ្ឋាភិបាលក្រុងប៉េកាំងចង់ឃើញ សហគមន៍អន្តរជាតិគោរពអធិបតេយ្យមីយ៉ាន់ម៉ា និងដើរតួនាទីប្រកបដោយការស្ថាបនាក្នុងការជួយរៀបចំសន្តិភាព និងការផ្សះផ្សា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។ 
 
ទន្ទឹមនេះ ប្រមុខការទូតចិន នឹងគាំទ្រការអភិវឌ្ឍមីយ៉ាន់ម៉ា, ពន្លឿនគម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗនៅច្រកសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ា រួមទាំងអនុវត្តលើគម្រោងកសិកម្ម អប់រំ និងសុខាភិបាល។ 
 
ចំណែកសេចក្តីថ្លែងការណ៍របស់យោធាមីយ៉ាន់ម៉ា បានបញ្ជាក់ថា ភាគីមីយ៉ាន់ម៉ា និងចិន បានពិភាក្សាពីទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការប្រកបដោយមិត្តភាព ស្ថានភាពមីយ៉ាន់ម៉ាក្នុងពេលបច្ចុប្បន្ន ពាណិជ្ជកម្មឆ្លងព្រំដែន ការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងអគ្គិសនី។ 
 
បន្ទាប់ពីជំនួបជាមួយមេដឹកនាំយោធា រដ្ឋមន្រ្តីការបរទេសចិន បានអះអាងថា ទស្សនកិច្ចរបស់លោក មិនត្រឹមតែបង្ហាញពីមិត្តភាពរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាជាការគាំទ្ររបស់ចិនចំពោះមីយ៉ាន់ម៉ាលើឆាកអន្តរជាតិ។ 
 
ក្នុងដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា លោក ឈីន ក៏បានធ្វើទស្សនកិច្ចនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរផង។ ក្នុងពេលនោះ លោក ឈីន បានអំពាវនាវរកកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរ។ 
 
សូមបញ្ជាក់ថា ចាប់តាំងពីរដ្ឋប្រហារយោធាមក ចិននៅតែជាដៃគូដ៏សំខាន់មួយសម្រាប់មីយ៉ាន់ម៉ា ខណៈប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មលើមេដឹកនាំយោធា និងក្រុមហ៊ុនពាក់ព័ន្ធជាបន្តបន្ទាប់។​ មិនតែប៉ុណ្ណោះ ចិន ជាប្រទេសផ្គត់ផ្គង់អាវុធដ៏សំខាន់មួយសម្រាប់មីយ៉ាន់ម៉ាផងដែរ៕ 
 

Tag:
 ចិន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com